ខេត្តបន្ទាយមានជ័យ ៖ កូនប្រុសតិរច្ឆានម្នាក់អាងអំណាចស្រាចូលខ្លួនយកអង្កត់អុសវាយសំពងក្បាលម្តាយបង្កើតដែលមានអាយុ៦៣ឆ្នាំ បណ្តាលឱ្យបែកឈាមហូរជោកពេញខ្លួន កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៩ មេសា ២០១២ នៅភូមិរង្វានលិច ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ហើយមួយថ្ងៃក្រោយមក ត្រូវប៉ូលិសចាប់ខ្លួន និងត្រៀមបញ្ជូនទៅតុលាការ ។
លោកវរសេនីយ៍ត្រីយ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរី បានឱ្យដឹងថា កូនអកតញ្ញូដែលយកអង្កត់អុសវាយទៅលើម្តាយ ខ្លួនឯងនេះ ឈ្មោះអែត ឈាន ភេទប្រុស អាយុ២៩ឆ្នាំ ចំណែកម្តាយរងគ្រោះឈ្មោះកុយ តឹម អាយុ៦៣ឆ្នាំ អ្នកទាំងពីរនៅភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុជនល្មើសដ៏គម្រក់នេះបានស្រវឹងស្រា ហើយឃើញម្តាយកំពុងជួយលក់ដូរចៅស្រីក៏ទាញអង្កត់អុសវាយសំពងម្តាយដោយពុំដឹងមូលហេតុ ត្រូវចំក្បាល១កន្លែងបែកហូរឈាមជោកខ្លួន និងវាយត្រូវខ្នងចំនួន៣កន្លែងហើមជាំបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ