រាជធានីភ្នំពេញ ៖ រថយន្តហាយប្រ៊ីតពណ៌ស្ករមួយគ្រឿង បើកដោយយុវជនម្នាក់ក្នុងល្បឿនលឿនបានប្រដេញគ្នាជាមួយរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ មួយគ្រឿងទៀតក៏ជ្រុលទៅបុករថយន្តកូរ៉េ ពណ៌ស បណ្តាលឱ្យខ្ទេចមួយកំណាត់មុខ ឯរថយន្តហាយប្រ៊ីតរងការខូចខាត និងក្រពឹតមួយចំហៀងខាងស្តាំ តែសំណាងល្អមិនបណ្តាលឱ្យនរណាម្នាក់រងរបួសទេ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី៣១ កក្កដា ២០១២ ចំណុចមុខវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អ្នកបើករថយន្តកូរ៉េ ឈ្មោះកែវ សំអៀត អាយុ៣១ឆ្នាំ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកយុវជនបើករថយន្តហាយប្រ៊ីត ឈ្មោះរ័ត្ន មុន្នី អាយុ១៩ឆ្នាំ ជានិស្សិត ស្នាក់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ