រាជធានីភ្នំពេញ ៖ រថយន្តតាក់ស៊ីមួយគ្រឿងបើកបរដោយបុរសម្នាក់ដែលចេះបើកបរស្ទើរភ្លើងជ្រុលទៅបុកម៉ូតូពីរគ្រឿង និងទូរដូរលុយលើចិញ្ចើមផ្លូវ ហើយបោលចូលហាងគុយទាវនៅកែងផ្លូវលេខ៦៧ និងលេខ២៣៦ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពី វេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៥ មេសា ២០១២ បង្កឱ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោងផងដែរ ។
នគរបាលប្រចាំការនៅចំណុចខាងលើបាននិយាយថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាមរីគូទហើមពណ៌ស ជារថយន្តតាក់ស៊ីរត់ពីភ្នំពេញ ទៅកំពង់ឆ្នាំងបានចតរង់ចាំភ្ញៀវ ពេលនោះម្ចាស់រថយន្តពឹងពាក់អ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះសំ សារិទ្ធ អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឱ្យជួយបររថយន្តថយក្រោយ ។ ខណៈកំពុងបញ្ឆេះម៉ាស៊ីន រថយន្តក៏ស្ទុះទៅមុខបុកទូរដូរលុយរួចជ្រុលទៅបុកម៉ូតូ២គ្រឿងដែលចតលើចិញ្ចើមថ្នល់ បន្ទាប់មកបានបោលចូលក្នុងហាងលក់គុយទាវ បណ្តាលឱ្យខូចខាតសម្ភារមួយចំនួន ។
បុរសដែលបើករថយន្តបង្កហេតុត្រូវបានឃាត់ខ្លួនបញ្ជូនទៅនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី២ ដើម្បីដោះស្រាយសំណង។ ហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងរបួសនោះទេ ប៉ុន្តែខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន៕
ចែករំលែកព័តមាននេះ