ខេត្តកំពង់ស្ពឺ ៖ កម្មកររោងចក្រស្បែកជើងនិងស្រោមជើងចំនួន២នាក់ក្នុងចំណោម៤នាក់ពេលជិះម៉ូតូ២គ្រឿងត្រឡប់មកផ្ទះវិញនៅវេលាម៉ោង៨យប់ថ្ងៃទី២២ កក្កដា ត្រូវបានពួកចោរមានគ្នាច្រើនជាង១០នាក់ស្ទាក់វាយប្លន់យកម៉ូតូ តែពុំសម្រេចបណ្តាលឱ្យកម្មករពីរនាក់សន្លប់ធំនៅចំណុចស្រែកសិកម្ម ក្នុងភូមិទួលតាកេត ឃុំត្រពាំងគង ស្រុកសំរោងទង ហើយត្រូវបានអ្នកភូមិនិងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ។
ទាក់ទិនករណីស្ទាក់វាយប្លន់យកម៉ូតូនេះត្រូវមន្ត្រីប៉ូលិសមូលដ្ឋានរៀបរាប់ថា នៅវេលាម៉ោង៨យប់ថ្ងៃទី២២ កក្កដា ចំថ្ងៃអាទិត្យដោយកម្មករខ្លះសម្រាកខ្លះនៅធ្វើការបន្ថែមម៉ោង ទើបកម្មករពីរនាក់ ម្នាក់ឈ្មោះផូ ចាន់រ៉ាត់ អាយុ២២ឆ្នាំ និងម្នាក់ទៀតជាប្អូនបង្កើតធ្វើកម្មករជាមួយគ្នាឈ្មោះផូ ចាន់រី អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិចម្ការបុស្ស ឃុំរលាំងគ្រើល ស្រុកសំរោងទង ចេញពីធ្វើការពេលយប់ជិះម៉ូតូម៉ាកគុប៩០ ពណ៌បៃតងចាស់ ចេញពីរោងចក្រជាមួយកម្មករពីរនាក់ទៀតនៅភូមិជាមួយគ្នាជិះម៉ូតូធុនសេ១២៥ពណ៌ខ្មៅ ស៊េរី២០១០ពីក្រោយ ។
ពេលមកដល់ចំណុចស្រែពិសោធន៍ស្រូវកសិកម្មក្នុងភូមិទួលតាកេត ឃុំត្រពាំងគង ក៏ស្រាប់តែមានចោរប្រមាណជាង១០នាក់ចេញមកស្ទាក់ផ្លូវឃាត់ម៉ូតូឱ្យឈប់ ។ ដោយដឹងថាមិនស្រួលកម្មកររងគ្រោះ២នាក់នោះបានជិះគេចទៅលើចិញ្ចើមផ្លូវត្រូវក្រុមចោរចាប់ដៃម៉ូតូឱ្យដួលរួចពួកគេព្រួតគ្នាវាយ ខ្លះប្រើដៃ ខ្លះដំបងនិងខ្លះទៀតប្រើខ្សែក្រវាត់ក្នុងបំណងប្លន់យកម៉ូតូ។ ពេលនោះកម្មករ២នាក់ទៀត ដែលជិះម៉ូតូធុនសេ១២៥ ពីក្រោយឃើញហេតុការណ៍នេះ ក៏ជិះបកក្រោយយ៉ាងតក់ក្រហល់ និងស្រែកឱ្យគេមួយ ធ្វើឱ្យអ្នកភូមិផ្អើលឈូឆររត់មកជួយ ខ្លះកាន់ពិលបញ្ចាំងទៅរកក្រុមចោរ ។ ប៉ូលិសមូលដ្ឋានបានឱ្យដឹងទៀតថា ពេលមានការភ្ញាក់ផ្អើលធ្វើឱ្យក្រុមចោរភ័យនាំគ្នារត់គេចខ្លួនបន្សល់ទុកម៉ូតូម៉ាកហុងដាធុនសេ១០០កូរ៉េកញ្ចាស់មួយគ្រឿងនៅកន្លែងកើតហេតុ ។ ចំណែកកម្មករពីរនាក់ដែលជាបងប្អូនបានសន្លប់បាត់ស្មារតីត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទាំងយប់ ។
ឪពុកជនរងគ្រោះឈ្មោះវ៉ែន គីមេអង អាយុ៤៨ឆ្នាំបានប្រាប់ឱ្យដឹងថា ថ្ងៃអាទិត្យគេសម្រាកគ្រប់ៗគ្នា តែកូនគាត់ទាំងពីរនាក់និងមិត្តភក្តិពីរនាក់ទៀតក្នុងភូមិជាមួយពុំបានសម្រាកទេ គឺធ្វើការបន្ថែមម៉ោងដល់ម៉ោង៨យប់ទើបវិលមកផ្ទះវិញ មិនទាន់ដល់ផ្ទះផងក៏ត្រូវក្រុមចោរស្ទាក់វាយប្លន់យកម៉ូតូ តែពុំបានសម្រេចដោយសារមិត្តភក្តិជិះម៉ូតូធុនសេ១២៥ពីក្រោយបានគេចត្រឡប់ក្រោយស្រែករកជំនួយ ទើបក្រុមចោរភ័យនាំគ្នាគេចខ្លួនបាត់អស់ដោយពុំបានយកម៉ូតូកូនគាត់ទេ ព្រមទាំងបន្សល់ទុកម៉ូតូម៉ាកហុងដាធុនសេ១០០កូរ៉េមួយគ្រឿងនៅកន្លែងកើតហេតុទៀតផង ។
ម៉ូតូចោរ និងម៉ូតូកូនគាត់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលត្រពាំងគងរង់ចាំពួកគាត់ដាក់ពាក្យបណ្តឹង ។ ករណីនេះសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមចោរទាំងនេះ ហើយ ៕
ចែករំលែកព័តមាននេះ