ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សំណុំ​រឿង​ចោរ​លួច​ខោ​តម្លៃ​ជិត​១​លាន​ដុល្លារ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខោ​ជាង​២​ម៉ឺន ដែល​ក្រុម​ចោរ​ជា​សន្ដិសុខ បាន​បំពុល​សន្ដិសុខ​ដូច​គ្នា​យាម​នៅ​រោងចក្រ​កាត់ដេរ​រ៉ូ​សី​ុ​ង​ហ្គា​មេន លួច​យក​ទៅ​នោះ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​រក​ឃើញ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ ព្រមទាំង​ដកហូត​ខោ​ចំនួន​៦​បាវ​ធំ​ៗ ។

រាជធានី​ភ្នំពេញ ៖  ខោ​ជាង​២​ម៉ឺន ដែល​ក្រុម​ចោរ​ជា​សន្ដិសុខ បាន​បំពុល​សន្ដិសុខ​ដូច​គ្នា​យាម​នៅ​រោងចក្រ​កាត់ដេរ​រ៉ូ​សី​ុ​ង​ហ្គា​មេន លួច​យក​ទៅ​នោះ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​រក​ឃើញ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ ព្រមទាំង​ដកហូត​ខោ​ចំនួន​៦​បាវ​ធំ​ៗ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ចំណុច​ផ្សារ​ហេង​លី​ផ្ទះ​លេខ​១០C ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ខណៈ​ពេល​ជន​ទាំងនោះ​រៀប​ខោ​ដាក់​ក្នុង​បាវ​បន្លំ​ធ្វើ​ជា​គីប​ខោអាវ​ជជុះ ប្រុង​នាំ​ចេញ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​បន្ត​ទៅ​ប្រទេស​ថៃ ។ ទោះបីជា​យ៉ាងណា ក្រុម​ជន​ដៃដល់​និង​អ្នកទិញ​ពុំ​ទាន់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅឡើយ​ទេ គឺ​ឃាត់ខ្លួន​បាន​តែ​អ្នក​សី​ុ​ឈ្នួល​ច្រក​ដែល​គាស់​ចេញពី​ឡាំង​ច្រកចូល​ក្នុង​បាវ​គីប​តែ​ប៉ុណ្ណោះ ។ ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ​ផែ សុធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌទួលគោក ។

២-​គូ គឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ៣-​ឈ្មោះ​គឿ​ន ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​កណ្តោល ឃុំ​ព្រែក​រំដេង ស្រុក​មេ​សាង ខេត្តព្រៃវែង ។ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ក៏​ឈាន​ទៅ​ដកហូត​បាន​ខោ​ចំនួន​៦​បាវ​ធំ និង​២​ថង់ ព្រមទាំង​ដកហូត​បាន​សម្បក​កេស​ចំនួន​២៩២ ។ តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យដឹង​ថា បន្ទាប់​ពី​ក្រុម​ចោរ​ដែល​ជា​សន្តិសុខ​បំពុល​សន្តិសុខ​គ្នា​ឯង ហើយ​ធ្វើ​សកម្មភាព​ចូល​លួច​ខោ​ក្នុង​រោងចក្រ​រ៉ូ​ស៊ី​ង​ហ្គា​មេន ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​រក​ឃើញ​ខោ​ទាំងនេះ​ត្រូវ​ក្រុម​ចោរលួច​យក​ទៅ​លក់​ឱ្យ​អាជីវករ​នៅ​ផ្សារ​ហេង លី ។ ជាមួយនឹង​ការ​រក​ឃើញ​នេះ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​កំពុង​រៀបចំ​ច្រក​ខោ​ទាំងនោះ​ក្នុង​បាវ​ដើម្បី​នាំ​ចេញ តែ​ពុំ​ទាន់​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​ទេ ។

មន្ត្រី​នគរបាល​ដដែល​ឱ្យ​ដឹង​ទៀត​ថា ជន​ដៃដល់​ដែល​ធ្វើ​សកម្មភាព​លួច​ខោ​នោះ​ពុំ​ទាន់​ចាប់​បាន​នៅឡើយ​ទេ គឺ​ចាប់​បាន​តែ​កម្មករ​ជួយ​ច្រក​ញាត់​ដាក់​បាវ​តែ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា នគរបាល​ពុំ​ទាន់​ផ្តល់​ព័ត៌មាន​ជា​ផ្លូវការ​នៅឡើយ​ទេ​ជុំវិញ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ។ គួរ​បញ្ជាក់​ថា តាម​ការ​អះអាង​ថា ខោ​ចំនួន​២៥.០០០ ដែល​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​ជិត​១​លាន​ដុល្លារ ខ្លះ​ថា​ជិត​២​លាន​ដុល្លារ​ត្រូវ​បាន​ក្រុម​សន្តិសុខ​៤​នាក់ ឃុបឃិត​គ្នា​ដាក់​ថ្នាំ​សណ្ដំ​សន្តិសុខ​ចំនួន​៦​នាក់ ដោយ​ដាក់​ក្នុង​កាហ្វេ​ទឹក​ដោះ​គោ​ឱ្យ​ផឹក​បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹង​និង​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ កញ្ញា នៅ​ក្នុង​រោងចក្រ ហើយ​សន្តិសុខ​រង​គ្រោះ​ទាំង​៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរព្យាបាល​ឯកជន​មួយ ។

ជន​ដៃដល់​ដែល​ដាក់​ថ្នាំ​បំពុល​សន្តិសុខ​គ្នា​ឯង​នោះ​ត្រូវ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ១-​ឈ្មោះ​អ៊ុ​ង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២-​ឈ្មោះ​មាស សា​គុណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ សេង សុ​ឃ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៤-​ឈ្មោះ ប៉ែន ឡុ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​បាន​ហើយ ក្រុម​សន្តិសុខ​ជា​ចោរ​នោះ​ក៏​យក​ទៅ​លក់ ប៉ុន្តែ​បាន​តែ​១​ថ្ងៃ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ដកហូត​ត្រឡប់​មក​វិញ ។ មិន​ទាន់​មានការ​វាយតម្លៃ​ថា តើ​ការ​លួច​នេះ​មាន​បណ្ដាញ​ជា​ប្រព័ន្ធ​បែប​ណា​នោះ​ទេ តែ​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ ដែល​ទំនិញ​ខោអាវ​គីប​របស់​អាជីវករ​ខ្មែរ​ត្រូវ​គយ​ថៃ​ច្រក​ខ្ល​ង​លឹ​ក​ចាប់​បាន​កន្លង​មក​ដោយ​ចោទ​ថា នាំ​ចូល​ដោយ​គេចពន្ធ​និង​រំលោភ​កម្មសិទ្ធិបញ្ញា ជា​ពិសេស​ខោអាវ និង​ទំនិញ​ដែល​មាន​ម៉ាក​ល្បី​ៗ ។ វាហាក់ដូចជា​មាន​ច្រក​តែ​មួយ គឺ​ប្ដូរ​ខោ​ដែល​លួច​បាន​គាស់​ពី​កេស​ច្រក​ដាក់​បាវ​ខោអាវ​ជជុះ​ដូច​ខោអាវ​គីប​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយ​ប៉ែ​ត ។

តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា ចំនួន​ខោ​ដែល​ចាប់​បាន​មក​វិញ​មាន​ចំនួន​៧.១៦៧ ក្នុង​ចំនួន​ខោ​២៥.០០០ ។ ចំពោះ​អ្នក​ដែល​ចាប់ខ្លួន​៣​នាក់​គឺ​២​នាក់​គ្រាន់តែ​ជា​អ្នក​សី​ុ​ឈ្នួល​មិនដឹង​ថា​គេ​លួច​មកពីណា​នោះ​ទេ តែ​ម្នាក់​ជា​អ្នក​ទទួលផល​ពី​ចោរកម្ម​នេះ ៕