ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ខិល​ខូច​ប្រើ​ប្រាស់​ឈ្មោះ​អ្នក​នាង​យុគ​ ចិន្តា​ តាម​ហ្វេស​ប៊ុក​ ឃោសនា​លក់​ផលិត​ផល​រក្សា​សម្រស់​នាំ​ចូល​ពី​បរទេស​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ពិធី​ការិនី​ យុគ ចិន្តា​ រង​គ្រោះ​ដោយ​ត្រូវ​ជន​ខិល​ខូច​ប្រើ​ឈ្មោះ​នាង​លើ​ទំព័រ​ហ្វេស​ប៊ុក​ ឃោសនា​លក់​ផលិត​ផល​រក្សា​សម្រស់​ ដែល​នាំ​ចូល​ពី​បរទេស​ ។​ អ្នក​នាង​យុគ​ ចិន្តា​ បាន​អំពាវ​នាវ​ដល់​មហា​ជន​ទូទៅ​កុំ​ឱ្យ​ចាញ់​បោក​ជន​ខិល​ខូច​នោះ​ ព្រម​ទាំង​ព្រមាន​ទៅ​ជន​ខិល​ខូច​ឱ្យ​ឈប់​ប្រើ​ប្រាស់​ឈ្មោះ​របស់​នាង​ ។​

រាជធានីភ្នំពេញ​ ៖ ពិធី​ការិនី​ យុគ ចិន្តា​ រង​គ្រោះ​ដោយ​ត្រូវ​ជន​ខិល​ខូច​ប្រើ​ឈ្មោះ​នាង​លើ​ទំព័រ​ហ្វេស​ប៊ុក​ ឃោសនា​លក់​ផលិត​ផល​រក្សា​សម្រស់​ ដែល​នាំ​ចូល​ពី​បរទេស​ ។​ អ្នក​នាង​យុគ​ ចិន្តា​ បាន​អំពាវ​នាវ​ដល់​មហា​ជន​ទូទៅ​កុំ​ឱ្យ​ចាញ់​បោក​ជន​ខិល​ខូច​នោះ​ ព្រម​ទាំង​ព្រមាន​ទៅ​ជន​ខិល​ខូច​ឱ្យ​ឈប់​ប្រើ​ប្រាស់​ឈ្មោះ​របស់​នាង​ ។​

កាល​ពី​ពេល​ ថ្មីៗ​នេះ​ អ្នក​នាង​យុគ​ ចិន្តា​ បាន​ចេញ​មុខ​តាម​កញ្ចក់​ទូរ​ទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​ អះ​អាង​ថា​ នាង​អត់​បាន​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ធ្វើ​ជំនួញ​អ្វី​ឡើយ​ តែ​មាន​ជន​ខិល​ខូច​បន្លំ​ប្រើ​ឈ្មោះ​នាង​ ។​ បញ្ជាក់​ប្រាប់​មហា​ជន​ទូទៅ​ជា​លក្ខណៈ​បើក​ចំហ អ្នក​នាង​យុគ​ ចិន្តា​ និយាយ​ថា​ អ្នក​លួច​យក​ឈ្មោះ​នាង​ទៅ​ប្រើ​ប្រាស់​លើ​ហ្វេស​ប៊ុក​ បាន​ផ្ទុះ​ឡើង​ទៀត​ហើយ​ បន្ទាប់​ពី​ទើប​តែ​ស្ងប់​ស្ងាត់​មួយ​រយៈ​ ។​ លើ​ហ្វេស​ប៊ុក​ គេ​ប្រើ​ឈ្មោះ​នាង​ឃោសនា​លក់​ផលិត​ផល​រក្សា​សម្រស់​ពី​ប្រទេស​នេះ​ ពី​ប្រទេស​នោះ​ ។​ លើស​ពី​នេះនៅ​មាន​មុខ​ជំនួញ​មួយ​ចំនួន​ទៀត​ដែល​គេ​ប្រកាស​លក់​តាម​ហ្វេស​ប៊ុក​ដោយ​ប្រើ​ឈ្មោះ​នាង​ ។​ នាង​គ្មាន​មុខ​របរ​ ឬ​គ្មាន​ថែម​ការ​លក់​ផលិត​ផល​អ្វី​ក្រៅ​ពី​មុខ​របរ​ដែល​មហា​ជន​ធ្លាប់​ដឹង​ទេ​ ។​

អ្នក​នាង​យុគ​ ចិន្តា​ ព្រមាន​ថា​ អ្នក​ដែល​សប្បាយ​យក​ឈ្មោះ​នាង​ទៅ​ប្រើ​ គួរ​តែ​ប្រញាប់​បោះ​​បង់​គំនិត​អាក្រក់​នោះ​ចោល​ កុំ​ដើរ​ទៅ​បោក​គេ​ទៀត​ ព្រោះ​រូប​នៅ​លើ​ហ្វេស​ប៊ុក​ ជា​រូប​របស់​នាង​ ដែល​ជា​បុគ្គល​រង​គ្រោះ​ ។​ ប្រសិន​បើ​នៅ​តែ​ល្មើស​ដោយ​មិន​ញញើត​នោះ​ នាង​នឹង​ប្រើ​ប្រាស់​មធ្យោ​បាយ​តប​ទៅ​វិញ​ ដោយ​ត្រៀម​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ។​ នាង​នឹង​វែក​មុខ​ដើម្បី​កុំ​ឱ្យ​ទំនេរ​ពេក​ យក​ឈ្មោះ​គេ​ប្រើ​ប្រាស់​ក្នុង​ផ្លូវ​អាក្រក់​ ទាំង​គេ​មិន​បាន​ប្រព្រឹត្ត​ ។​ នាង​មាន​គម្រោង​ឱ្យ​ប៉ូលិស​ស្រាវ​ជ្រាវ​ ប្រសិន​បើ​ជន​ខិល​ខូច​នៅ​តែ​មិន​ដក​ថយ​ ហើយ​នៅ​តែ​បោក​គេ​តទៅ​ទៀត​នោះ​ ។​

អ្នក​នាង​យុគ​ ចិន្តា​ សំណូម​ពរ​ដល់​អ្នក​និយម​លេង​ហ្វេស​ប៊ុក​ គួរ​លេង​ក្នុង​លក្ខណៈ​ត្រឹម​ត្រូវ​ ជួយ​ជា​គំនិត​ ផ្តល់​ជា​រូប​ភាព​ ល្អៗ​សម្រាប់​គិត​ពិចា​រណា​ មិន​ត្រូវ​ប្រើ​ឱ្យ​កើត​រឿង​រ៉ាវ​ឡើយ​ ។​ ខណៈ​នោះ​ដែរ​ លោក​អុិត​ សេដ្ឋា​ បាន​លើក​ឡើង​ថា​ នៅ​តែ​មាន​គេ​យក​ឈ្មោះ​លោក​បោក​មហា​ជន​ថា​ ត្រូវ​ប្រាក់​រង្វាន់​ពី​កម្ម​វិធី​នេះ​ ពី​កម្ម​វិធី​នោះ​ ។​ លោក​រំពឹង​ថា​ សមត្ថ​កិច្ច​នឹង​ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​ រឿង​ជន​ខិល​ខូច​យក​ឈ្មោះ​គេ​ទៅ​បោក​ប្រាស់​អ្នក​ដទៃ​ ។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​ករណី​បោក​ប្រាស់​តាម​ទូរ​ស័ព្ទ​ និង​ហ្វេស​ប៊ុក​ ។​ ជាក់​ស្តែង​នៅ​ទូរ​ទស្សន៍​មួយ​ចំនួន​បាន​បញ្ជាក់​ប្រាប់​អ្នក​ទស្សនា​ ឱ្យ​ចេះ​ការ​ពារ​ខ្លួន​ ព្រោះ​មាន​គេ​ចាញ់​បោក​ច្រើន​មក​ហើយ​ ដោយ​ជន​ខិល​ខូច​យក​ឈ្មោះ​ទូរ​ទស្សន៍​ទៅ​បោក​ប្រាស់​តាម​រូប​ភាព​ ផ្សេងៗ​ ៕​