រាជធានីភ្នំពេញ ៖ អស់រយៈពេលជាង១០ឆ្នាំមកហើយដែលអតីតតារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា នាង ទូច ស៊ុននិច បានសម្រាកព្យាបាលជំងឺនៅសហរដ្ឋអាមេរិកក្រោយពីទទួលរងការបាញ់ប្រហារយ៉ាងសាហាវ ដោយបានសម្លាប់ម្តាយរបស់នាងកាលពីអំឡុងឆ្នាំ២០០៣។ បើទោះបីជារយៈកាលកន្លងទៅជាង១០ឆ្នាំមកហើយក្តី អាការជំងឺរបស់នាងនៅមិនអាចវិលមកកាន់សភាពដើមដដែល ពោលគឺនាងបានត្រឹមអង្គុយលើរទេះរុញ និងមិនអាចកំរើកដៃ ជើងបាន ដោយសម្រាកក្នុងបន្ទប់ក្រោមការមើលថែពីក្រុមគ្រួសារ ដោយរង់ចាំក្តីរំពឹងថា នៅថ្ងៃណាមួយក្រុមគ្រូពេទ្យអាមេរិកនឹងអាចស្វែងរកថ្នាំព្យាបាលនាងឱ្យបានជាសះស្បើយ។
ទោះជាយ៉ាងណាក៏ដោយ បើទោះជារឿងរ៉ាវបាញ់ប្រហារគ្មានត្រាប្រណីមកលើរូបនាងបានកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយ ហើយពេលនេះនាងកំពុងរស់នៅសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែសុវត្ថិភាពសម្រាប់អតីតតារាចម្រៀងរូបនេះនៅតែមានការប្រុងប្រយ័ត្នខ្ពស់ដដែល ។ បើតាមការឱ្យដឹងពីតារាចម្រៀងលោកសុះ ម៉ាច ដែលបានចុះទៅសួរសុខទុក្ខនាង ទូច ស៊ុននិច ដោយផ្ទាល់ ខណៈពេលដែលលោកចេញទៅសម្តែងនៅអាមេរិកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ទូច ស៊ុននិច កំពុងរស់នៅក្នុងស្រុក Sacramento រដ្ឋ California សហរដ្ឋអាមេរិក។
លោកបន្តថា តាមការពិនិត្យស្ថានភាពអការជំងឺរបស់ទូច ស៊ុននិច នាពេលនេះនាងនៅតែមានអការធម្មតាពុំមានអ្វីប្លែកឡើយ ដោយពេលនេះនាងនៅតែអង្គុយនៅលើកៅអីរុញដដែល ចំណែកដៃជើងមិនអាចកំរើកបាននៅឡើយ។ នាង ទូច ស៊ុននិច នៅតែបង្ហាញពីក្តីសង្ឃឹមបន្តជីវិតរស់ដោយក្តីរំពឹងលើក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកដែលអាចស្រាវជ្រាវស្វែងរកថ្នាំមកព្យាបាលជំងឺរបស់នាង៕
ចែករំលែកព័តមាននេះ