រាជធានីភ្នំពេញ ៖ កញ្ញាព្រឹម លីហ្សា តារាសម្តែងមួយដួងដែលមានរូបសម្ផស្សស្រស់សោភា និងជាតារាវ័យក្មេងពោរពេញទៅដោយទេពកោសល្យខ្ពស់នៅក្នុងពិភពសិល្បៈធ្វើឱ្យបុរសជាច្រើនលង់ស្នេហ៍ និងចង់បានរូបនាងយកមកថ្នាក់ថ្នម ប៉ុន្តែលីហ្សានៅតែមិនទាន់ជ្រើសរើសអ្នកណាម្នាក់មកដាក់ក្នុងចិត្តនៅឡើយទេ ។ ទោះបីជាបុរសទាំងនោះព្យាយាមយកចិត្តនាងរហូតដល់ទិញរថយន្ត ស៊េរីទំនើប វីឡា ដ៏ស្រស់ស្អាតឱ្យក៏ដោយក៏លីហ្សា នៅតែព្រងើយកន្តើយដដែល ។
ទាក់ទិនទៅនឹងបញ្ហានេះ លីហ្សា ប្រាប់កោះសន្តិភាពឱ្យដឹងថា ជាការពិតណាស់នាងតែងតែមានបុរសជាច្រើនតាមសុំស្នេហ៍ និងទិញរថយន្តស៊េរីទំនើប រួមទាំងវីឡាកូនកាត់ឱ្យទៀតផង ប៉ុន្តែនាងមិនទាន់ជ្រើសរើសអ្នកណាម្នាក់មកដាក់ក្នុងបេះដូងនៅឡើយទេ ព្រោះតែរូបនាងមានវ័យក្មេងពេក នាងសុំពេលមើលចិត្តពួកគេទាំងនោះសិន ព្រោះខ្លាចល្អតែពីដំបូង ហើយម៉្យាងទៀតនោះនាងមិនត្រឹមតែចង់ឱ្យគេស្រឡាញ់រូបនាងទេ គឺបើស្រលាញ់រូបនាងក៏ត្រូវស្រលាញ់គ្រួសារនាងផងដែរ ។ នាងមិនចង់បានគូគាប់ក្រពេក ឬក៏មានពេកនោះទេ ឱ្យតែស្រឡាញ់រូបនាង និងផ្តល់កិត្តិយសដល់រូបនាង និងគ្រួសារប៉ុណ្ណោះ ។
ដោយសារតែលីហ្សា បានបង្ហោះរូបថតនៅក្នុង facebook ដែលបង្ហាញសាច់ខ្ចី និងបង្ហាញដើមទ្រូងដ៏សិចស៊ីរបស់នាងធ្វើឱ្យបុរសជាច្រើននៅក្នុង facebook រំជើបរំជួល និងបានសុំស្នេហ៍ពីរូបនាង ។ ឱ្យតែនាងព្រមធ្វើជាសង្សារគេ បុរសខ្លះព្រមទិញវីឡា រថយន្តសេ៊រីទំនើប ព្រមទាំងរ៉ាប់រងរាល់ការចំណាយទាំងអស់សម្រាប់នាងទៀតផង ។ មានអ្នកខ្លះទៀតបានប្រើពាក្យមិនសមរម្យ ហើយថែមទាំងដេញថ្លៃរូបនាងនៅក្នុងFacebook ទៀតផង ប៉ុន្តែត្រូវលីហ្សា តបវិញយ៉ាងចាស់ដៃថា «ខ្ញុំថតស្លៀកពាក់បែបនេះមិនមែនខ្ញុំដាក់លក់ខ្លួន ឬក៏ចង់បានប្តីអ្វីនោះទេ ខ្ញុំថតបែបនេះគឺជាការថតស្ប៉តពាណិជ្ជកម្មឈុតក្នុងប៉ុណ្ណោះ សូមផ្តល់តម្លៃឱ្យស្ត្រីផង ខ្ញុំជឿជាក់ថាអ្នកមិនមែនមនុស្សល្ងង់ ឬក៏គ្មានការយល់ដឹងនោះទេ ដូច្នេះសូមមេត្តាផ្តល់តម្លៃឱ្យស្ត្រីដែលនៅលើពិភពលោកយើងនេះផង ជាពិសេសនោះគឺអ្នកសិល្បៈ ព្រោះគេក៏មានកិត្តិយស កេរ្តិ៍ឈ្មោះ បេះដូង និងមានទឹកចិត្ត ដូចជាគេឯងដែរ
មិនគួរណាអ្នកឯងហ៊ានប្រើពាក្យសម្តីមើលងាយគេបែបនេះសោះ» ។
លើសពីនេះទៅទៀតនោះលីហ្សា ផ្តាំផ្ញើតាមរយៈកោះសន្តិភាពទៅដល់បុរសទាំងឡាយ មិនថាអ្នកលេង Face book ឬមិនលេងនោះទេ សូមមេត្តាឱ្យតម្លៃដល់នារីៗផង ជាពិសេស គឺអ្នកសិល្បៈសូមកុំវាយតម្លៃឱ្យគេថោកទាបខ្លាំងពេក ព្រោះមិនមែនអ្នកសិល្បៈសុទ្ធតែជាស្រីមិនល្អ ជាស្រីសាវ៉ានោះទេ គឺសូមបែងចែកទៅតាមមនុស្សផង មិនត្រូវឱ្យត្រីស្អុយមួយ ស្អុយមួយកន្ត្រកនោះទេ សូមផ្តល់កិត្តិយសឱ្យផង ។ ជាពិសេសនោះត្រូវគិតថា Facebook គេលេងដើម្បីចង់រាប់អានមិត្តភក្តិ ដើម្បីសប្បាយ មិនមែនឃើញគេថតរូបសិចស៊ីថា គេថតដើម្បីធ្វើពាណិជ្ជកម្ម ឬក៏លក់ខ្លួននោះទេ។ដោយមិនសំដៅឆ្លើយតប នាងលីហ្សា តែសម្រាប់ជាទូទៅមហាជននិយាយថា មនុស្សមានជាតិសាសន៍ វប្បធម៌ ប្រពៃណី ដូច្នេះសម្រាប់នារីខ្មែរ ការស្លៀកពាក់បែបសិចស៊ីពេកមិនគួរគប្បីទេ គឺប្រាសចាកប្រពៃណី ហើយបើជាអ្នកសិល្បៈក៏មិនមែនល្បីដោយសារភាពសិចស៊ីដែរ គឺដោយសារទេពកោសល្យ ។
លីហ្សា ជាតារាស្រីមានទ្រព្យសម្បត្តិច្រើនហើយនាងប្រើប្រាស់សុទ្ធតែរបស់ទំនើបៗ និងថ្លៃៗទាំងសម្លៀកបំពាក់ ទាំងគ្រឿងលម្អខ្លួន ជាពិសេស រថយន្តគឺនាងតែងតែប្តូរគ្រប់ស៊េរី ឱ្យតែសេ៊រីទំនើបៗ ដូច្នេះហើយទើបនាងបដិសេធចំពោះរបស់មានតម្លៃជាច្រើនពីបុរសអ្នកមាន ។
ព្រឹម លីហ្សា បានបោះជំហានចូលក្នុងពិភពសិល្បៈតាំងពីអាយុ១៣ឆ្នាំមកម៉្លេះ ហើយបច្ចុប្បន្ននេះនាងមានអាយុ១៨ឆ្នាំ ។ នាងមានឪពុកជាជនជាតិសិង្ហបុរី តែលោកបានទទួលមរណភាពទៅហើយ នៅសល់តែម្តាយប៉ុណ្ណោះដែលតែងតែការពារ និងថែរក្សានាង។ លីហ្សា តែងតែចេញចូលសិង្ហបុរី ជាញឹកញាប់ដើម្បីទៅលេងជីដូនរបស់នាង ៕
ចែករំលែកព័តមាននេះ