ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តា​ព្រឹទ្ធា​ចារ្យ​មៀច​ ប៉ុណ្ណ អ្នក​អក្សរ​សិល្ប៍​និង​​វប្ប​ធម៌​ដ៏​ចំណាន​ទទួល​មរណភាព

11 ឆ្នាំ មុន

​រាជ​ធានី​ភ្នំ​ពេញ​​ ៖ អ្នក​និពន្ធ​ជើង​ចាស់​មាន​ឈ្មោះ​ល្បី​តាំង​ពី​អំ​ឡុង​​ទសវត្ស​៦០មក​ គឺ​លោក​តា​ព្រឹទ្ធា​ចារ្យ​ មៀច ប៉ុណ្ណ បាន​ទទួល​មរណភាព​ហើយ​ក្នុង​វ័យ​៨១​ឆ្នាំ​ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​អាទិត្យ​ ១៦ កញ្ញា ។ សព​របស់​លោក​តា​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​បញ្ចុះ​នៅស្រុកគិរី​វង់ ខេត្ត​តាកែវ ជា​ស្រុក​កំណើត​របស់​គាត់​ ។

​រាជ​ធានី​ភ្នំ​ពេញ​​ ៖ អ្នក​និពន្ធ​ជើង​ចាស់​មាន​ឈ្មោះ​ល្បី​តាំង​ពី​អំ​ឡុង​​ទសវត្ស​៦០មក​ គឺ​លោក​តា​ព្រឹទ្ធា​ចារ្យ​ មៀច ប៉ុណ្ណ បាន​ទទួល​មរណភាព​ហើយ​ក្នុង​វ័យ​៨១​ឆ្នាំ​ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​អាទិត្យ​ ១៦ កញ្ញា  ។ សព​របស់​លោក​តា​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​បញ្ចុះ​នៅស្រុកគិរី​វង់ ខេត្ត​តាកែវ ជា​ស្រុក​កំណើត​របស់​គាត់​ ។

បើ​តាម​កញ្ញា​ មៀច ធី​តា​រ័ត្ន​ ជា​កូន​ស្រី​ច្បង​របស់​លោកតា​​ព្រឹទ្ធា​ចារ្យ​មៀច​ ប៉ុណ្ណ​ ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ឱ្យ​ដឹង​ថា កន្លង​មក​គាត់​​កើត​ជំ​ងឺ​លើ​ស​ឈាម​ និង​ជំងឺ​បេះ​ដូង​ តែ​គាត់​ថែរ​ក្សា​សុខភាព​បាន​ល្អ​ណាស់​ ។ ជា​អកុ​សល​មុន​ពេល​លោក​តា​ព្រឹទ្ធា​ចារ្យ​ស្លាប់​បាន​រអិល​ជើង​ដួល​ធ្វើ​ឱ្យ​បាក់​ឆ្អឹង​ភ្លៅ​​ និង​ធ្វើ​ឱ្យ​ស្ពៀត​សរសៃ​ឈាម​ខួរ​ក្បាល​ ។ ទោះ​​ស្ថិត​ក្រោម​ការ​សង្គ្រោះ​និង​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូ​ពេទ្យ​ជំ​នាញ​ក៏​ដោយ​ក​៏​លោក ​ព្រឹទ្ធា​ចារ្យ​មៀច​ ប៉ុណ្ណ នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ គឺ​គាត់​លា​ចាក​លោក​បន្សល់​ទុក​តែ​ភាព​សោក​ស្តាយ​សម្រាប់​ក្រុម​គ្រួ​សារ​​និង​សង្គម​ទាំង​មូល​​។

ពេល​នេះ​សព​របស់​លោក​តាព្រឹទ្ធា​ចារ្យ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅបញ្ចុះ​នៅ​ស្រុក​គិរីវង់​​ ខេត្ត​តា​កែវ ។ កាល​ពី​ថ្ងៃ​សុក្រ​ ទី ២១ កញ្ញា​ ក្រុម​គ្រួសារ​របស់​លោក​តា​ព្រឹទ្ធា​ចារ្យ​បាន​ប្រា​រព្ធ​ពិធី​បុណ្យ​ខួប​គំ​រប់​៧​ថ្ងៃ​នៅ​ផ្ទះ​របស់​គាត់​ផ្ទាល់​ក្នុង​បុរី​ពិភព​ថ្មី​ ផ្លូវ​លេខ​២០១១ ផ្ទះ​លេខ​១៤២ ស្ថិត​ក្នុង​​សង្កាត់​ភ្នំ​ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ហើយ​នឹង​បញ្ចប់​នៅ​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​សៅរ៍​ ទី​២២​ ខែ​កញ្ញា ឆ្នាំ​២០១២ ។
លោក​តា​ព្រឹទ្ធា​ចារ្យ​ មៀច ប៉ុណ្ណ កើត​ថ្ងៃ​ពុធ​ ខែ​អស្សុជ​ ឆ្នាំ​វក ត្រូវ​នឹង​គ្រឹស​្ត​សករាជ​១៩៣២ នៅ​ភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក​គិរី​វង់​ ខេត្ត​តាកែវ  ឪ​ពុក​ឈ្មោះ​មៀច អ៊ូច និង​ម្តាយ​ឈ្មោះ​អ៊ុង នាង​ ជា​ពូជ​ពង្ស​កសិករ ។ កាល​ពី​នៅ​កុមារ​លោក​តា​ព្រឹទ្ធា​ចារ្យ​សិក្សា​នៅ​វត្ត​ព្រះ​ធាតុ​ រួច​បន្ត​ទៅសាលា​បឋម​សិក្សា​គិរីវង់ទន្លាប់​ ខេត្ត​តាកែវ ។

គ្រា​បន្ទាប់​មក​លោក​តា​ព្រឹទ្ធា​ចារ្យ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សារ​មធ្យម​សិក្សា​ភ្នំ​ពេញ​ និង​បាន​បម្រើ​ការ​ងារ​ជា​គ្រូ​បង្រៀន រួច​ជា​សាស្រ្តាចារ្យ​មធ្យម​សិក្សា​ភា​សា​បា​រាំង​-ខ្មែរ ។ក្នុង​មួយ​ជីវិត​លោកតា​ព្រឹទ្ធា​ចារ្យមៀច​ ប៉ុណ្ណ​ ពេញ​ចិត្ត​នឹង​វប្ប​ធម៌​ ប្រពៃ​ណី​​ និង​អក្សរ​សាស្រ្ត​ ។ ស្នា​ដៃ​ និង​ការ​ងារ​របស់​លោក​តា​ព្រឹទ្ធា​ចារ្យ​រួម​មាន​ នា​ឆ្នាំ​១៩៩៧ និ​​ពន្ធ​រឿង កំហុស​អ្នក​ណា និង​សៀវ​ភៅ​ទំនៀម​ទំលាប់​«ក្រមុំ​ចូល​ម្លប់» ។ឆ្នាំ​ ១៩៩៤-១៩៩៩ និពន្ធ​ចង​ក្រង​សៀវ​ភៅ​កម្រង​ឯក​សារ​ ស្តី​ពីប្រពៃ​ណី​ និង​ទំនៀម​ទំលាប់​ខ្មែរ​ ភាគ​១​ចេញ​ផ្សាយ​​ពី​វិទ្យា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត ។

ឆ្នាំ​១៩៩៤ ជា​សមា​ជិក​គណៈ​កម្មការ​និពន្ធ​ទស្សនាវដ្តី កម្ពុជ​សុរិយា ។
ឆ្នាំ​២០០២ និពន្ធ​ចង​ក្រង​ការ​សិក្សា​ប្រៀប​ធៀប​អា​ពាហ៍​ពិ​ពាហ៍​បួន​បែប​របស់​ខ្មែរ ។
ឆ្នាំ​២០០៤ និពន្ធ​ចង​ក្រងរឿង​ខ្លី​ៗ​សម្រាប់​កុមារ​ ភាគ​១ និង​សរសេរ​ភាគ​២ បញ្ចប់​ ។
ឆ្នាំ​២០០៧ សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភា​សា​ខ្មែរ​ តាម​អនុក្រឹត​លេខ​១៨​ អនក្រ​/បក​ ចុះ​ថ្ងៃ​ទី​៥ មីនា​ ២០០៧ ។
ឆ្នាំ​២០០៧​ ចេញ​ផ្សាយ​ជា​ថ្មី​កម្រង​ឯក​សារ​ ស្តី​ពី​ប្រពៃណី​ និង​ទំនៀម​ទំលាប់​ខ្មែរ ភាគ​១​ បោះ​ពុម្ភ​លើក​ទី​៣ ពី​គ្រឹះ​ស្ថាន​បោះ​ពុម្ភ​ផ្សាយ​ អង្គរ ។
ឆ្នាំ​២០០៨ និ​ពន្ធ​សៀវ​ភៅ​កម្រង​ឯក​សារ​ ស្តី​ពី​ប្រពៃ​ណី​ និង​ទំនៀម​ទំលាប់​ខ្មែរ ភាគ​២ និង​ភាគ​៣ ចេញ​ផ្សាយ​ពីគ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​ អង្គរ ។

ឆ្នាំ​២០០១ និពន្ធ​សៀវ​ភៅ​កម្រង​ឯក​សារ​ ស្តី​ពី​ប្រពៃ​ណី​ និង​ទំនៀម​ទំលាប់​ខ្មែរ ភាគ​៤ចេញ​ផ្សាយ​ពី​គ្រឹះ​ស្ថាន​បោះ​ពុម្ភ​ផ្សាយអង្គរ​ ។
ចំពោះ​គ្រឿង​ឥស្សរិយយស​ គឺ​លោក​តា​ព្រឹទ្ធា​ចារ្យ​ មៀច ប៉ុណ្ណ ទទួល​មេ​ដាយ​មាស​ការងារ​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០០១ ។ 
ពេល​នេះ​លោកតា​ព្រឹទ្ធា​ចារ្យ​ មៀច ប៉ុណ្ណ លា​ចាក​លោក​ទៅ​ហើយ​ តែ​ស្នាដៃ​របស់​គាត់​នៅ​តែ​មាន​ជីវិត​បំ​រើ​សង្គម​ផ្នែក​អក្សរ​សាស្ត្រ​ និង​ប្រពៃ​ណី​ ទំនៀម​ទំលាប់​ ធ្វើ​ឱ្យ​គេ​ចង​ចាំ​ និង​នឹក​ដល់​គុណ​ប​ំ​ណាច់​ចំពោះ​សង្គម​របស់​គាត់​ជា​និច្ច ៕