ក្រុមហ៊ុនកូរ៉េ ចំនួន២០មកជួបពិភាក្សារកដៃគូនៅកម្ពុជា
ដោយ ៖ អប្សរា
ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៧:០៥

អ៊ុយសុង
វេទិកាផ្លាស់ប្តូរគំនិតយោបល់ និងការចាប់ដៃគូពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ២០១០
រាជធានីភ្នំពេញ ៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនថាមពល Korea East-West Power Co.,Ltd នៃសាធារណរដ្ឋកូរ៉េ និង JS Global Enterprise SMI Cambodia វេទិកាផ្លាស់ប្តូរគំនិតយោបល់ និងការចាប់ដៃគូពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ២០១០ ត្រូវបានគេរៀបចំធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី៣០ សីហា ដែលពិធីនោះមានក្រុមហ៊ុនមកពីប្រទេសកូរ៉េចំនួន២០ និងក្រុមហ៊ុនក្នុងស្រុកចំនួន២០បានចូលរួម ។ វេទិកា ផ្លាស់ប្តូរគំនិតយោបល់នេះរៀបចំធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរគំនិតយោបល់លើផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងដើម្បីផ្តល់ឱកាសឱ្យពាណិជ្ជករ អ្នកវិនិយោគទុនកម្ពុជា-កូរ៉េបានជួបពិភាក្សាគ្នាស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីឈានទៅចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នាតាមដែល អាចធ្វើបាន ។
លោក KimYoon Kyong ជំនួយការនាយកគ្រប់គ្រងក្រុមហ៊ុន Korea East-West Power Co.,Ltd នៃសាធារណរដ្ឋកូរ៉េបានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងរៀបចំគោលនយោបាយជាច្រើន ដើម្បីពង្រឹងសហគ្រាសធុនតូច និង មធ្យមដែលកំពុងធ្វើសហប្រតិបត្តិការរួមគ្នា អភិវឌ្ឍន៍រួមគ្នា ការគាំទ្រការនាំចេញទៅក្រៅប្រទេស ការពង្រឹងធនធានមនុស្ស ។ កិច្ចជំនួបពិភាក្សាគ្នានេះក៏ជាផ្នែកមួយនៃគោលនយោបាយនេះដែរ ហើយតាមរយៈវេទិកានេះលោកសង្ឃឹមថា ពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េនឹង មានកំលាំងខ្លាំងក្លាជាងមុនមិនខាន ជាពិសេសគឺវិស័យអគ្គិសនី ៕