ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​ជិត​៤​ពាន់​លាន​ដុល្លារ ក្រសួងការពារជាតិ​និង​ក្រសួងមហាផ្ទៃ​មិន​មានឈ្មោះ​ក្នុង​ក្រសួង​អាទិភាព​ចំនួន១០

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ គ្រោង​ដាក់​ជូន​អង្គប្រជុំ​សភា​អនុម័ត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជាម យៀ​ប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម នៃ​រដ្ឋសភា

រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ គ្រោង​ដាក់​ជូន​អង្គប្រជុំ​សភា​អនុម័ត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជាម យៀ​ប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម នៃ​រដ្ឋសភា ។

លោក ជាម យៀ​ប ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​អូន ព័ន្ធ​មុនី​រ័​ត្ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា នៅ​វិមាន​រដ្ឋសភា ។ លោក​ថា សេចក្តីព្រាង​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០១៦ ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តោត​សំខាន់​ទៅ​លើ​ក្រសួង​ចំនួន​១០ ប៉ុន្តែ​លោក​មិន​បាន​រៀបរាប់​ឱ្យ​ដឹង​ពី​ក្រសួង​ទាំងអស់​ទេ គ្រាន់តែ​ប្រាប់​ត្រួស​ៗ​ថា​មាន​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួងសុខាភិបាល ក្រសួង អភិវឌ្ឍន៍ជនបទ ក្រសួង​កិច្ចការ​នារី ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ប៉ុណ្ណោះ ។ ក្នុង​នោះ ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​មិន​ត្រូវ​បាន​ចាត់​ចូល​ជា​ក្រសួង​អាទិភាព​និង​សំខាន់​ក្នុង​ក្រសួង​ទាំង​១០​នោះ​ទេ ។

លោក ជាម យៀ​ប លើក​ឡើង​ទៀត​ថា លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លើ​ការ​បញ្ចប់​សេចក្តីព្រាងច្បាប់​សី្ត​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៣ ហើយនឹង​ដាក់​ឲ្យ​សភា​អនុម័ត​នៅ​ពេល​ខាង​មុខ ។ លោក​ថា សម្រាប់​ក្រសួង​ដែល​មាន​អាទិភាព​ចំនួន​១០ នឹង​ត្រូវ​ចំណាយ​ឲ្យ​ស្រប​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ដើម្បី​បម្រើ​ពលរដ្ឋ​តាម​តម្រូវការ​នៅ​តាម​មូលដ្ឋាន ។ ទាក់ទិន​នឹង​ចំណូល​ចំណាយ ថវិកាជាតិ​ទាំងមូល ក៏​ដូច​ជា​តាម​ក្រសួង​នានា​នោះ លោក ជាម យៀ​ប មិន​ទាន់​ឲ្យ​ដឹង​នោះ​ទេ ប៉ុន្តែ​លោក​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ ត្រូវ​បាន​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​គ្នា​រួច​ហើយ កាលពី​ពេល​កន្លង​មក ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​ឲ្យ​ដឹង​ថា គម្រោង​ចំណាយ​សរុប​សម្រាប់​ឆ្នាំ​២០១៥ ស្មើ​ជាង​១៥​លាន​លាន​រៀល ឬ​ប្រហាក់ប្រហែល​ជិត​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ឆ្នាំ​២០១៦​ខាង​មុខ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​កើនឡើង​រហូត​ដល់​ទៅ​ជាង​១១% ។

លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ដែរ​ថា ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៦ នឹង​រក្សា​បាន​កំណើន​ក្នុង​រង្វង់​៧% ក្នុង​នោះ​វិស័យ​កសិកម្ម​អាច​នឹង​សម្រេច​បាន​កំណើន​ប្រមាណ​៤,៣% វិស័យ​ឧស្សាហកម្ម​ប្រមាណ​៩,៦% និង​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​ប្រមាណ​៦,៥% ៕