ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ខេត្ត​ក្វា​ង​ទុង របស់​ចិន​1​ឆ្នាំ​មាន​ប្រមាណ​780​លាន​ដុល្លារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ខេត្ត​ក្វា​ង​ទុង ប្រទេស​ចិន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​ភាគី​ទាំង​ពីរ​បាន​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ជា​ច្រើន​ដូច​ជា

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ខេត្ត​ក្វា​ង​ទុង ប្រទេស​ចិន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​ភាគី​ទាំង​ពីរ​បាន​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ជា​ច្រើន​ដូច​ជា ជួប​ពិភាក្សា និង​ការ​រៀបចំ​តាំងពិព័រណ៍​បង្ហាញ​ពី​ផលិតផល​ជាដើម ។ ដោយសារ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​មាន​ភាព​ជិត​ស្និទ្ធ​ជា​យូរ​មក​ហើយ ជា​ពិសេស​ទំនាក់ទំនង​រវាង​កម្ពុជា និង​តាម​បណ្ដា​ខេត្ត​សក្ដានុពល​នៃ​ប្រទេស​ចិន​មួយ​ចំនួន ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ភាគី​ទាំង​ពីរ​កើនឡើង​គួរ​ឲ្យ​គត់​សម្គាល់ ។ ជាក់ស្ដែង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត​ក្វា​ង​ទុង ប្រទេស​ចិន ក្នុង​មួយ​ឆ្នាំ បើ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​៧៨០​លាន​ដុល្លារ ក្នុង​នោះ​ទំនិញ​នាំ​ចេញពី​ខេត្ត​ក្វា​ង​ទុង​មក​កាន់​កម្ពុជា​មាន​ប្រមាណ​៦៩០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ នេះ​ជា​ប្រសាសន៍​លោក លី ស៊ា​វ​ជា អគ្គលេខាធិការ​រង​នៃ​ខេត្ត​ក្វា​ង​ទុង ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ផ្សព្វផ្សាយ និង​ពិភាក្សា​ជាមួយ​ពាណិជ្ជករ​កម្ពុជា ស្តី​ពី​ការ​រៀបចំ​ពិព័រណ៍​អន្តរជាតិ​ផ្លូវ​សូត្រ​សមុទ្រ សតវត្សរ៍​ទី​២១ ដែល​នឹង​ប្រព្រឹត្ត​នៅ​ខេត្ត​ក្វា​ង​ទុង ។

លោក​បន្ត​ថា កន្លង​មក​ផលិតផល​របស់​ខេត្ត​ក្វា​ង​ទុង ដែល​នាំ​ចូល​មក​កាន់​កម្ពុជា គឺ​ទទួល​បាន​ជោគជ័យ​រួម​មាន ផលិតផល​គ្រឿងចក្រ​កសិកម្ម ផលិតផល​សំណង់ និង​ផលិតផល​ប្រើប្រាស់​ជា​ច្រើន​ទៀត ។ មិនតែប៉ុណ្ណោះ ខេត្ត​ក្វា​ង​ទុង​ក៏​ចង់​ឲ្យ​ផលិតផល​របស់​កម្ពុជា មានឈ្មោះ​ល្បី​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ដោយ​រាល់ពេល​មាន​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ខេត្ត​ក្វា​ង​ទុង​ដូច​ជា ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​អន្តរជាតិ ភាគី​ចិន​តែងតែ​ផ្សព្វផ្សាយ​ដល់​ពាណិជ្ជករ​កម្ពុជា ដើម្បី​នាំ​យក​ផលិតផល​របស់​ខ្លួន​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ និង​ស្វែងរក​ដៃគូ​នាំ​ចេញ​នាំ​ចូល​ជាដើម  ។

គួរ​បញ្ជាក់​ថា ខេត្ត​ក្វា​ង​ទុង​គឺជា​ខេត្ត​នាំមុខ​ចាប់តាំងពី​ប្រទេស​ចិន​ចាប់ផ្ដើម​ធ្វើ​កំណែទម្រង់​និង​បាន​អនុវត្ត​គោលនយោបាយ​បើកចំហ ហើយ​ក៏​បាន​ដើរតួ​នាទី​ជា​ស្ពាន​នាំមុខ​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​អភិវឌ្ឍ​វិនិយោគ​និង​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក ។

ក្នុងអំឡុងពេល​៣០​ឆ្នាំ​កន្លង​ទៅ ខេត្ត​ក្វា​ង​ទុង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ និង​ការ​ប្រកួតប្រជែង រួម​ទាំង​បាន​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​រឹង​មាំ​រយៈពេល​យូរ​ជាមួយ​ប្រទេស​និង​ដៃគូ​ក្នុង​តំបន់​ជាង​២០០ ជាមួយនឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​និរន្តរភាព និង​យ៉ាង​ឆាប់រហ័ស ។ ម្យ៉ាង​អត្រាកំណើន​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខេត្ត​ក្វា​ង​ទុង បាន​ស្ថិត​នៅ​លំដាប់​លេខ​១ នាំមុខ​គេ​ក្នុង​ប្រទេស​ចិន​អស់​រយៈពេល​២៥​ឆ្នាំ​មក​ហើយ​៕