រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃអាទិត្យទី១៥ មករា ក្រុមហ៊ុនធីភីអិលស៊ី ហូលឌីង បានរៀបចំពិធីជប់លៀងជួបជុំអតិថិជនប្រចាំឆ្នាំ២០១១ និងអបអរសាទរឆ្នាំថ្មីឆ្នាំសាកល២០១២ ដោយមានការផ្តល់រង្វាន់តាមរយៈការចាប់សន្លឹកឆ្នោត និងផ្តល់រង្វន់ដល់អតិថិជនដែលបានគាំទ្រនូវផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន។
ពិធីជប់លៀងត្រូវបានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវដែលជាអតិថិជនជាតិ និងអន្តរជាតិ និងដៃគូពាណិជ្ជកម្ម ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់។ លោកភូ សេតុង អគ្គនាយកក្រុមហ៊ុនបានថ្លែងថា លោកមានភាពរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំពិធីជប់លៀងជូនដល់អតិថិជន និងបុគ្គលិករបស់លោក ហើយបានថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រ និងប្រើប្រាស់នូវផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក និងមានការកោតសរសើរ ចំពោះបុគ្គលិកក្រុមហ៊ុនទាំងអស់ដែលបានខិតខំបំពេញការងារដោយមិនខ្លាចនឿយហត់ យកចិត្តទុកដាក់យ៉ាងហ្មត់ចត់ និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើយ៉ាងណាឱ្យផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនមានឈ្មោះបោះសំឡេងនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គនាយកបានបន្តឱ្យដឹងថា ក្រុមហ៊ុនធីភីអិលស៊ី ហូលឌីង បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ ដោយក្រុមហ៊ុនបានបង្កើតសមិទ្ធផលជាច្រើនរបស់ខ្លួនក្នុងនោះរួមមាន៖
-ក្នុងឆ្នាំ២០០៧ ក្រុមហ៊ុនបានផ្គត់ផ្គង់នូវគម្រោងប្រព័ន្ធរដ្ឋបាលសុវត្ថិភាព (SCSS) ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានក្រុមហ៊ុនជាដៃគូមកពីប្រទេសសិង្ហបុរី ដែលគម្រោងនេះផ្តោតទៅលើការធ្វើជំរឿនមន្ត្រីរាជការទូទាំងប្រទេសក្នុងការយកស្នាមខ្ចៅដៃ និងបំពាក់នូវឧបករណ៍ និងប្រព័ន្ធសម្រង់វត្តមានរបស់មន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័ន។
-ក្នុងឆ្នាំ២០០៨ ក្រុមហ៊ុនបានផ្តោតទៅលើការផ្គត់ផ្គង់អីុនធើរណេត (ISP) ដែលបានធ្វើការផ្គត់ផ្គង់នូវសេវាកម្មអីុនធើរណេតជូនអតិថិជននៅតាមបណ្តាកាស៊ីណូមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
-ក្នុងឆ្នាំ២០០៩ ក្រុមហ៊ុនទទួលបាននូវសិទ្ធិចែកចាយផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជានូវប្រេងរំអិលម៉ាកភើតាមីណា (PERTAMINA) ពីក្រុមហ៊ុនដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី ដែលទទួលបានសិទ្ធិចែកចាយទៅបណ្តាប្រទេសអាស៊ានពីសាជីវកម្ម PERTAMINA នៃប្រទេសឥណ្ឌូណេស៊ី ហើយក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការផ្គង់ផ្គង់ ប្រេងរំអិលម៉ាកភើតាមីណា (PERTAMINA) ដែលនាំចូលមកពីប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី ។ ប្រេងរំអិល PERTAMINA គឺជាប្រេងរំអិលសម្រាប់ប្រើប្រាស់ជាមួយយានយន្ត ម៉ាស៊ីនភ្លើង រោងចក្រអគ្គិសនី រថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ។
-ក្នុងឆ្នាំ២០១០ ក្រុមហ៊ុនទទួលបានសិទ្ធិជាតំណាងចែកចាយនូវផលិតផល Alcatel-Lucent ដែលជាសម្ភារបរិក្ខារទូរគមនាគមន៍ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់សម្ភារ និងដំឡើងឧបករណ៍ទូរគមនាគមន៍ ជូនទៅទូរគមនាគមន៍កម្ពុជា ។
-នាពេលថ្មីៗនេះ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនដែលមានដៃគូជាមួយក្រុមហ៊ុន Cycontech នៅសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយក្រសួងមហាផ្ទៃ ដើម្បីធ្វើការវិនិយោគប្រព័ន្ធទូរស័ព្ទសម្រាប់ជនជាប់ឃុំនៅតាមពន្ធនាគារទូទាំងប្រទេស តាមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ។
ជាទីបញ្ចប់ លោកអគ្គនាយកក៏បានស្នើសុំដល់បណ្តាអតិថិជន និងដៃគូពាណិជ្ជកម្មទាំងអស់មេត្តាបន្តការគាំទ្រដល់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន និងបុគ្គលិកទាំងអស់បន្តបំពេញការងារដោយយកចិត្តទុកដាក់ឱ្យអស់ពីសមត្ថភាព និងការទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុនមានភាពរីកចម្រើន និងជាក្រុមហ៊ុនឈានមុខនាពេលអនាគត ៕


ចែករំលែកព័តមាននេះ