ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! ឡានស្ទូច​បើក​ៗ​ធ្លាក់​ដុំ​ដែក​ទម្ងន់​៥-៦​តោន​លាន់​ដូច​រន្ទះ​នៅ​មហា​វិថីព្រះមុនី​វង្ស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿងហេតុ​គួរ​ឱ្យ​ហួសចិត្ត​មួយ​បាន​កើតឡើង​ដោយសារ​តែ​រថយន្ត​ស្ទូច​១​គ្រឿង​បើក​ៗ​ធ្លាក់​ដែក​១​ដុំ​ទម្ងន់​ប្រហែល​៥-៦​តោន មាន​ទទឹង​ប្រហែល​១​ម៉ែត្រ បណ្តោយ​ប្រហែល​២​ម៉ែត្រ លាន់​ដូច​រន្ទះ

រាជធានី​ភ្នំពេញ ៖ រឿងហេតុ​គួរ​ឱ្យ​ហួសចិត្ត​មួយ​បាន​កើតឡើង​ដោយសារ​តែ​រថយន្ត​ស្ទូច​១​គ្រឿង​បើក​ៗ​ធ្លាក់​ដែក​១​ដុំ​ទម្ងន់​ប្រហែល​៥-៦​តោន មាន​ទទឹង​ប្រហែល​១​ម៉ែត្រ បណ្តោយ​ប្រហែល​២​ម៉ែត្រ លាន់​ដូច​រន្ទះ និង​បណ្តាល​ឱ្យ​ស្រុត​ផ្លូវថ្នល់​អស់​១​ដុំ​ធំ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​៣១ សីហា ២០១៥ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស កែង​ផ្លូវ​២៤២ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។

ប្រភព​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស្ទូច​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-4765 ដឹក​ដុំ​ដែក​២​ដុំ បើក​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ធ្លាក់​ដែក​១​ដុំ​មក​ខាងស្តាំ​លាន់​ដូច​រន្ទះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ម្តុំ​នោះ ហើយ​បាន​បណ្តាល​ឱ្យ​ស្រុត​ថ្នល់​(​ដូច​ក្នុង​រូបភាព​) អស់​១​ដុំ​ធំ​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ស្ទូច​នោះ​ក៏​បាន​ស្ទូច​ដែក​នោះ​ដាក់​លើ​ឡាន​វិញ​ហើយ​បើក​ទៅ​មុខ​បន្ត​ទៀត ធ្វើ​ដូច​ធម្មតា មិន​មាន​រំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា សំណាង​ណាស់​ដែល​គ្មាន​ម៉ូតូ​ ឬឡាន​បើក​ក្បែរ​នោះ ព្រោះ​ដែក​មាន​ទម្ងន់​ធ្ងន់​បែប​នេះ​បើ​ធ្លាក់​ត្រូវ​ម៉ូតូ ឬ​ឡាន​វិញ ​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ ។ តែ​ទោះជា​យ៉ាង​ណា​ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជិ​វិត ឬ​រង​របួស​ឡើយ ព្រមទាំង​មិន​រំខាន​ដល់​សមត្ថកិច្ច​ណា​ម្នាក់​ទៀត​ផង ។

ប្រជាពលរដ្ឋ​នៅ​ម្តុំ​កន្លែង​កើតហេតុ​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​​ទាំង​អស់​បាន​សំណូមពរ​តាម​រយៈ «​កោះសន្តិភាព​»​ថា សូម​អស់លោក​ដែល​បើករថយន្ត​ដឹក​របស់​ធ្ងន់​ៗ​បែប​នេះ ពិសេស​រថយន្ត​ស្ទូច និង​រថយន្ត​កុងតឺន័រ សូម​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ផង កុំ​មានការ​ធ្វេសប្រហែស​ដូច​រថយន្ត​ស្ទូច​ខាងលើ​នេះ​អី ព្រោះ​ថាបើ​ធ្លាក់​របស់​ធ្ងន់​ៗ​បែប​នេះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នក​ដទៃ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាយថាហេតុ​បាន និង​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ ដែល​ជា​អាជ្ញាធរ​ដែនដី សូម​ពិនិត្យ និង​មាន​វិធានការ​ឱ្យ​បាន​តឹង​រឹងចំពោះ​រថយន្ត​ដែល​ដឹក​ធ្ងន់​ៗ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន កុំឱ្យ​មានការ​ធ្វេស​ប្រហែល ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាយថាហេតុ​បាន ៕