រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូបុកឆ្កែដែលកំពុងរត់ប្រលែងគ្នាបណ្ដាលឱ្យឆ្កែងាប់ខ្ទាតទៅចិញ្ចើមផ្លូវ ចំណែកអ្នកជិះដួលនៅកណ្ដាលផ្លូវសន្លប់ស្ដូកស្ដឹង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ មីនា នៅតាមវិថីព្រះនរោត្ដមកែង៣១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូស្គូពី ពណ៌ខ្មៅ ជិះម្នាក់ឯង តាមវិថីព្រះនរោត្ដមពីជើងទៅត្បូង ខណៈមកដល់ផ្លូវកែង៣១០ ស្រាប់តែមានឆ្កែពីរក្បាលពណ៌ស និងពណ៌ក្រហម កំពុងរត់ប្រលែងគ្នា ស្របពេលនោះម៉ូតូជិះទៅដល់ក្នុងល្បឿនលឿនអាងតែយប់ស្ងាត់ផងជ្រុលទៅបុកឆ្កែពណ៌សបណ្ដាលឱ្យខ្ទាតទៅងាប់នៅចិញ្ចើមផ្លូវ ចំណែកអ្នកបើកបរខ្ទាតពីឆ្កែប្រមាណ៧ម៉ែត្រសន្លប់ស្ដូកស្ដឹង រីឯម៉ូតូមិនមានរងការខូចខាតទេ។
ប្រភពដដែលបន្ដទៀតថា ភ្លាមៗអ្នកឃើញហេតុការណ៍រវល់តែទូរស័ព្ទហៅរថយន្ដសង្គ្រោះដឹកជនរងគ្រោះយកទៅព្យាបាល ស្រាប់តែមានម៉ូតូឌុបមួយគ្រឿងឌុបនារី២នាក់ជិះមកដល់ឈប់លើកឆ្កែងាប់នោះដាក់លើម៉ូតូជិះចេញទៅបាត់ធ្វើឱ្យអ្នកនៅកន្លែងកើតហេតុនាំគ្នានិយាយសើចហួសចិត្ដនឹកស្មានមិនដល់ ៕
ចែករំលែកព័តមាននេះ