រាជធានីភ្នំពេញ ៖ យុវជនចំនួន៦នាក់ ត្រូវប៉ូលិសប៉ុស្តិ៍ខណ្ឌឫស្សីកែវ ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣០ មេសា ២០១២ នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បន្ទាប់ពីក្រុមយុវជនរូបនោះបានជិះម៉ូតូបុករថយន្តម៉ាកកាមរី ពណ៌សំបកឪឡឹក មួយគ្រឿងពីក្រោយ ហើយបាននាំគ្នាបើកម៉ូតូស្ទាក់ផ្លូវ និងចុះពីលើម៉ូតូមករករឿងម្ចាស់រថយន្តឱ្យសងការខូចខាត និងថតរូបគំរាមចុះកាសែត ព្រមទាំងគំរាមកំហែងប្រមាថមកលើអ្នកបើកបរជាស្ត្រីភេទ នៅពេលប៉ូលិសទៅអន្តរាគមន៍គំរាមប៉ូលិសទៀត។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលជននោះសុទ្ធតែស្រវឹងតាមពិតមិនមែនជាអ្នកកាសែតទេ ទង្វើបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អាជីពជាអ្នកកាសែត ហើយទីបំផុតត្រូវប៉ូលិសចាប់ខ្លួនថតចុះកាសែតខ្លួនឯងវិញ ។ នៅយប់នោះគេឃើញលោកឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ ព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌបានចុះទៅដល់ប៉ុស្តិ៍ផងដែរ ដើម្បីមើលតើជននោះអាងអ្វីបានបង្កអុកឡុកគំរាមដល់សមត្ថកិច្ចបែបនេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ