ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​អ្នក​រើស​អេតចាយ​ លួចចាក់​ប្រហារ​របួស​ធ្ងន់​ ហៅ​រថយន្ត​​សង្គ្រោះ​មិន​មក​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​បាន​ចាក់​អ្នក​រើស​អេ​ត​ចាយ​ដូច​គ្នា​២​ចំពុះទុង​ចំ​កណ្ដៀតក្អម​ខាងស្ដាំ​រង​របួសធ្ងន់​។ គ្រានោះ​អ្នក​ឃើញ​ហេតុការណ៍​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​រយៈពេល​ជិត​២​ម៉ោង

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​បាន​ចាក់​អ្នក​រើស​អេ​ត​ចាយ​ដូច​គ្នា​២​ចំពុះទុង​ចំ​កណ្ដៀតក្អម​ខាងស្ដាំ​រង​របួសធ្ងន់​។ គ្រានោះ​អ្នក​ឃើញ​ហេតុការណ៍​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​រយៈពេល​ជិត​២​ម៉ោង តែ​អត់​មាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯក​ជន ឬ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​រដ្ឋ​ណាមួយ​ទៅ​ដឹក​ទេ ទាល់តែ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ខ្លាច​ហូរ​ឈាម​ខ្សោះ​ស្លាប់ ក៏​បាន​ជួល​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ។ ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ធ្នូ នៅ​រង្វង់​មូល​ចោម​ចៅ ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ​អាត កក្កដា អាយុ​២០​ឆ្នាំ ដើរ​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​និង​លើ​រង្វង់​មូល​ចោម​ចៅ មានស្រុក​កំណើត​នៅ​ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា និង​ប្រពន្ធ​ឈ្មោះ​ច​ន ស្រី​ណែ​ត អាយុ​១៧​ឆ្នាំ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ​មុត មក​រា អាយុ​២១​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ​ដូច​គ្នា តែង​ឃើញ​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ម្ដុំ​មុខ​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រ​ភ​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​និង​ប្រពន្ធ​ដែល​ដើរ​រើស​អេ​ត​ចាយ​ជាមួយ​គ្នា​នេះ​បាន​ស្រឡាញ់​និង​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ថែម​ទាំង​មាន​ផ្ទៃពោះ​៧​ខែ​ទៀត​ផង ។ ដើមចម​ដែល​ឈាន​ដល់​ការ​ចាក់​សម្លាប់​គ្នា​នេះ​បណ្ដាល​មក​ពី​កាលពី​១៥​ថ្ងៃមុន​ជន​រង​គ្រោះ​បាន​សុំ​បារី​ពី​ជន​ដៃដល់​១​ដើម តែ​ជន​នេះ​មិន​ឱ្យ ។ លុះ​៣​ថ្ងៃ​ក្រោយមក​ជន​ដៃដល់​ឃើញ​ជន​រង​គ្រោះ​ហូប​ដំឡូង​ស្ងោរ គេ​ក៏​បាន​ទៅ​សុំ ហើយ​ជន​រង​គ្រោះ​ក៏​បានឱ្យ​ដែរ​តែ​ឱ្យ​តិច​ពេក​ធ្វើ​ឱ្យ​ដែរ​ជន​ដៃដល់​ខឹង​ក៏​ឆក់​យកថង់​​ដំឡូង​​ពី​ដៃ​ជន​រង​គ្រោះ​យក​ទៅ​ក្រវាត់​ចោល​ធ្វើ​ជន​រង​គ្រោះ​រត់​ដេញ​តាម​វាយ​ទៅ​លើ​ជន​បង្ក​នោះ​៣​ដៃ ។

ចាប់តាំងពី​ពេល​នោះ​មក​ធ្វើ​ជន​ដៃដល់​ខឹង​គុំ​គួ​ន​តែងតែ​តាម​លប​ចាក់​សម្លាប់​ជន​រង​គ្រោះ​គ្រប់ពេលវេលា ពិសេស​នៅ​ពេល​រូបគេ​ដេក​ជាមួយ​ប្រពន្ធ​និង​ម្ដាយក្មេក​នៅ​តាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​រង្វង់​មូល​ចោម​ចៅ​នោះ ។ នៅ​ពេល​ដឹង​ថា ជន​ដៃ​តាម​ធ្វើបាប​រូបគេ​មិន​ហា​៊​ន​ដេក​ជិត​ប្រពន្ធ​និង​ម្ដាយក្មេក​ទេ ខ្លាច​មាន​បញ្ហា​ដល់​អ្នក​ទាំង​ពីរ​ក៏​បានរ​ត់ទៅ​ដេក​លើ​ខឿន​រង្វង់​មូល​ចោម​ចៅ​ជាមួយ​អ្នក​រើស​អេ​ត​ចាយ​ដូច​គ្នា​ពីរ ទៅ​៣​នាក់​ទៀត​។ ខណៈ​ពេល​កំពុង​ដេក​លង់លក់​ស្រាប់តែ​ជន​ដៃដល់​បាន​លប​ចាក់​រូបគេ​២​ដែក​ចំពុះទុង​ចំ​កណ្ដៀតក្អម​ខាងស្ដាំ​រង​របួសធ្ងន់​ហូរ​ឈាម​រហូត​សន្លប់​ហើយ ជន​នោះ​ក៏​គេចខ្លួន​បាត់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ដល់​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន និង​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​រដ្ឋ​រយៈពេល​ជិត​២​ម៉ោង អត់​មាន​រថយន្ត​សង្គ្រោះ​ណាមួយ​ចេញ​ទៅ​ដឹក​ទេ ទោះបី​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​រដ្ឋ​ក៏​មិន​ទៅ​ដឹក​ដែរ នៅ​ពេល​ដឹង​ថា ជន​រង​គ្រោះជា​អ្នក​រើស​អេ​ត​ចាយ អត់​មាន​លុយ​ឱ្យ​ថ្លៃ​ពេទ្យ​ព្យាបាល ទុក​ឱ្យ​ជន​រង​គ្រោះ​ដេក​ហូរ​ឈាម​ស្ទើរ​ខ្សោះ​ខ្លួន​ធ្វើ​ឱ្យ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ភ័យ​ខ្លាច​ជន​រង​គ្រោះ​ស្លាប់ ដោយសារ​អត់​មាន​ពេទ្យ​ព្យាបាល ក៏​សុខចិត្ត​អង្វរ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ជួល​ក្នុង​តម្លៃ​១​ម៉ឺន​រៀល​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ជា​រៀង​រាល់​យប់​ឲ្យ​តែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សូ​ម្បី​តែ​អ្នក​យក​ព័ត៌មាន​និង​សមត្ថកិច្ច​ក៏​ទៅ​មិន​ទាន់​រថយន្ត​សង្គ្រោះ​ឯកជន​ដែរ ពេល​ទៅ​ដល់​ត្រូវ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​អ្នក​រង​របួស​យក​ទៅ​បាត់​ហើយ ។ លើកលែងតែ​អ្នក​រង​របួសធ្ងន់ រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​អត់​ហ៊ាន​ដឹក ខ្លាច​អ្នក​រង​របួស​ស្លាប់​នៅ​ក្នុង​គ្លីនិក​មានរឿង​ធំ ។

ប្រជាពលរដ្ឋ​បាន​ចោទ​ថា ក្រុម​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​បាន​ចរចា​គ្នា​ជាមួយ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​រដ្ឋ​រួច​ហើយ​មើលទៅ បានជា​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​រដ្ឋ​ទុក​អាទិភាព​ឲ្យ​រថយន្ត​សង្គ្រោះ​ឯកជន​ចំនួន​២​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​ចេញ​ដឹក​អ្នក​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​និង​ឧប្បទ្ទវហេតុ​ផ្សេង​ៗ​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ ។ ករណី​នេះ​ក្រសួងសុខាភិបាល​គួរតែ​រឹត​បន្ដឹង​បញ្ហា​រថយន្ត​សង្គ្រោះ​បន្ទាន់​ឡើង​វិញ​ផង បើ​ពុំ​ដូច្នេះ​ទេ ពលរដ្ឋ​ក្រីក្រ​ប្រាកដជា​ស្លាប់​អស់ហើយ បើ​រដ្ឋ​មិនគិតគូរ​ហើយ​បើកដៃ​ឱ្យ​ផ្នែក​ឯកជន​ដែល​គិតតែ​ពី​ផលប្រយោជន៍​នោះ ៕