រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ នៅទីស្នាក់ការក.ក្រ.ក សាខារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលរងនៃគណៈរាជធានីភ្នំពេញ បានទទួលជួបសវនាការ និងទទួលអំណោយជាសៀវភៅដែលមានចំណងជើងថាមាគ៌ាកសាងជីវិតតាមគតិបណ្ឌិតពុទ្ឋសាសនាចំនួន៧០ក្បាលពីលោកតាឧបាសក ប្រាក់ ម៉ន ។
លោកតាបានមានប្រសាសន៍ថា សៀវភៅមាគ៌ាសាងជីវិតតាមគតិបណ្ឌិតពុទ្ឋសាសនា គឺលោកតា បានស្រាវជ្រាវ និងរៀបរៀងចងក្រងឡើងក្នុងគោលបំណងលើកកំពស់ស្មារតីសិក្សា និងប្រតិបត្ដិបានត្រឹមត្រូវតាមឱវាទ និងគោលសីលធម៌សំខាន់ៗរបស់ព្រះសម្មាសពុទ្ឋជាម្ចាស់ ដើម្បីបានជាមនុស្សមានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានសមត្ថភាពការងារខ្លាំងក្លា មានប្រាជ្ញាវាងវៃមានសីលធម៌ល្អ មានភោគសម្បត្ដិសមរម្យ មានកិត្ដិយសឧដុង្គឧត្ដម និងមានសុភមង្គលត្រជាត់ត្រជុំសុខដុមរមនាសំរាប់បុគ្គលផ្ទាល់ គ្រួសារ និងសង្គមជាតិ បង្ការទប់ស្កាត់ និងកាត់បន្ថយឱ្យអស់នូវគ្រោះមហន្ដរាយនានាបណ្ដាលមកពីការប្រព្រឹត្ដបាបកម្មផ្សេងៗ ។ មានប្រសាសន៍សំណេះសំណាលលោកប៉ា សុជាតិវង្ស ដោយបានញំនាំនូវសេចក្ដីផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្ដិព្រឹទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានក.ក្រ.ក ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមវាយតំលៃខ្ពស់ចំពោះទឹកចិត្ដមនុស្សធម៌របស់លោកតាឧបាសក ប្រាក់ ម៉ន ដែលបាននាំយកនូវសៀវភៅមាគ៌ាសាងជីវិតតាមគតិបណ្ឌិតពុទ្ឋសាសនាចំនួន៧០ក្បាលនេះ មកប្រគល់ជូនដល់ ក.ក្រ.ក សាខារាជធានីភ្នំពេញ ដែលសៀវភៅនេះពិតជាមានសារៈសំខាន់ក្នុងការអប់រំ ដាស់ស្មារតីដល់កូនខ្មែរគ្រប់រូបដើម្បីតំរ៉ែតំរ៉ងទិស និងកសាងខ្លួនឱ្យទៅជាពលរដ្ឋល្អរបស់សង្គមជាតិប្រកបដោយចំណេះដឹងខ្ពស់ មានសីលធម៌ល្អ និងស្មារត្អីរឹងមាំដែលជាសសរទ្រូងដ៏ល្អរបស់ប្រទេសជាតិ ។ ចុងបញ្ចប់លោកប្រធានគណៈកម្មាធិការសាខានិងនាំយកសៀវភៅទាំង៧០ក្បាលនេះទៅផ្សព្វផ្សាយបន្ដឱ្យបានទូលំ ទូលាយដល់សមាជិកសមាជិកា អ្នកស្មគ្រ័ចិត្ដ ជាពិសេសយុវជនក.ក្រ.ក ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ពីមាគ៌ាក្នុងការសាងជីវតតាមគតិបណ្ឌិតរបស់ព្រះពុទ្ឋសាសនានៃយើង ៕
ចែករំលែកព័តមាននេះ