ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ ក្រុម​ការ​ងារ​គណ​បក្ស​ទាំង​២​ ជួប​ជុំ​គ្នា​នៅ​វិមាន​រដ្ឋ​សភា​

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​មក​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នាម​គណៈ​អចិន្ត្រៃយ៍ លោក ស ខេ​ង កាលពី​ថ្ងៃ​ទី​១ សីហា បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ជូន​លោក សម រ​ង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​របស់​ឯកឧត្តម ចុះ​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១៤

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​មក​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នាម​គណៈ​អចិន្ត្រៃយ៍ លោក ស ខេ​ង កាលពី​ថ្ងៃ​ទី​១ សីហា បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ជូន​លោក សម រ​ង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​របស់​ឯកឧត្តម ចុះ​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១៤ ដែល​បាន​ផ្ញើ​មក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា នូវ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តី​ពី​វិសោធនកម្ម​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​ថ្មី​ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត​»​។

លិខិត​របស់​លោក ស ខេ​ង បាន​បន្ត​ថា «​ផ្អែក​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​ក្រុមការងារ (​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​) រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៤ នៅ​វិមាន​រដ្ឋសភា ក្រុមការងារ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​រៀបចំ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​ី​ពី​វិសោធនកម្ម​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​ទី​១៥​ថ្មី ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​រវាង​គណបក្ស​ទាំង​២ កាលពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ ដែល​ខ្ញុំ​សូម​ផ្ញើ​ជូន​ឯក​ឧត្តម​នូវ​ខ្លឹមសារ​ទាំងស្រុង នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​នេះ ។ ខ្ញុំ​សូម​ស្នើ​ឱ្យ​ក្រុមការងារ​របស់​គណបក្ស​ទាំង​២​បន្ត​ជួប​គ្នា ដើម្បី​បញ្ចប់​កិច្ចការ​នេះ​ឱ្យ​បាន​ឆាប់់រហ័ស​បំផុត​» ។

ការ​ឆ្លើយឆ្លង​គ្នា​ដោយ​មានការ​បញ្ជូន​ទៅ​វិញ​ទៅ​មក នូវ​សេចក្តី​ព្រាង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ កោះសន្តិភាព​សូម​យក​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ធ្វើ​វិសោធនកម្ម​របស់​គណបក្ស​ទាំង​២​មក​ចុះ​ផ្សាយ​សម្រាប់​ការ​តាមដាន ខណៈ​ពេល​ដែល​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អាច​នឹង​ត្រូវធ្វើ​ទ្បើ​ង​ប្រសិនបើ​គណបក្ស​ទាំង​២ ឯកភាព​លើ​ចំណុច​នានា ដែល​អាច​ទទួលយក​បាន​នោះ ។ ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ស្តី​ពី​វិសោធនកម្ម​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​ថ្មី​ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា ៖

មាត្រា​៧៦​ថ្មីៈ រដ្ឋសភា​មាន​សមាជិក​ជា​តំណាងរាស្ត្រ​យ៉ាងតិច​១២០​រូប ។ តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង​ដោយ​ការ​បោះ​ឆ្នោត​ជាស​កល ដោយ​សេរី ដោយ​យុត្តិធម៌ ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់ ។ តំណាងរាស្ត្រ​អាច​ឈរឈ្មោះ​បោះ​ឆ្នោត​សា​ជា​ថ្មី​បាន ។ អ្នក​ដែល​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត មាន​អាយុ​យ៉ាងតិច​២៥​ឆ្នាំ មាន​សញ្ជាតិ​ជា​ខ្មែរ​តាំងពី​កំណើត ។ បែបបទ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត ត្រូវ​កំណត់​ក្នុង​ច្បាប់បោះឆ្នោត ។

ជំពូក​ទី​១៥​ថ្មី អំពី​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត
មាត្រា​១៥០​ថ្មីៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គឺជា​អង្គការ​ដែល​មាន​សមត្ថកិច្ច​រៀបចំ ចាត់ចែង​និង​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ព្រមទាំង​ការ​បោះ​ឆ្នោត​ផ្សេង​ទៀត​តាម​ការ​កំណត់​នៃ​ច្បាប់ ។ សមាជិក​ទាំងឡាយ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។

មុខងារ​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​វិសមិតភាព​ជាមួយ​ការ​បំពេញមុខ​តំណែង​ក្នុង​មុខងារសាធារណៈ និង​ជាមួយ​មុខងារ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃ​ទៀត ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ ។ សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មិន​អាច​ធ្វើ​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​ឬ​ធ្វើ​ជា​អ្នកដឹកនាំ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម សហជីព ឬ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ណាមួយ​បាន​ឡើយ ។គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ ។
មាត្រា​១៥១​ថ្មីៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​សមាសភាព​៩​រូប ដែល​ទទួល​អាណត្តិ​៥​ឆ្នាំ ។ ​

សមាសភាព​បួន​រូប​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល បួន​រូប​ជ្រើសរើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង​មួយ​រូប​ត្រូវ​ជ្រើសរើស​ដោយ​មានការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំងអស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ។ ការ​ជ្រើសរើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ជ្រើសរើស​តាម​រយៈ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃ​រដ្ឋសភា ដោយ​អនុវត្ត​តាម​នីតិវិធី​បើកចំហ និង​តម្លាភាព ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា រៀបចំ​បញ្ជី​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដាក់​ជូន​រដ្ឋសភា ដើម្បី​បោះ​ឆ្នោត​ទុកចិត្ត​តាម​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។

សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ។ ក្នុង​ករណី​សមាជិក​ណា​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាត់បង់​សមាជិកភាព​របស់​ខ្លួន គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ត្រូវ​ចាត់​នីតិវិធី​ជ្រើសរើស​សមាសភាព​ថ្មី​ជំនួស ក្នុង​រយៈពេល​កំណត់​ដោយឡែក​ក្នុង​ច្បាប់ ។ ក្នុង​ករណី​ដែល​ខក​ខានមិនបាន​រៀបចំ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សមាសភាព​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មាន​ស្រាប់ ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ត​ទៀត និង​មាន​សមត្ថកិច្ច​ដើម្បី​ចាត់ចែង​រៀបចំ​ការ​បោះ​ឆ្នោត​តាម​ច្បាប់ ។ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ ។ 

ចំណែក​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​លោក សម រ​ង្ស៊ី ផ្ញើ​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង ស្តី​ពី​វិសោធនកម្ម​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​ថ្មី​ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត សេចក្តី​ព្រាង​សរសេរ​ថា មាត្រា​៧៦​ថ្មី រដ្ឋសភា មាន​សមាជិក​តំណាងរាស្ត្រ​យ៉ាងតិច​១២០​រូប ។ តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង​ដោយ​ការ​បោះ​ឆ្នោត​ជាស​កល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់ ។ អ្នក​ដែល​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ គឺជា​ប្រជារាស្ត្រ​ខ្មែរ​ទាំង​២​ភេទ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត មាន​អាយុ​យ៉ាងតិច​២៥​ឆ្នាំ មាន​សញ្ជាតិ​ខ្មែរ ពី​កំណើត ។ បែបបទ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​កំណត់​ក្នុង​ច្បាប់បោះឆ្នោត ។

ចំណែក​ជំពូក​ទី​១៥​ថ្មី ស្តី​ពី​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​ថា ៖
មាត្រា​១៥០​ថ្មីៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គឺជា​អង្គការ​ឯករាជ្យ និង​អព្យាក្រឹត ដែល​មាន​សមត្ថកិច្ច​រៀបចំ ចាត់ចែង និង​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការ​បោះ​ឆ្នោត​ផ្សេង​ទៀត តាម​ការ​កំណត់​នៃ​ច្បាប់ ។ សមាជិក​ទាំងឡាយ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​សិទ្ធិ​អំណាច​ពេញលេញ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​ធានា​ការពារ​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ។

មាត្រា​១៥១​ថ្មីៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​សមាជិក​ចំនួន​៩​រូប ដែល​មាន​អាណត្តិ​៥​ឆ្នាំ ។ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង​៩​រូប ត្រូវ​ជ្រើសរើស​ដោយ ៖ ៤​រូប​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​, ៤​រូប​ជ្រើសរើស​ដោយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា និង​១​រូប​ទៀត ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ត្រូវ​ដំណើរការ​រៀបចំ​នីតិវិធី​ឱ្យ​មានការ​ជ្រើសរើស​ដោយ​បើកចំហ និង​តម្លាភាព​នូវ​បេក្ខជន​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មុន​នឹង​ដាក់​បញ្ជី​បេក្ខជន​ជូន​រដ្ឋសភា ដើម្បី​បោះ​ឆ្នោត​ទុកចិត្ត​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងឡាយ ។

មាត្រា​១៥២​ថ្មីៈ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​ឥស្សរជន​ដែល​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​សញ្ញាបត្រ​កម្រិត​ឧត្តម​សិក្សា​ឡើង​ទៅ ហើយ​មាន​ពិសោធន៍​ច្រើន​ក្នុង​ការងារ​បម្រើ​សង្គម ។ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ដ្រ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ។ ការ​រេ​ៀ​ប​ចំ​និង​ការ​ប្រព្រឹត្ដ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ ។

មាត្រា​១៥៣​ថ្មីៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​ស្វ័យភាព​ក្នុង​ការ​រៀបចំ និង​ការ​ចាត់ចែង​ការងារ​របស់​ខ្លួន ព្រមទាំង​មាន​ថវិកា​ស្វយ័ត​ដើម្បី​បំពេញ​សមត្ថកិច្ច​របស់​ខ្លួន ។ លោក ជាម យៀ​ប មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ សីហា ថា បន្ទាប់​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ប្រជុំ​យ៉ាង​យូរ កាលពី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា រួច​មក គឺ​គណបក្ស​បាន​សម្រេច​បញ្ជូន​សេចក្ដី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទៅ​កាន់​លោក សម រ​ង្សុ​ី ។ សេចក្ដី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវរ៉ូវ​គ្នា​សឹងតែ​ទាំង​អស់ហើយ ។ ប៉ុន្ដែ​លោក​បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា យល់​ទាស់​តែ​មួយ​ទេ គឺ​ការ​ស្នើ​ឱ្យ​សមាជិក គ​.​ជ​.​ប មាន​អភ័យឯកសិទ្ធិ​ដូច​អ្នកតំណាង​រាស្ដ្រ ។ ខាង​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា មិនជា​ការ​ចាំបាច់​ក្នុង​ការ​កំណត់​ឱ្យ​សមាជិក គ​.​ជ​.​ប មាន​អភ័យឯកសិទ្ធិ​ទេ ព្រោះ​គ​.​ជ​.​ប ក៏​ដូច​ជា​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជាដើម​ដែរ ៕