ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​ជួយ​ព្យាបាល​ពលរដ្ឋ​ក្រី​ក្រ​ដោយ​ឥ​ត​​គិត​ថ្លៃ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​២៥ មករា លោក​ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ប្រ​មាណ​ជា​ង​២០០​​នាក់​ ចុះ​ជួយ​ពិនិត្យ​​និង​ព្យា​បាល​ជំ​ងឺ​​ច្រមុះ​ បំពង់​ក ត្រចៀក និង​ភ្នែក​ ដល់​ប្រជា​ពលរដ្ឋ​ក្រី​ក្រ ដោយ​ឥត​គិត​ថ្លៃ​ ដែល​ពិធី​នេះ​​បាន​ព្រឹត្ត​​ធ្វើ​ឡើង​នៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ​ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ​។

លោក​វេជ្ជ​បណ្ឌិត​ លូ លីឃាង ប្រធាន​​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​បានថ្លែង​ថា ការ​ចុះ​ជួយ​ពិនិត្យ​និង​ព្យាបាល​ជំ​ងឺ​ភ្នែក​ ត្រចៀក ច្រ​មុះ និង​បំ​ពង់​ក ​ដល់​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ពេល​នេះ​ គឺ​ធ្វើ​ឡើង​ក្រោ​ម​កិច្ច​សហការ​គ្នា​រវាង​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង និង​មន្ទីរ​សុខា​ភិបាល​រាជធានី​ភ្នំ​ពេញ​​ ហើយ​និង​អង្គការ​អ៊ីម​ផេក​ផង​ដែរ ។ មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង ​តែ​ង​តែ​​​សហការ​ជាមួយ​មន្ទី​រ​សុខា​ភិបាល​​ ​ចុះ​ជួយ​ពិនិត្យ​ព្យាបាល​ជំ​ងឺ​ភ្នែក​ត្រចៀក ច្រមុះ ​និង​បំពង់​ក ដល់​ប្រជា​ពលរដ្ឋ​​​ក្រី​ក្រ​ ក្នុង​​រាជធានី​ភ្នំពេញ ។ ដោយ​ឡែក​សម្រាប់​ខណ្ឌ​សែន​សុខ​ សកម្ម​ភាព​ចុះ​ជួយ​ព្យាបាល​បែប​នេះ​​តែ​ងតែ​​ធ្វើ​ឡើង​ជា​រៀង​រាល់​ខែនៅ​តាម​មណ្ឌល​​​សុខ​ភាព​នានា​រយៈពេល​មួយ​ខែ​ម្តង ។

លោក​សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​​​រាជធានី​ភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩ ដើម្បី​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រី​ក្រ នៅ​តាម​សហគមន៍​ក្រី​ក្រ​ក្នុង​រាជធានី​ ដោយ​ក្នុង​មួយ​លើក​ៗ​ការ​ពិនិត្យ​ព្យាបាលជូន​​ប្រជា​ជន​មាន​ចាប់​ពី​២០០នាក់​ទៅ​៣០០​នាក់ ។ ក្រៅ​ពី​នេះ ​នៅ​មាន​ករណី​ស្រាវ​ជ្រាវ​រក​​ជំងឺ​ធ្ងន់​ធ្ងរ​ដូចជា ជំងឺ​របេង​ជា​​ដើម​ ដើម្បី​ជូន​ពួក​គាត់​ឱ្យ​ទៅ​ធ្វើ​​រោគ​វិនិច្ឆ័យ​​ និង​ព្យាបាល​ឱ្យ​​បាន​ទាន់​​ពេល​វេលា​​ ។ ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​៥​ក្រុម​ដែល​​
បង្កើ​ត​ឡើង​ដោយ​ក្រសួង​សុខា​ភិបាល​ និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ព្យា​បាល​ដល់​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ និង​​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ ។

លោករដ្ឋ​មន្ត្រី​ ម៉ម ប៊ុនហេង​ បាន​​ថ្លែង​ថា ដោយ​មាន​​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រោ​ម​​​​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​និង​មាន​ការ​ចូល​រួម​ពី​​អ​ង្គ​កា​រ​អ៊ីមផេក ​ផង​នោះ ​កម្ម​វិធី​ចុះ​ជួយ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ភ្នែក ​ច្រមុះ​ត្រចៀក និង​បំ​ពង់​ក ដល់​ប្រជា​ពលរដ្ឋ​ក្រី​ក្រ ត្រូវ​​​​​​បាន​បង្កើ​តឡើង​ ។ ចំពោះ​អ្ន​ក​ជំងឺ​ដែល​ធ្ងន់​ធ្ងរ​ កម្ម​វិធី​នឹង​​​បញ្ជូន​​ឱ្យ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​ឥត​គិ​ត​ថ្លៃ​ ពី​ព្រោះ​មាន​អង្គ​ការ​អីុម​ផេក​ជា​​អ្នក​ចេញ​ថ្លៃ​សេវា​​ឱ្យ​ហើយ ៕