ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​​ស្រី​លក្ខណ៍​​ឈ្មោះ​ពិត​ប្រាសាទ​គោក​ខ្វិត កសាង​ឡើង​​នៅ​ក្នុង​ចន្លោះ​សតវ​ត្ស​ទី​11 ​និង​12

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រាសាទ «​ស្រី​លក្ខណ៍​» ឬ​ប្រាសាទគោក​ខ្វិត គឺជា​ប្រាសាទបុរាណ​អាយុ​ជាង​៩០០​ឆ្នាំ ។ ប្រាសាទ​នេះ​ស្ថិត​លើ​ទីទួល​ដែល​ទើប​កសាង​វត្ត​ថ្មី​មួយ ក្នុងភូមិ​ខ្វិត ឃុំ​តាំងក្រសាំង ស្រុក​បា​ធា​យ ជាប់​ព្រំប្រទល់​ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង។
លោក ចក់ សុ​គង់ ប្រធាន​ការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្រុក​បា​ធា​យ បាន​រៀបរាប់​ថា តាម​ការ​ស្រាវជ្រាវ​របស់​ក្រសួង​វប្ប​

ខេត្តកំពង់ឆ្នាំង ៖ ប្រាសាទ «​ស្រី​លក្ខណ៍​» ឬ​ប្រាសាទគោក​ខ្វិត គឺជា​ប្រាសាទបុរាណ​អាយុ​ជាង​៩០០​ឆ្នាំ ។ ប្រាសាទ​នេះ​ស្ថិត​លើ​ទីទួល​ដែល​ទើប​កសាង​វត្ត​ថ្មី​មួយ ក្នុងភូមិ​ខ្វិត ឃុំ​តាំងក្រសាំង ស្រុក​បា​ធា​យ ជាប់​ព្រំប្រទល់​ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង។
លោក ចក់ សុ​គង់ ប្រធាន​ការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្រុក​បា​ធា​យ បាន​រៀបរាប់​ថា តាម​ការ​ស្រាវជ្រាវ​របស់​ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ ប្រាសាទ​នោះ​ឈ្មោះ​ពិត​គឺ «​ប្រាសាទគោក​ខ្វិត​» ចំណែក​ឈ្មោះ​ប្រាសាទ​ស្រី​លក្ខណ៍ គឺជា​ឈ្មោះ​ដែល​តា​អាចារ្យវត្ត​ហៅ​ប៉ុណ្ណោះ ។ ប្រាសាទ​នេះ​ធ្វើ​ពី​ថ្មបាយក្រៀម​ក្នុង​ចន្លោះ​សតវត្ស​ទី​១១​និង​១២ ។ តួ​ប្រាសាទ​ធ្វើ​ពី​ថ្មបាយក្រៀម និង​ខ្លោងទ្វារ​បែរ​ទៅ​ទិស​ខាងកើត ធ្វើ​ពី​ថ្មភក់ ។ ចំណែក​សសរ​ពេជ្រ និង​ចម្លាក់​ផ្តែ​នៅ​ពីលើ​ខ្លោងទ្វារ​ក៏​ធ្វើ​ពី​ថ្មភក់​ដែរ ។

លោក ចក់ សុ​គង់ ឱ្យ​ដឹង​ថា ដើម​ឡើយ ប្រាសាទគោក​ខ្វិត​គឺ​ស្ថិត​នៅ​ឯកា ដោយ​ពុំ​សូវ​មាន​នរណា​ស្គាល់ និង​ចាប់អារម្មណ៍​ឡើយ គឺ​មាន​តែ​ដូនជី​តាជី សង់​ខ្ទម​សំណាក់​ធម៌​ប៉ុណ្ណោះ​។ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បាន​ពិគ្រោះ​យោបល់​ជាមួយ​គ្នា​ថា តើ​គួរ​ឱ្យ​តាជី​យាយជី​ចេញពី​បរិវេណ​ប្រាសាទ​ឬ​យ៉ាងណា ព្រោះ​វា​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាសាទ ។ តាម​ការពិគ្រោះ​យល់​ថា បើ​ឱ្យ​តាជី​យាយជី​ទាំងនោះ​ចេញ​មិន​សម​ទេ តែបើ​ឱ្យ​ពួក​គាត់​ទិញ​ដី​នៅ​ជាប់​បរិវេណ​ប្រាសាទ​យក​ទៅ​ធ្វើ​ជា​វត្ត​អារាម ទើប​ប្រសើរ ។

ពេល​មាន​វត្ត​នឹង​មាន​មនុស្ស​ទៅ​ទស្សនា​កម្សាន្ត ប្រាសាទ​មាន​អ្នក​ថែរក្សា មាន​អ្នក​កសាង​វត្ត និង​មានការ​កសាង​ផ្លូវ​ចូល​ប្រាសាទ ។
ដូនជី តាជី​ដែល​សំណាក់​ធម៌​នៅ​ទីនោះ​បាន​ឯកភាព​គ្នា ហើយ​ខិតខំ​រៃ​អង្គាស​បច្ច័យ​រហូត​បាន​ប្រាក់​ទិញ​ដី​ជាប់​ព្រំ​ដី​ប្រាសាទ ហើយ​បាន​ចាប់ផ្តើម​កសាង​វត្ត​ក្នុង​អំឡុង​ឆ្នាំ​២០១០ ដោយ​ដាក់​ឈ្មោះ​ថា «​វត្ត​ប្រាសាទ​ស្រី​លក្ខណ៍​» ។ ក្រោយ​ពី​កសាង​វត្ត​មក មាន​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ទៅ​គោរព​បូជា និង​ទស្សនា​ប្រាសាទគោក​ខ្វិត ដែល​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍​ពី​មុន​មក​នោះ ដូច​ការ​គ្រោងទុក​មែន។

លោក​ប្រធាន​ការិយាល័យ​វប្បធម៌​បញ្ជាក់​ថា ក្នុង​របប​ខ្មែរក្រហម​ប្រាសាទ​នេះ​មាន​រូបសំណាក​តោ​មួយគូ ធ្វើ​អំពី​ថ្មភក់ តែ​ក្រោយមក​ក៏​បាត់​មិនដឹង​ទៅ​ណា​ទេ ។ព្រះសង្ឃ​នាម អុ​ន ឌឿ​ន មាន​ថេរ​ដីកា​ថា មុន​ពេល​កកើត​វត្ត ព្រះ​អង្គ​ក៏​ជា​អ្នក​សំណាក់​ធម៌​នៅ​ជើង​ប្រាសាទ​ដែរ ។ ក្រោយ​ពី​មន្ទីរ​ធម្មការ​ណែនាំ ក៏​ផ្តួចផ្តើម​គំនិត​គ្នា​កសាង​វត្ត​នេះ​ឡើង ដើម្បី​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​ទាន និង​ម្យា​៉​ង​វិញទៀត​បាន​នៅ​ជិត​ប្រាសាទ​ស្រួល​មើលថែ  ផង ។ លើស​ពី​នេះ​ទៅ​ទៀត ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ក្តី ពេល​ចង់​មក​ធ្វើបុណ្យ​ទាន​នៅ​វត្ត និង​បាន​ទស្សនា​ប្រាសាទបុរាណ​មួយ​នេះ​ផង​ដែរ ។ចំពោះ​ការ​ដាក់​ឈ្មោះ​វត្តថា «​វត្ត​ប្រាសាទ​ស្រី​លក្ខណ៍​» គឺ​ដោយសារ​ស្រឡាញ់​ឈ្មោះ​នេះ ។

វត្ត​ប្រាសាទ​ស្រី​លក្ខណ៍ កសាង​ជាង​៤​ឆ្នាំ​មក​ហើយ តែ​នៅ​មិន​ទាន់​មាន​អ្វី​ជា​ដុំ​កំភួន​ទេ គឺ​ទើបតែ​បាន​ចាក់​គ្រឹះ និង​ចាក់​សសរ​សាលាឆាន់​ប៉ុណ្ណោះ នៅ​លើ​ដី​ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ជាប់​នឹង​បរិវេណ​ប្រាសាទ​ក្នុង​តម្លៃ​៤​ពាន់​ដុល្លារ ។ បុព្វ​ជិត​ដដែល​រំឭក​ថា កាលពី​ព្រះ​អង្គ​ពុំ​ទាន់​បួស នា​ឆ្នាំរោង​ទឹក​ឡើង​ខ្លាំង មាន​ជនខិលខូច​ប្រដាប់​ដោយ​កាំភ្លើង បើកកាណូត​ទៅ​ដល់​ជើង​ប្រាសាទ ។ ទឹក​លិច​ពាក់កណ្តាល​ប្រាសាទ ហើយ​ជន​ទាំងនោះ​បាន​កាយ​ថ្ម​ពីលើ​កំពូល​ប្រាសាទ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក ។

ពួក​គេ​កាយ​យក​ចម្លាក់​ផ្តែ ដែល​ធ្វើ​ពី​ថ្មភក់​នៅ​លើ​ខ្លោងទ្វារ​ប្រាសាទ ប៉ុន្តែ​យក​មិន​បាន​ឡើយ បាន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូចខាត​កំពូល​ប្រាសាទ​អស់​មួយ​ចំនួន​ធំ​ប៉ុណ្ណោះ ។ ពេល​នោះ​ព្រះ​អង្គជា​អ្នក​សំណាក់​ធម៌ និង​សម្រាន្ត​នៅ​មាត់​ស្រះ​មុខ​វត្ត មិន​ហ៊ាន​ទៅ​ជិត​ជន​ទុច្ចរិត​ទាំងនោះ​ទេ ។ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត «​ប្រាសាទ​ស្រី​លក្ខណ៍​» បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា សូម​ជួយ​កសាង​វត្ត​ផង ព្រោះ​នៅ​មានការ​ខ្វះខាត​ខ្លាំង​ណាស់ ។ ការ​ចូលរួម​ជួយ​កសាង​វត្ត​ឱ្យ​រីក​ចម្រើន​ក៏​ដូច​ជា​ជួយ​អភិរក្ស​ប្រាសាទបុរាណ​នៅ​ទីនោះ​ដែរ៕
                 ​