ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​មិន​ឱ្យ​លក់​ដូរ​និង​ពិសា​គ្រឿង​ស្រវឹង​ជា​ទូទៅ មួយ​ថ្ងៃមុន​បោះ​ឆ្នោត​និង​ថ្ងៃ​បោះ​ឆ្នោត​27-28 ​កក្កដា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សេចក្តី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ ចុះថ្ងៃទី​១២ កក្កដា​ បានប្រកាស​នូវ​បម្រាម​ឱ្យ​ផ្អាក​ការ​លក់​ដូរ​ និង​ហូប​គ្រឿង​ស្រវឹង​រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៧​ និង​២៨ កក្កដា​ ដែល​ជា​កាល​បរិច្ឆេទ​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ថ្ងៃបោះឆ្នោត ។

រាជធានី​ភ្នំពេញ​ ៖ សេចក្តី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ ចុះថ្ងៃទី​១២ កក្កដា​ បានប្រកាស​នូវ​បម្រាម​ឱ្យ​ផ្អាក​ការ​លក់​ដូរ​ និង​ហូប​គ្រឿង​ស្រវឹង​រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៧​ និង​២៨ កក្កដា​ ដែល​ជា​កាល​បរិច្ឆេទ​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ថ្ងៃបោះឆ្នោត ។​ តាម​សេចក្តី​ណែនាំ​បាន​សរ​សេរ​ថា​ រាជ​រដ្ឋាភិបាល​បានសង្កេត​ឃើញ​ថា​ ការ​ពិសា​គ្រឿង​ស្រវឹងគ្រប់​ប្រភេទ​ ភាគ​ច្រើន​អាច​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ គ្រោះ​ថ្នាក់​សង្គម​ ការ​ប្រព្រឹត្ត​បទ​ល្មើស​នានា ឬ​ករណី​ខ្លះអាច​បណ្តាល​ឱ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​សាធារណៈ​ថែម​ទៀត​ផង ។​

អនុ​លោម​តាម​ច្បាប់​ បទ​បញ្ជា​ និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំងតំណាង​រាស្ត្រ​ និង​ដើម្បី​ឱ្យ​ដំណើរការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាលទី​៥ នៃរដ្ឋ​សភា​ ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​ខ្លួន​ឯង​បាន​កំណត់​រៀបចំធ្វើ​នៅ​ថ្ងៃទី​២៨ កក្កដា​ ២០១៣​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាម​កំហែង​ គ្មាន​ការ​បំភិត​បំភ័យ​ និងបាតុ​ភាព​នានា​ដែល​អាច​កើត​មាន​ឡើង​ដោយសារ​តែ​ការ​ពិសា​គ្រឿង​​ស្រវឹង​នោះ​ រាជ​រដ្ឋាភិបាល​សូម​ធ្វើ​ការ​ណែ​នាំ​ដូច​ខាង​ក្រោម ៈ​

១-ប្រជាពលរដ្ឋខ្មែរ​ និងជនបរទេស​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រូវ​រួម​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ គ្រប់​លំដាប់​ថ្នាក់​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ ពាណិជ្ជ​ករ​ និង​អាជីវករ​ត្រូវ​ផ្អាក​ការ​លក់​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​ ចាប់​ពីថ្ងៃទី​២៧​ ដល់​ថ្ងៃ​ទី​២៨​ កក្កដា​ ដើម្បី​រួម​ចំណែក​ទប់​ស្កាត់​អំពើ​ហិង្សា​ ការ​គំរាម​កំហែង​ ការ​បំភិតបំភ័យ​ គ្រោះ​ថ្នាក់​ចរាចរណ៍​ គ្រោះថ្នាក់​សង្គម​ និង​បាតុ​ភាព​នានា​ដែល​អាច​បណ្តាល​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។​

២-ក្រសួង​ ស្ថាប័ន​ កង​រាជអាវុធ​ហត្ថ​ កង​នគរបាល​ជាតិ​ រួម​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​ធ្វើ​ការ​បំពាក់​បំប៉ន​ដល់​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ និង​ផ្សព្វ​ផ្សាយ​ អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ជន​បរទេស​ទាំង​អស់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ អនុវត្ត​ផ្អាក​ការ​លក់​ដូរ​ និង​ពិសាគ្រឿង​ស្រវឹង​ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​កិច្ច​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៥ នៃ​រដ្ឋ​សភា ថ្ងៃទី​២៨ កក្កដា ២០១៣​ ខាងមុខ​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ​ល្អ​ សេរី ត្រឹម​ត្រូវ​ យុត្តិ​ធម៌​ និង​គ្មាន​អំពើ​ហិង្សា ។

​៣-រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​ត្រូវ​សហការ​ជា​មួយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​សេចក្តី​ណែនាំ​នេះ​តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ និង​ឯក​ជន​ ជូន​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ជនបរទេស​ ពាណិជ្ជករ​ អាជីវករ មន្ត្រី​រាជ​ការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ឱ្យ​បាន​យល់​ជ្រួត​ជ្រាប​ និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ។​ ទទួល​បាន​សេចក្តី​ណែនាំ​នេះ​ គ្រប់​ក្រសួង ស្ថាប័ន​ សាលា​រាជ​ធានី​ ខេត្ត ត្រូវ​ផ្សព្វ​ផ្សាយ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ៕​