ខេត្តប៉ៃលិន ៖ កុមារីម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងដើរនៅចិញ្ចើមថ្នល់ខាងស្តាំដៃ ស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងរវល់និយាយទូរស័ព្ទ ទើបរេចង្កូតទៅបុកក្មេងស្រីពីក្រោយ បណ្តាលឱ្យដួល រួចម៉ូតូកិនបាក់ជើងខាងស្តាំ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៦ កក្កដា នៅចំណុចជិតធនាគារមួយក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
កុមារីរងគ្រោះឈ្មោះ វ៉ាន់ លក្ខណា អាយុ៩ឆ្នាំ ម្តាយឈ្មោះ សេង សុគន្ធា អាយុ៤៤ឆ្នាំ ជាកម្មករ ឪពុកឈ្មោះ សៅ វុទ្ធី អាយុ៤៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនបង្កហេតុឈ្មោះ បឹុង សំអុល ហៅម៉ាប់ អាយុ២១ឆ្នាំ ជាកម្មករ មានស្រុកកំណើតនៅភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត សព្វថ្ងៃរស់នៅភូមិពេជ្រគិរី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្រីរងគ្រោះដើរទៅទិញបបរ ពេលទិញរួចក៏ដើរត្រឡប់មកផ្ទះវិញ ខណៈកំពុងដើរនៅលើចិញ្ចើមផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ស៊េរី២០០៨ បើកបរដោយបុរសម្នាក់ឌុបគ្នា២នាក់ដោយអ្នកបើកម៉ូតូរវល់និយាយទូរស័ព្ទក៏ជ្រុលចង្កូតទៅបុកក្មេងស្រីពីក្រោយ បណ្តាលឱ្យដួល រួចម៉ូតូកិនពីលើបាក់ជើងតែម្តង។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនបង្កហេតុបានបើកម៉ូតូពីភូមិពេជ្រគិរី ឆ្ពោះទៅក្រុងប៉ៃលិន ដើម្បីទិញសម្ភារ និងថ្នាំបាញ់សម្លាប់ស្មៅ ដោយឌុបអ៊ុំរបស់គេឈ្មោះ ទាប ទិត្យ ភេទប្រុស អាយុ៤៨ឆ្នាំ និងម្តាយឈ្មោះ ទូច តូច អាយុ៤៦ឆ្នាំ ។ ពេលត្រឡប់មកវិញ ដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកក្មេងស្រីបណ្តាលឱ្យបាក់ជើងខាងស្តាំតែម្តង ។
ភ្លាមៗកុមារីរងគ្រោះត្រូវឪពុកម្តាយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំដោះស្រាយជាក្រោយ រីឯអ្នកបើកម៉ូតូត្រូវប៉ូលិសឃាត់ខ្លួនផងដែរ ៕
ចែករំលែកព័តមាននេះ