រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកស្មាសវី តាមមហាវិថីម៉ៅសេទុង ពីត្បូងទៅជើង ក្នុងល្បឿនលឿន ហើយបានវ៉ារថយន្តមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ក៏ជ្រុលទៅបុកជាមួយកង់ជិះដោយបុរសម្នាក់ស្របទិសគ្នា បណ្តាលឱ្យអ្នកជិះកង់រងរបួសបាក់ជើងស្តាំ កាលពីវេលាម៉ោង១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ កក្កដា ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា បុរសម្នាក់ដែលជិះម៉ូតូស្មាសវី ពណ៌ស តាមបណ្តោយមហាវិថីម៉ៅសេទុង ពីត្បូងទៅជើង យ៉ាងលឿនវ៉ារថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា ក៏ជ្រុលទៅបុកកង់ពីក្រោយ ជិះដោយបុរសម្នាក់ពេញទំហឹង បណ្តាលឱ្យដួលប្រាវទៅលើទ្រូងផ្លូវ សំណាងល្អរថយន្តបានជាន់ហ្វ្រាំងទាន់ កុំអីកិនពីលើម៉ូតូតែម្តង ។
គ្រោះថ្នាក់ខាងលើនេះ អ្នកជិះកង់របួសបាក់ជើងស្តាំត្រូវបញ្ជូនទៅមន្ទីរពេទ្យតាមរយៈរថយន្តសាមុយដើម្បីសង្គ្រោះ ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល ហើយបានទុកម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល ។ក្រោយពេលកើតហេតុ ប៉ូលិសចរាចរខណ្ឌចំការមនបានចុះអន្តរាគមន៍យកម៉ូតូ និងកង់ទៅរក្សាទុក រង់ចាំដោះស្រាយជាក្រោយ ៕
ចែករំលែកព័តមាននេះ