រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងប្រចាំផលិតកម្ម Rock នាងសន សូលីនកា បានបាត់មុខក្នុងវិស័យសិល្បៈមួយរយៈធំ ខណៈពេលដែលតារារូបនេះបានបញ្ចប់កុងត្រាជាមួយផលិតកម្ម Rock និងក្រោយរៀបការរួច ។
ក្រោយពីបាត់មុខមួួយរយៈនេះធ្វើឱ្យប្រិយមិត្តដែលធ្លាប់ តែគាំទ្រទឹកដមសំនៀងរបស់នាងបាននាំគ្នានិយាយថា សូលីនកា អាចនឹងបញ្ចប់អាជីពចម្រៀងរបស់នាងនៅពេលដែលតារារូបនេះស្ងប់ស្ងាត់មិនមានបទចម្រៀងចេញថ្មីៗ ។ មហាជនខ្លះនិយាយថា សន សូលីនកា ប្រហែលជាបញ្ចប់ជីវិតសិល្បៈ ហើយងាកទៅធ្វើជាមេផ្ទះវិញ បន្ទាប់ពីរូបនាងបានរៀបការជិត២ឆ្នាំមកនេះ។
ទាក់ទិនបញ្ហាខាងលើកោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺពីនាងសន សូលីនកា បានទេ ព្រោះលេខទូរស័ព្ទរបស់នាងមិនអាចទទួលការហៅចូល។
ទោះជាយ៉ាងណា បើយោងតាមប្រភពព័ត៌មានពីអ្នកដែលស្និតស្នាលជាមួយសន សូលីនកា បានឱ្យដឹងថា សូលីនកាមិនបានឈប់ពីសិល្បៈឡើយ គឺគ្រាន់តែផ្អាកមួយរយៈប៉ុណ្ណោះ ហើយកន្លងមកក៏ធ្លាប់ឮថា នាងមានបំណងចង់ប្តូរផលិតកម្មផងដែរ ។
កន្លងមកសន សូលីនកា គឺជាតារាចម្រៀងលេចធ្លោម្នាក់ប្រចាំផលិតកម្ម Rock ក្នុងនោះបទចម្រៀងដែលធ្វើឱ្យនាងល្បីល្បាញនោះតាមរយៈបទ «យំមិនឆ្អែត» និងបទ «អូនផឹកដើម្បីបង»។ ក្រោយមកទៀតនៅឆ្នាំ២០១១ សន សូលីនកា រួមជាមួយអ្នកចម្រៀងរួមក្រុមដែលមានដូចជា ម៉ុកអានីត ផន នីដា និងអ៊ុត ចរិយា បានចេញអាល់ប៊ុមចម្រៀងដែលមានឈ្មោះថា Rock Elite ដែលវ៉ុលនេះទទួលបានការគាំទ្រគួរសមពីសំណាក់មហាជនតាមរយៈបទ Facebook Lover ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ