រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានយុវជន២នាក់បានស្លាប់បាត់បង់អាយុជីវិតយ៉ាងអាណោធអាធ័ម ខណៈយុវជនពីរក្រុមជិះម៉ូតូពីរគ្រឿងប្រដេញគ្នាក្នុងល្បឿនលឿនបានទាក់ដៃចង្កូតគ្នារួចជ្រុលទៅបុកកង់មួយគ្រឿងទៀត។ គ្រោះថ្នាក់អកុសលនេះកើតឡើងនៅមហាវិថីព្រះមុនីរ៉េតកែងផ្លូវ២៣១ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៥ កុម្ភៈ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូពីរគ្រឿងបើកប្រដេញគ្នា ក្នុងនោះម៉ូតូ XR ពណ៌ខ្មៅ ជិះគ្នា៣នាក់ ហើយម៉ូតូឃ្លីក ពណ៌ខ្មៅ ជិះគ្នា៣នាក់ដែរ តាមមហាវិថីព្រះមុនីរ៉េត ពីកើតទៅលិច ក្នុងទិសដៅស្របគ្នា ហើយបើកបរលឿនដូចគ្នាតែម្តង ។ ខណៈនោះម៉ូតូ XR ពណ៌ខ្មៅ បើកបោះពួយលឿន បានទៅទាក់ដៃចង្កូតជាមួយម៉ូតូឃ្លីកក៏ទៅបុកនឹងកង់មួយគ្រឿងទៀតដែលកំពុងជិះឌុបគ្នានៅចិញ្ចើមផ្លូវ បណ្ដាលឱ្យដួលទាំងអស់គ្នា។ ប្រភពព័ត៌មានបន្ដទៀតថា ពេលបុកគ្នាម៉ូតូ និងមនុស្សខ្ទាតទៅកណ្ដាលថ្នល់ ហើយខាងម៉ូតូឃ្លីកបានដួលទៅគងនឹងរបាំងថ្មពុះចែកផ្លូវសន្លប់ស្តូកស្តឹងទាំងអស់គ្នាពេលដឹងខ្លួនវិញក៏លើកគ្នាដាក់លើម៉ូតូបើករត់គេចទៅបាត់នៅសល់តែជនរងគ្រោះខាងម៉ូតូ XR ពីរនាក់សន្លប់ស្ដូកស្ដឹងបែកក្បាលហូរឈាម ក្នុងនោះម្នាក់ស្លាប់បាត់ជីវិតនៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ២នាក់ទៀត ដែលត្រូវរថយន្ដសាមុយឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែម្នាក់បានស្លាប់បាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យ ។
ដោយឡែកនារីជិះកង់ឌុបគ្នា២នាក់នោះម្នាក់សន្លប់ស្ដូកស្ដឹងត្រូវបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន ឯម្នាក់ទៀតរបួសស្រាល។
ម៉ូតូ XR និងកង់ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោក ដើម្បីធ្វើការដោះស្រាយបន្ដទៀត ៕
ចែករំលែកព័តមាននេះ