រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈភ្នំពេញ និងមន្ទីរពេទ្យបាងកក កាលពីថ្ងៃសៅរ៍ ទី២៩ កញ្ញា បានរៀបចំធ្វើសិក្ខាសាលាពិសេសមួយ ស្តីពីជំងឺមហារីកពោះវៀនធំ និងការព្យាបាលដោយកាំរស្មីនៅសណ្ឋាគារភ្នំពេញ ដោយមានការឡើងធ្វើបទបង្ហាញពីលោកវេជ្ជបណ្ឌិត Art Hiranyakas និងលោកវេជ្ជបណ្ឌិត Chanavat Tesavibul ។
នៅក្នុងចំណោមសិក្ខាកាមជាង២០០នាក់ លោកវេជ្ជបណ្ឌិត Art Hiranyakas បានមានប្រសាសន៍ឱ្យដឹងថា ជំងឺមហារីកពោះវៀនធំ និងផ្លូវបន្ទោបង់ច្រើនតែកើតមានឡើងចំពោះមនុស្សចាស់ដែលមានវ័យ៥០ឆ្នាំឡើង ហើយជំងឺនេះបើសិនជាមិនបានធ្វើការព្យាបាល និងតាមដានពិនិត្យឱ្យបានទាន់ពេលវេលាទេ នោះវានឹងអាចបង្កឡើងនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត ។
លោកបានឱ្យដឹងបន្តទៀតថា បច្ចុប្បន្ននៅបណ្តាប្រទេសអាមេរិក អឺរ៉ុប អាហ្រ្វិក និងជប៉ុន ជំងឺនេះកំពុងតែមានការរីករាលដាលយ៉ាងខ្លាំង ហើយសម្រាប់នៅប្រទេសថៃ និងកម្ពុជា ក៏ដូចគ្នាដែរ គឺមានអ្នកកើតជំងឺបែបនេះច្រើន ។ រោគសញ្ញាដែលយើងត្រូវធ្វើការតាមដាននោះ គឺប្រសិនបើអ្នកជំងឺបន្ទោបង់មកមានឈាមនោះ គឺគេអាចដឹងបានថា អ្នកនោះនឹងចាប់ផ្តើមមានជំងឺមហារីកនេះហើយ ម៉្យាងវិញទៀត វានឹងកើតមានដុំពកនៅត្រង់ពោះវៀនធំ និងផ្លូវបន្ទោបង់មិនខានឡើយ។
អ្នកដែលចាប់ផ្តើមមានជំងឺនេះគួរតែពិសាបន្លែពណ៌ខៀវឱ្យបានច្រើន ឬពិសាហ្វាយប៊ឺ និងការធ្វើលំហាត់ប្រាណឱ្យបានយ៉ាងតិច២០នាទី ក្នុងមួយថ្ងៃ ឬមួយសប្តាហ៍៤ដង ។ ព្រោះថា ការកើតឡើងនូវជំងឺមហារីកពោះវៀនធំ ឬផ្លូវបន្ទោបង់នេះ គឺបណ្តាលមកពីការពិសាអាហារមិនល្អ ម៉្យាងការជក់បារីនិងការពិសាស្រា គួរតែត្រូវចៀសវាងផងដែរ ។ នៅពេលយើងធ្វើការតាមដានឃើញថា អាការជំងឺនៅមិនទាន់ធ្ងន់ធ្ងរទេ នោះការព្យាបាល នឹងឆាប់ជាសះស្បើយបានលឿន ហើយយើងនឹងអាចវះកាត់យកដុំពកនោះចេញ បើសិនជាធ្ងន់ធ្ងរត្រូវធ្វើការចាក់ថ្នាំ ឬប្រើសារជាតិគីមី ។
លោកវេជ្ជបណ្ឌិត Art Hiranyakas អ្នកឯកទេសខាងព្យាបាលជំងឺមហារីកពោះវៀនធំនេះ បានបន្តឱ្យដឹងថា ជំងឺនេះកើតឡើងមិនតិចជាង១០ឆ្នាំនោះឡើយ ។ ការបង្កឡើងនូវហានិភ័យខ្ពស់ អ្នកជំងឺគួរតែកុំពិសាខ្លាញ់ ជក់បារី និងពិសាស្រា ។ នៅសហរដ្ឋអាមេរិកប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺនេះមានការថយចុះច្រើននៅពេលដែលប្រជាពលរដ្ឋរបស់គេអនុវត្តបានត្រឹមត្រូវតាមកម្មវិធីយ៉ាងទៀងទាត់នោះ ដូច្នេះអ្នកជំងឺគួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យដែលមានឯកទេសខាងជំងឺនេះ ទើបជាការប្រសើរ ៕
ចែករំលែកព័តមាននេះ