ហ្គ្រេនភ្នំពេញប្រកាសលក់ដីដើម្បីសង់ផ្ទះដោយខ្លួនឯង
ដោយ ៖ អប្សរា
ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៥:៣៥

អ៊ុយសុង
ហ្គ្រេនភ្នំពេញប្រកាសលក់ដីដើម្បីសង់ផ្ទះដោយខ្លួនឯង
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនហ្គ្រេនភ្នំពេញ អ៊ីនធើរណេសិនណលស៊ីធី កាលពីថ្ងៃទី២៣ ឧសភា មានរៀបចំពិធីតាំងពិព័រណ៍ទីលានកូនគោល និងលក់ដីឡូត៍ជាប់ទីលានវាយកូនគោលសំរាប់សង់ផ្ទះដោយខ្លួនឯងតាមតំរូវការ ដែលទីតាំងផ្ទះនោះអាច មើលឃើញការវាយកូនគោលបានដោយងាយ ។ ការលក់ដីសង់ផ្ទះដែលអាចមើលឃើញគេវាយកូនគោលបាននោះគឺធ្វើឡើងដើម្បីផ្ដល់ឱកាសឱ្យអ្នកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានឱកាសរស់នៅក្នុងតំបន់ ដែលមានទេសភាពពណ៌បៃតង ដែលប្លង់ដីទាំងនោះមានចំនួនកំណត់ ។
ហ្គ្រេនភ្នំពេញ អ៊ីនធើរណេសិនណល ស៊ីធី គឺជាទីក្រុងរណបថ្មីមួយដែលអភិវឌ្ឍន៍នៅ លើផ្ទៃដី២៦០ហិកតា ក្រោមកិច្ចសហការរវាងក្រុមហ៊ុនពីរដែលមានឈ្មោះថា វ៉ាយអិលភី គ្រុប ប្រទេសកម្ពុជា និងក្រុមហ៊ុនស៊ីពូ ត្រាគ្រុប ប្រទេសឥណ្ឌូណេស៊ី ដែលមានការ បោះទុនវិនិយោគអភិវឌ្ឍន៍ទីក្រុងនេះមាន ទឹកប្រាក់ចំនួន៦០០លានដុល្លារសហរដ្ឋអាមេរិក ។ ទីក្រុងរណបនេះមានមន្ទីរពេទ្យ សាលា រៀនអន្ដរជាតិ មជ្ឈមណ្ឌលផ្សារទំនើប អគារ ពាណិជ្ជកម្ម អគារការិយាល័យ ទីលានវាយ កូនគោល ទីលានហ្វឹកហាត់វាយកូនគោល ក្លឹបកីឡាជាលក្ខណៈគ្រួសារ សួនហែលទឹកសួនសាធារណៈ ទីធ្លាសាធារណៈ និងមធ្យោបាយផ្ដល់ភាពងាយស្រួលជាច្រើនទៀត ។
ការអភិវឌ្ឍន៍នេះរៀបចំឡើងតាមបែបសម័យថ្មីមួយដែលមានលក្ខណៈចំរុះ និងស្ថិតនៅរួមគ្នា រវាងទីលំនៅដ្ឋានតំបន់ពាណិជ្ជកម្ម កន្លែងលេងកំសាន្ដដែលជួយជំរុញឱ្យការរស់នៅរបស់ប្រជាជនឱ្យមានកំរិតខ្ពស់ ។
ហ្គ្រេនភ្នំពេញអ៊ិនធើរណេសិនណល ស៊ីធី គឺជាទីក្រុងរណបថ្មីមួយដែលធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលទីក្រុងនេះផ្ដល់ទីតាំងឱ្យអ្នករស់នៅមិនតិចជាង៤.០០០ គ្រួសារនោះឡើយ ។ ទីក្រុងនេះមានចំងាយ ៧គីឡូម៉ែត្រពីភ្នំពេញ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាទីក្រុងលំដាប់អន្ដរជាតិមានទីលានវាយកូនគោលចំនួន១៨រន្ធ ។