ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាន់​ដេ​លក់​ឌី​ស្កត​ម្លៃ​ពីរ​ពាន់​រៀល​ដើម្បី​ទប់ទល់​ការ​លួច​ចម្លង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​លួច​ចម្លង​ស៊ី​ឌី (CD) និង​វី​ស៊ី​ឌី (VCD) នៅ​តែ​ជា​កង្វល់​សម្រាប់​បណ្តា​ផលិតកម្ម​ក្នុងស្រុក ព្រោះ​គ្រាន់តែ​ចេញ​​ឌី​ស្ក​ដើម មិន​បាន​មួយ​ថ្ងៃ​ផង ​ឌី​ស្ក​ចម្លង​ដាក់​លក់​ព្រោងព្រាត​នៅ​លើ​ទីផ្សារ ។

រាជធានី​ភ្នំពេញ ៖ ការ​លួច​ចម្លង​ស៊ី​ឌី (CD) និង​វី​ស៊ី​ឌី (VCD) នៅ​តែ​ជា​កង្វល់​សម្រាប់​បណ្តា​ផលិតកម្ម​ក្នុងស្រុក ព្រោះ​គ្រាន់តែ​ចេញ​​ឌី​ស្ក​ដើម មិន​បាន​មួយ​ថ្ងៃ​ផង ​ឌី​ស្ក​ចម្លង​ដាក់​លក់​ព្រោងព្រាត​នៅ​លើ​ទីផ្សារ ។ ដើម្បី​ទប់ទល់​នឹង​ការ​លួច​ចម្លង​នេះ ផលិតកម្ម​សាន់​ដេ​ដែល​ជា​ផលិតកម្ម​លេចធ្លោ​មួយ​ដែរ​នៅ​ក្នុងស្រុក បាន​ប្រើ​វិធីសាស្ត្រ​ថ្មី​លក់​ឌី​ស្ក​ដើម​តម្លៃ​រហូត​ដល់​២​ពាន់​រៀល គឺ​ប្រហាក់ប្រហែល​នឹង​ឌី​ស្ក​ចម្លង​ដែល​កំពុង​ដាក់​លក់​យ៉ាង​សេរី​នៅ​លើ​ទីផ្សារ ។

លោក​ឡាយ សុក​ហុ​ក ចាងហ្វាង​ផលិតកម្ម សាន់​ដេ បញ្ជាក់​ក្នុង​កម្មវិធី​ថត​បទ​ចម្រៀង​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ពេល ថ្មី​ៗ​នេះ​ថា ការ​លក់​បញ្ចុះតម្លៃ​ឌី​ស្ក​កាន់តែ​ទាប​មិនមែន​មាន​ន័យ​ថា ដោយសារ​គុណភាព​បទ​ចម្រៀង​របស់​ផលិតកម្ម​អន់ ឬ​ខ្សោយ​ជាង​មុន​ទេ វា​គឺជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ទាក់ទាញ​អតិថិជន​ឱ្យ​គាំទ្រ​កាន់តែ​ច្រើន​សម្រាប់​ផលិតកម្ម ពិសេស​ទាញអារម្មណ៍​ឱ្យ​ទស្សនិកជន​ជួយ​ទិញ​ផលិតផល​របស់​ក្រុម ហ៊ុន ។ វា​ក៏​ជា​វិធីសាស្ត្រ​វាយប្រហារ​ទីផ្សារលក់​ឌី​ស្កចម្លង​ខុសច្បាប់​ព្រោះតែ​វា​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា បើ​ទោះបីជា​យុទ្ធសាស្ត្រ​នេះ​ធ្វើ​ឱ្យ​ចំណូល​ចំណេញ​ពី​ការ​លក់​ឌី​ស្ក​មាន​កម្រិត​តិច​ជាង​មុន​ក្តី ។

លោក​ឡាយ សុខ​ហុ​ក ថ្លែង​ថា វា​ដល់​ពេល​ដែល​ប្រជាជន​ខ្មែរ​គួរ​នាំ​គ្នា​ជួយ​គាំទ្រ​ផលិតផល​ដើម​របស់​ក្រុមហ៊ុន​ដែល​ខិតខំ​ផលិត​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​នោះ​ហើយ ។ ក្រុមហ៊ុន​បាន​បោះ​ដុំ​ឱ្យ​អាជីវករ​នូវ​តម្លៃ​ថោក​សមរម្យ​គឺ​ប្រមាណ​ពី​១.៣០០​ទៅ​១.៤០០​រៀល​ក្នុង​មួយ​​ឌី​ស្ក ដូចនេះ​ពួក​គាត់​អាច​មាន​លទ្ធភាព​ស្វែងរក​ប្រាក់​ចំណេញ​ពី​ការ​លក់​បាន​ប្រមាណ​៦០០​ទៅ​៧០០​រៀល​ក្នុង​មួយ​ឌី​ស្ត ។ មិនមែន​ជា​ការ​កាច់​កុង​ជាមួយ​ការ​លក់​របស់​ផលិតកម្ម​ក្នុងស្រុក​ទេ គឺ​វា​ជា​យុទ្ធសាស្ត្រ​ក្រុមហ៊ុន ហើយ​ការ​ប្រកួតប្រជែង​លើ​តម្លៃ​គឺជា​សេរីភាព​របស់​ក្រុមហ៊ុន នីមួយ​ៗ ។

លោក​ឡាយ សុខ​ហុ​ក មិន​បាន​លើក​ឡើង​អំពី​ចំនួន​នៃ​ការ​ផលិត​ឌី​ស្ក​ក្នុង​មួយ វ៉ុល​ៗ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល ថ្មី​ៗ​នេះ​ក្រុមហ៊ុន​លោក​បាន​សាកល្បង​លក់​​ឌី​ស្ក​ដើម​ក្នុង​តម្លៃ​២.០០០​រៀល ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ គឺ​ធ្វើ​ឱ្យ​កំណើន​នៃ​ការ​លក់​កើនឡើង​រហូត​ដល់​៥០​ភាគរយ ។

អ្នកចាត់ការ​ទូទៅ​ផលិតកម្ម​សាន់​ដេ លោក ឡាយ សុក​ចំរើន និយាយ​ថា វា​គឺជា​យុទ្ធសាស្ត្រ​មួយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​ពី​មហាជន​ខ្មែរ​មួយ​ចំនួន​ធំ​មិន​មាន​លទ្ធភាព​ទិញ​​ឌី​ស្ក​ចម្រៀង​ក្នុង​តម្លៃ​ពី​២​ដុល្លារ​ទៅ​៣​ដុល្លារ ។ ម្យ៉ាងទៀត​ការ​ធ្វើ​បែប​នេះ​ក្នុង​ន័យ​ឱ្យ​បទ​ចម្រៀង​សាន់​ដេ​ដល់​ដៃ​មហាជន​ក្នុង​ប្រទេស​កម្ពុជា ។ បើ​ទោះជា​បញ្ចុះតម្លៃ​លក់​ចម្រៀង​មក​នៅ​ត្រឹម​កម្រិត​ទាប​មិន​ធ្លាប់​មាន​ពី​មុន​ក្ដី តែ​គុណភាព​គឺ​នៅ​ដដែល​ដូច​ជា​ឆ្នាំ មុន​ៗ​ដែរ សម្រាប់​បទ​ចម្រៀង​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ផលិតកម្ម​សាន់​ដេ​នឹង​ផលិត​បទ​ចម្រៀង​ថ្មី​សុទ្ធ​ទាំង​បទ​ភ្លេង និង​ទំនុក​ចម្រៀង ប្រមាណ​ពី​៧០​ទៅ​៨០​ភាគរយ ដោយ​មាន​ចំនួន​៥​អាល់​ប៊ុ​ម ហើយ​ក្នុង​នោះ​តារាចម្រៀង​ស្រី​-​ប្រុស​ជាង​២០ នាក់ នឹង​មាន​វត្តមាន​ក្នុង​បទ​ចម្រៀង​ទាំងអស់​គ្នា ។

តាម​រយៈ​ការ​លក់ CD និង VCD ដើម​បញ្ចុះតម្លៃ​មក​នៅ​ត្រឹម​២​ពាន់​រៀល លោក​ឡាយ សុក​ចំរើន ជឿជាក់​ថា ផលិតកម្ម​សាន់​ដេ​នឹង​អាច​បំបែក​កំណត់​ត្រា​នៃ​ការ​លក់​បទ​ចម្រៀង​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​ខាង​មុខ ។ មិន​ត្រឹមតែ​ទីផ្សារ​ក្នុងស្រុក​ទេ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ក៏​អាច​លក់​ក្នុង​តម្លៃ​នេះ​ដែរ ដូច​ជា​សហរដ្ឋអាមេរិក កា​ណា​ដា ជប៉ុន អូស្ត្រាលី បារាំង ចិន ជាដើម ។

តារា​សម្តែង​នាង​នី មុនីនាថ និង​កញ្ញា​សុខ ពិសី តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ បាន​ថ្លែង​ស្រ​ដៀង​គ្នា​ថា វិធីសាស្ត្រ​ដែល​ផលិតកម្ម​សាន់​ដេ​រៀបចំ​នេះ គឺជា​វិធី​មួយ​ល្អ​ដើម្បី​ដេញជើង​អ្នក​ដែល​ចូល​ចិត្ត អង្គុយចាំតែ​លួច​ចម្លង ។ ​ឌី​ស្ក​មានគុណ​ភាពល្អ តម្លៃ​ត្រឹមតែ​ពីរ​ឬ​បី​ពាន់​រៀល ទស្សនិកជន​គួរតែ​ជួយ​ទិញ​ឌី​ស្កត​ម្លៃ​ពិសេស​នេះ​ឱ្យ​បាន​គ្រប់​គ្នា​ដើម្បី​គាំទ្រ​អ្នក​ផលិត​។ ផ្ទុយ​ទៅ​វិញ បើ​ទិញ​​ឌី​ស្ក​ចម្រៀង​ក្លែងក្លាយ តម្លៃ​ប្រហែល​គ្នា តែ​គុណភាព​អន់​ជាង ដូច្នេះ​គួរតែ​ងាក​មក​ទិញ​របស់​ពិត​វិញ ៕