រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលមួយរូបទើបចូលបម្រើការងារនៅអង្គភាពអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌចំការមននិងកងរាជអាវុធហត្ថខណ្ឌអះអាងថា ចេញពីផឹកស៊ីស្រវឹងជោកខ្លួនបើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវនៅមុខច្រកចូលសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រថ្ងៃទី១០ មិថុនា ឆ្នាំ២០១២ ។
ការបើកបុកទ្រូងផ្លូវនោះ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ ។ សមត្ថកិច្ចមូលដ្ឋានដែលទៅវាស់វែងបានរិះគន់អ្នកបើករថយន្តម៉ាកកូរ៉ូឡា បុកទ្រូងផ្លូវនោះថាជាមន្ត្រីប៉ូលិស តែអត់យល់ដឹងពីច្បាប់ទម្លាប់ឡើយ ព្រោះបានដកកាំភ្លើងខ្លីអាម៉េគំរាមសមត្ថកិច្ចដូចគ្នានិងអ្នកកាសែត ។ សមត្ថកិច្ចនិងអ្នកកាសែតដែលទទួលរងការប្រមាថពីប៉ូលិសរូបនោះសំណូមពរតាមរយៈកោះសន្តិភាព សុំឱ្យលោកអគ្គស្នងការនគរបាលជាតិ លោកស្នងការរាជធានីភ្នំពេញ និងលោកអធិការនគរបាលខណ្ឌមានជ័យអប់រំមន្ត្រីប៉ូលិស ដែលបើករថយន្តបុកបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ពិសេសដកកាំភ្លើងសំញែងឫកច្រងេងច្រងាង ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈដើម្បីព្រមានកុំឱ្យថ្ងៃក្រោយព្រហើនអត់ដឹងច្បាប់ទម្លាប់ទៀត ។
ប្រភពព័ត៌មានទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នេះឱ្យដឹងថា រថយន្តនោះមិនដឹងបើកចេញពីទីណាឡើយតាមមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុក៏បុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់៣កង់ ឯរថយន្តរួញក្បាលខូចខាតធ្ងន់ ។ ក្នុងរថយន្តនោះជិះគ្នា២នាក់ តែអត់រងរបួសដូចគ្នា ។ ក្រោយពេលកើតហេតុម្ចាស់រថយន្តបានទូរស័ព្ទហៅគ្នីគ្នាឱ្យយករថយន្តទៅទទួលពួកគេទៅបាត់ដោយទុករថយន្តឱ្យប៉ូលិសជំនាញស្ទូចយកទៅដាក់នៅសាលារាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ