ហាងលក់គ្រឿងអលង្ការប្រាក់ មកពីអ៊ីតាលីសម្ពោធដំណើរការ
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:៣៩
អ៊ុយសុង
ទិដ្ឋភាពក្នុងហាងលក់គ្រឿងអលង្ការប្រាក់គ្រប់ប្រភេទ
រាជធានីភ្នំពេញ ៖ ហាងលក់គ្រឿងអលង្ការដ៏ទំនើបមួយឈ្មោះខេមសិរីអេសខេប្រាក់អ៊ីតាលីមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ខណ្ឌដូនពេញបានរៀបចំពិធីសម្ពោធបើកឱ្យដំណើរការអាជីវកម្មកាលពីយប់ថ្ងៃទី១៦ សីហា ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាអតិថិជនយ៉ាងច្រើនកុះករ ។ អ្នកស្រី ជា លីគន្ធ ម្ចាស់ហាងខេមសិរីអេសខេប្រាក់អ៊ីតាលីបានឱ្យដឹងថា ហាងនេះគឺជាហាងលក់គ្រឿងអលង្ការដ៏ទំនើបមួយដែលមានលក់គ្រឿងប្រាក់ច្នៃម៉ូដមកពីប្រទេសអ៊ីតាលី ពាក់មិនខ្មៅ គុណភាពខ្ពស់ នាំចូលផ្តាច់មុខពីប្រទេសអ៊ីតាលី តែមានម៉ូដខ្លះគឺច្នៃដោយជាងខ្មែរដែលធ្វើការនៅក្នុងហាងមានបទពិសោធន៍ជិត២០ឆ្នាំមកហើយ ។
អ្នកស្រីបញ្ជាក់ថា នៅក្នុងហាងមិនមែនមានលក់តែគ្រឿងប្រាក់ប៉ុណ្ណោះទេ គឺមានលក់ព័កហ្គេច ត្បូងថ្ម ត្បូងច្នៃ និងត្បូងធម្មជាតិគ្រប់ប្រភេទ ទាំងលក់ដុំ ទាំងលក់រាយ ហើយហ៊ានធានាថា តំលៃពិតជាថោកជាងទី ផ្សារទៅទៀត ព្រោះអ្នកស្រីគឺជាអ្នកនាំចូលមកផ្ទាល់ ។
អ្នកស្រី ជា លីគន្ធ បញ្ជាក់ថា ហាងលក់គ្រឿងអលង្ការប្រាក់ខេមសិរីអេសខេប្រាក់អ៊ីតាលី ទទួលអតិថិជនគ្រប់ស្រទាប់វណ្ណៈទាំងអស់គឺអតិថិជនកុំមានគំនិតថា ហាងធំទំនើបបែបនេះទាល់តែអ្នកមានទើបចូលបាន អ្នកមធ្យមមិនអាចចូលបាននោះ តាមពិតអតិថិជនប្រភេទណាក៏អាចចូលបានដែរ ។ ហាងមានលក់ទាំងប្រដាប់តាំងគ្រឿងអលង្ការផងដែរ ដូចជាប្រដាប់តាំងចិញ្ចៀន ខ្សែ.ក ខ្សែដៃ កងជើង កងដៃ បន្តោង និងមានលក់ទូតាំងគ្រឿងអលង្ការមានទូកញ្ចក់ ទូបំពាក់ដោយភ្លើង និងទូវិល ។
អ្នកស្រីជា លីគន្ធ បន្តថា ការបើកសម្ពោធហាងលក់គ្រឿងអលង្ការដែលច្នៃដោយប្រាក់នេះអ្នកស្រីសង្ឃឹមថា នឹងមានអតិថិជនច្រើន ពីព្រោះអ្នកស្រីមិនមែនទើបតែបើកហាងដំបូងទេ គឺអ្នកស្រីមានបទពិសោធន៍រកស៊ីលើវិស័យនេះជាង៥ឆ្នាំមកហើយៗនេះគឺជាសាខាទីពីរ ឯសាខាទី១ គឺនៅខាងកើតផ្សារអូរឫស្សី ហើយហាងនេះមានសេវាកម្មទទួលទិញចូល លក់ចេញ ជួសជុលគ្រឿងអលង្ការដែលខូចដូចជាជ្រុះត្បូង បែកត្បូង និងសេវាលាងសំអាតឥតគិតថ្លៃ ៕