ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​និង​អ្នក​លក់រាយ​គួរ​ពិនិត្យលទ្ធភាព​បញ្ចុះ​ថ្លៃ​ឱ្យ​ស្រប​នឹង​ថ្លៃ​ប្រេង​លើ​ពិភពលោក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​តំណាង​អ្នក​ចែកចាយ​ប្រេងឥន្ធនៈ​ធំ​ៗ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​តំណាង​អ្នក​ចែកចាយ​ប្រេងឥន្ធនៈ​ធំ​ៗ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល បាន​ស្នើរ​ឲ្យ​មា្ច​ស់​ស្ថានីយប្រេងឥន្ធនៈ​ធំ​ៗ​ទាំងឡាយ និង​អ្នក​ចែកចាយ ប្រេងឥន្ធនៈ​ទាំងអស់​ពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​លក់រាយ​របស់​ខ្លួន​ឲ្យ​ស្រប​នឹង​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក ដើម្បី​ភាព​សម្បូរ​រុងរឿង របស់​ប្រទេស ។

លទ្ធផល​នៃ​កិច្ចប្រជុំ បាន​ឯកភាព​ឲ្យ​តំណាង​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធ្វើការ​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​លើ​បញ្ហា​នេះ​និង​ភាព​ប្រឈម​ដទៃ​ទៀត​ដែល​បាន​ជួប​ប្រទះ ។ បន្ថែម​ពីលើ​នេះ អង្គប្រជុំ​បាន​យល់ព្រម​ឲ្យ​មានការ​ប្រជុំ​ពិនិត្យ​មើល​ថ្លៃ​ប្រេងឥន្ធនៈ​បែប​នេះ ដោយ​ធ្វើ​ឡើង​រៀង​រាល់​១០​ថ្ងៃ​ម្តង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​រយៈ​ទូរទស្សន៍ វិទ្យុ សារព័ត៌មាន និង​បណ្តាញ​សង្គម ដើម្បី​ឲ្យ​សាធារណជន​បានដឹង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក កែន រ​ដ្ឋា អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ការ​ប្រជុំ​ពិភាក្សា​អំពី​ថ្លៃ​ប្រេងសាំង​នេះ មាន​តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំ​ៗ​ចូលរួម​ដូច​ជា សូ​គី​ម៉ិច  ភី​ធី​ធី កាល់​តិច តូ​តា​ល់ សាវ​វី​ម៉ិច ជាដើម​។ ក្រុមហ៊ុន​ទាំងនេះ​អះអាង​ថា បើ​តម្លៃ​ប្រេងសាំង​នៅ​លើ​ពិភពលោក​នៅ​តែ​បន្ត​ធ្លាក់​ចុះ នោះ​ក្រុមហ៊ុន​របស់​ពួក​គាត់​នឹង​បញ្ចុះតម្លៃ​ប្រេង​ទៅ​តាម​ទីផ្សារ​អន្តរជាតិ​ដែរ ។

លោក​បន្ត​ថា ជា​ទូទៅ​តម្លៃ​ប្រេងសាំង​របស់​ពួក​គាត់​បែងចែក​ជា​ពីរ​គឺ​តម្លៃ​បោះ​ដុំ និង​តម្លៃ​លក់រាយ ហើយ​បច្ចុប្បន្ន​តម្លៃ​បោះ​ដុំ​នេះ​ពួក​គាត់​ប្រាប់​នៅ​ក្នុង​កិច្ចប្រជុំ​ថា​បាន​បញ្ចុះ​ទៅ​តាម​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​ហើយ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក តែ​ដោយឡែក​សម្រាប់​តម្លៃ​លក់រាយ​វិញ​គឺ​បាន​បញ្ចុះ​ដែរ តែ​មិន​ទាន់​មាន​លក្ខណៈ​ជា​ទូទៅ​ដូច​ទីផ្សារ​អន្តរជាតិ​ទេ ដោយ​អះអាង​ថា ពួក​គាត់​មានការ​លំបាក​មួយ​ចំនួន​ទាក់ទង​និង​ការ​រក្សា​ប្រេង​ក្នុង​ស្តុក ខណៈ​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​កំពុង​មានការ​ប្រែប្រួល ។ ទាក់ទង​នឹង​ការ​បញ្ចុះតម្លៃ​ប្រេង​នៅ​កម្ពុជា លោក កែន រ​ដ្ឋា បាន​លើក​ឡើង​ថា ការ​បញ្ចុះតម្លៃ​ប្រេង​នេះ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន គឺ​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ជួយ​ជំរុញ​ទៅ​ដល់​ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​វិស័យ​ឯកជន និង​ក្រុមហ៊ុន​ផលិត​នៅ​ផលិតផល​ជា​ច្រើន​ផ្សេង​ទៀត​។

គួរ​បញ្ជាក់​ថា តម្លៃ​ប្រេងសាំង​នៅ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​៣ គិត​ត្រឹម​ថ្ងៃ​ទី​១៤ មក​រា នៅ​ស្ថានីយ​តូ​តា​ល់ ប្រេងសាំង អិ​ុ​ច​សែ​លលៀម​(៩៥) ថ្លៃ​៤.៤៥០​រៀល សាំង​ធម្មតា​ថ្លៃ​៤.២៥០​រៀល និង​ប្រេងម៉ាស៊ូត​ថ្លៃ​៤.១០០​រៀល ក្នុង​១​លី​ត្រ ។ ស្ថានីយ​ប្រេង​ប្រេងឥន្ធនៈ​តេ​លា ប្រេងម៉ាស៊ូត ថ្លៃ​៣.៨០០​រៀល សាំង​(៩២)​ថ្លៃ​៤.០០០​រៀល និង​ស៊ុប​ពែរ​(៩៥)​ថ្លៃ​៤.២០០​រៀល​ក្នុង​១​លី​ត្រ ។ ដោយឡែក​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី​(ptt)​ប្រេងម៉ាស៊ូត​ថ្លៃ​៤.១០០​រៀល សាំង​ធម្មតា​ថ្លៃ​៤.២៥០​រៀល និង​សាំង​ស៊ុប​ពែរ​ថ្លៃ​៤.៤៥០​រៀល ក្នុង​១​លី​ត្រ ៕