រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវ១ក្រុមបានដេញកាប់ចាក់យុវជនម្នាក់តាមបណ្តោយមហាវិថីព្រះមុនីវង្ស ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់ និងដកហូតបានម៉ូតូពីរគ្រឿងកាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី៨ កក្កដា នៅចំណុចមុខវិទ្យាល័យបឹងត្របែក ក្នុងភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ប៉ុន្តែបានដោះលែងវិញភ្លាមដែរ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវបានឱ្យដឹងថា ជនសង្ស័យពីរនាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់ឈ្មោះ សុខ ច័ន្ទធារី ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យបឹងត្របែក ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះ ហ៊ីង សុធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅជាមួយគ្នា ។ ចំណែកម៉ូូតូពីរគ្រឿងដែលសមត្ថកិច្ចដកហូតនោះមួយគ្រឿងម៉ាកអាយខន ពណ៌លឿង និងមួយគ្រឿងម៉ាកឌ្រីម សេ១២៥ ស៊េរី២០០៩ ។ ចំណែកជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ ឈ្មោះ សុខ វិសិដ្ឋ ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ជានិស្សិតរៀននៅសាកលវិទ្យាល័យបៀលប្រាយ ។
ឈ្មោះ សុខ វិសិដ្ឋ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូចេញពីផ្ទះនៅផ្សារកណ្តាលក្នុងបំណងទៅយកសង្សារនៅសង្កាត់បឹងត្របែក ដើម្បីឌុបគ្នាដើរកម្សាន្ត ប៉ុន្តែខណៈដែលរូបគេជិះម៉ូតូមកដល់ចំណុចមុខវិទ្យាល័យបឹងត្របែក ស្រាប់តែមានក្រុមក្មេងទំនើងជិះម៉ូូតូ៥គ្រឿងមានគ្នាជាង១០នាក់ ប្រដាប់ដោយដាវសាមូរ៉ៃដេញកាប់រូបគេដោយមិនដឹងពីមូលហេតុអ្វីសោះ។ ប្រភពដដែលបានបន្តដោយក្រុមជនដៃដល់មានគ្នាច្រើនពេក រូបគេបានផ្តួលម៉ូតូចោលរួចរត់គេចខ្លួន ហើយភ្លាមៗនោះប៉ូលិសប៉ុស្តិ៍ដែលកំពុងដើរល្បាតនោះបានដេញ និងព័ទ្ធចាប់ជនសង្ស័យពាក់ព័ន្ធក្នុងហេតុការណ៍នេះ បានចំនួនពីរនាក់ ស្រីម្នាក់ និងប្រុសម្នាក់យកទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីសាកសួរ ។
ពេលនាំខ្លួនជនសង្ស័យពីរនាក់នេះទៅដល់ស្នាក់ការប៉ុស្តិ៍ផ្សារដើមថ្កូវ ជនពីរនាក់នេះបាននិយាយប្រកែកដាច់អហង្ការថា ពួកខ្លួនមិនបានដេញវាយជនរងគ្រោះនេះទេ គឺខ្លួនគ្រាន់តែឈរមើលគេវាយគ្នាតែប៉ុណ្ណោះ ។ ដោយយោងទៅតាមការអះអាង និងការចង្អុលបង្ហាញពីជនរងគ្រោះខាងលើ ឃើញថា ជនសង្ស័យទាំងពីរនាក់នេះមិនពាក់ព័ន្ធនឹងហេតុការណ៍ទេ ហើយសមត្ថកិច្ចក៏សម្រេចដោះលែងជនសង្ស័យ ហើយបានប្រគល់ម៉ូតូឱ្យជនសង្ស័យ និងជនរងគ្រោះវិញផងដែរ ។ ប៉ុន្តែជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនក្រុមជនល្មើសយកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ