រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដេកស្លាប់កណ្ដាលថ្នល់យ៉ាងអាណោចអាធ័ម គួរឱ្យតក់ស្លុត ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្ដបុកពីក្រោយពេញទំហឹង ។ គ្រោះថ្នាក់អកុសលនេះកើតឡើងវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១១ កុម្ភៈ នៅមុខក្រុមហ៊ុនទូរស័ព្ទស្មាតតាមមហាវិថីព្រះមុនីវង្សកែងផ្លូវញឹកជូឡុងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះរហូតស្លាប់បាត់បង់ជីវិតឈ្មោះអុល ប៊ូរិន ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការសណ្ឋាគារកាំបូឌីយ៉ាណា ស្នាក់នៅផ្ទះលេខ២០បេ ផ្លូវលេខ១៨៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូស្គូពី ពណ៌សលាយទឹកសមុទ្រ ម្នាក់ឯងតាមមហាវិថីព្រះមុនីវង្ស ពីលិចទៅកើត ខណៈមកដល់កែងផ្លូវញឹក ជូឡុង ស្រាប់តែមានរថយន្ដម៉ាក BMW ពណ៌ខ្មៅ បើកពីក្រោយបោះពួយយ៉ាងលឿនបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យជនរងគ្រោះផ្លោងទៅបោកនឹងកញ្ចក់រថយន្ដ ហើយធ្លាក់ទៅកណ្ដាលថ្នល់ស្លាប់នៅកន្លែងកើតហេតុតែម្ដង ចំណែកម៉ូតូខ្ទេចទាំងស្រុង ។ ក្រោយពេលកើតហេតុរថយន្ដ BMW មិនបានឈប់ទេ ដោយព្យាយាមបើករត់រហូតទៅដល់មុខក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ទើបទុករថយន្ដចោលនៅទីនោះ ហើយគេចខ្លួនបាត់ ។
សពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្ដសន្សំកុសល ចំណែកម៉ូតូ និងរថយន្ដបង្កហេតុត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោកដើម្បីធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ