ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​​លេប​ត្របាក់​​លំនៅ​ឋាន​​រយៈ​ពេល​​2ម៉ោង​អស់​​35​​ខ្នង​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អគ្គិភ័យ​ដ៏ធំ​មួយ​ បាន​លេប​ត្របាក់​លំនៅ​ឋាន​តូច​ៗ​សង់​ជាប់​គ្នា​រដឹក​លើ​ផ្ទៃដី​ជា​អតី​ត​ស្រះ​ទឹក​ដ៏​ធំ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ទ្រា​២​ ក្រុម​ទី​២​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ​ក្នុង​រយៈ​ពេល​ប្រមាណ​២​ម៉ោង​ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ កក្កដា​ ឆេះ​ម៉ត់​គ្មាន​សល់​ ប៉ុន្តែ​សំណាងល្អ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទេ​ ។

រាជធានីភ្នំពេញ​ ៖ អគ្គិភ័យ​ដ៏ធំ​មួយ​ បាន​លេប​ត្របាក់​លំនៅ​ឋាន​តូច​ៗ​សង់​ជាប់​គ្នា​រដឹក​លើ​ផ្ទៃដី​ជា​អតី​ត​ស្រះ​ទឹក​ដ៏​ធំ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ទ្រា​២​ ក្រុម​ទី​២​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ​ក្នុង​រយៈ​ពេល​ប្រមាណ​២​ម៉ោង​ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ កក្កដា​ ឆេះ​ម៉ត់​គ្មាន​សល់​ ប៉ុន្តែ​សំណាងល្អ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទេ​ ។

ទាក់ទិន​នឹង​គ្រោះ​មហន្តរាយ​ខាងលើ​នេះ​ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ ដំបូង​គេ​ឃើញ​ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​ហុយ​ចេញ​ពី​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ ជញ្ជាំង​ឥដ្ឋ​ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។ ប៉ុន្តែ​ដោយ​សារ​អណ្តាត​ភ្លើង​បាន​ឆាបឆេះ​ឡើង​សន្ធោ​សន្ធៅ​ទៅ​ហើយ​នោះ​ ទើប​អ្នកស្រុក​មិន​មាន​លទ្ធភាព​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​បាន​ឡើយ​បាន​ត្រឹម​តែ​នាំ​គ្នា​ស្រែក​ស្លន់ស្លោរ​ ជ​ញ្ចូ​ន​យក​ទ្រព្យ​សម្បត្តិ​កំប៉ិក​កំប៉ុក​ចេញពី​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន​ទាំង​ព្រលឹង​ចុង​​សក់​គ្រប់​ៗ​គ្នា​ ។ ដោយ​សារ​លំ​នៅ​ឋាន​សង់​ជាប់​គ្នា​រដឹក​អត់​រៀប​រយ​ ព្រះ​អគ្គី​បាន​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​រាលដាល​ដល់​លំ​នៅ​ឋាន​ផ្សេង​ៗ​ទៀត​យ៉ាង​លឿន​សរុប​អស់​៣៥​ខ្នង​ ទើប​អណ្តាតភ្លើង​រលត់​សូន្យសុង​ទៅ​វិញ​ ដោយ​សារ​បាន​រថយន្ដ​ទឹក​ជួយ​ចុង​ក្រោយ​ ។​​

សូម​បញ្ជាក់​ថា​ លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​៣៥​ខ្នង​ខាងលើ​នេះ​ ជា​ប្រភេទ​សំណង់​មិន​រៀបរយ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេក​ទេស​ឡើយ​ ហើយ​​ជា​សំណង់​ធ្វើ​អំពី​ឈើ​ប្រក់សង្ក័​សី​ស្ទើរ​ទាំងអស់​ ទើប​អណ្តាតភ្លើង​ងាយ​ក្នុង​ការ​ឆាបឆេះ​​ ។​ ម្យ៉ាងទៀត​ ដោយសារ​ក្នុង​ពេល​កើតហេតុ​នោះ​ ខ្យល់​បាន​បោកបក់​យ៉ាង​ខ្លាំង​ ផង​បង្ក​ឱ្យ​អណ្តាតភ្លើង​កាន់តែ​ងាយ​ឆេះ​រាល​ដាល​យ៉ាង​លឿន​រហ័ស​បំផុត​ ។​ អ្វី​ជា​ការ​កត់​សម្គាល់​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ គឺ​អ្នកស្រុក​នៅ​កន្លែង​កើតហេតុ​បាន​រិះគន់​ដល់​កងកម្លាំង​សមត្ថ​កិច្ច​នគរបាល​នៃ​ការិយា​ល័យ​ពន្លត់​ និង​បង្ការ​គ្រោះ​អគ្គិ​ភ័យ​រាជធានី​ភ្នំពេញ​ថា​ ពេល​មក​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ​ នៅ​ត្រេង​ត្រាង​មិន​ប្រញាប់​បាញ់​ពន្លត់​តាំងពី​ការ​ឆេះ​ឡើង​តិច​តួច​នោះ​ទេ​ ទុក​បណ្តោយ​ឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោ​សន្ធៅ​រាល​ដាល​ធ្ងន់ធ្ងរ​ ។

ស្រប​ជាមួយ​កំហឹង​ពុះ​កញ្ជ្រោល​នេះ​ អ្នក​រង​គ្រោះ​ម្នាក់ៗ​បាន​ស្ទុះ​រក​ដុត​កម្ទេច​រថយន្ដ​ដឹក​ទឹក​ចោល​ ទើប​ក្រុម​ពន្លត់​អគ្គិភ័យ​ស្ទុះ​ស្ទា​បាញ់​ពន្លត់​ភ្លើង​ ។​
​ស្ថិត​ក្នុង​ស្ថានភាព​ស្លន់ស្លោរ​ខាងលើ​នេះ  សមត្ថ​កិច្ច​ចម្រុះ​ក្នុង​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​អា​ជ្ងា​ធរ​មូលដ្ឋាន​បាន​ដាក់​កម្លាំង​រាប់រយ​នាក់​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​ពី​ប្រជា​ពល​រដ្ឋ​ ។​ ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ លោក​ សេង​ សាញ់​ មាន​ប្រសាសន៍​ថា​​ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត​ មិន​មាន​ច្រក​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​បាញ់​ទឹក​ពន្លត់​បាន​តាម​សម្រួល​ទេ​ ទើប​អណ្តាត​ភ្លើង​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ឆាប់​រហ័ស​បែប​នេះ​ ។ លោក​និយាយ​ថា​ ឆេះ​អស់​ផ្ទះ​ចំនួន​៣៥​ខ្នង​ គឺ​ស្មើនឹង​៦០​គ្រួសារ​ ។​

លោក​វរសេនីយ៍​ឯក​ នេ​ត​ វ​ន្ថា​ នាយការិ​យា​ល័យ​នគរបាល​ពន្លត់​ និង​បង្ការ​គ្រោះ​មហន្ត​រាយ​អគ្គិភ័យ​​បាន​រៀបរាប់​ថា​ ក្នុង​ឧ​ប្ប​តិ្ត​ហេតុ​ខាងលើ​នេះ​ កម្លាំង​របស់​លោក​មិន​មាន​ចេតនា​ណាមួយ​មិន​ចង់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដូច​មតិ​មួយ​ចំនួន​ចោទ​ប្រកាន់​នោះ​ទេ​ ។​ លោក​និយាយ​ថា​ ដោយ​សារ​តំបន់​នោះ​ស្មុគ​ស្មាញ​ផ្នែក​ប្រព័ន្ធ​ច្រក​ចេញ​ចូល​សម្រាប់​រថយន្ដ​បាញ់​ទឹក​ពន្លត់​ភ្លើង​ ។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​បច្ចេក​ទេស​ក្នុង​ការ​សង្គ្រោះ​ ដោយ​បាញ់​ទឹក​ពន្លត់​ភ្លើង​រហូត​ប្រើប្រាស់​ទឹក​អស់​ជាង​៥០​រថយន្ដ​ ។​ លោក​ នេ​ត​ វ​ន្ថា​ មាន​ប្រសាសន៍​ថា​ សម្រាប់​រយៈ​ពេល​៧​ខែ​ ឆ្នាំ​២០១៤​នេះ​ នៅ​រាជ​ធានី​ភ្នំពេញ​ មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន​៤៩​ករណី​រួម​ទាំង​លើក​ចុង​ក្រោយ​នេះ​ ។​

ក្នុង​នោះ​ដែរ​ គ្រោះ​អគ្គិភ័យ​កន្លង​មក​ បាន​សម្លាប់​មនុស្ស​៣​នាក់​និង​របួស​៣​នាក់​ ។​ លោក​ប្រធាន​ការិយា​ល័យ​​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ឱ្យ​ចូល​រួម​ប្រុង​ប្រយ័ត្ន​បញ្ហា​គ្រោះ​អគ្គិ​ភ័យ​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា​ គឺ​ដូច​ជា​ត្រូវ​មាន​ឧបករណ៍​បាញ់​ពន្លត់​អគ្គិភ័យ​នៅ​តាម​លំនៅ​ឋាន​ជាដើម​ ដើម្បី​បង្ការ​អគ្គិភ័យ​ជា​យថាហេតុ​ ។​ ទាក់​ទិន​នឹង​មូលហេតុ​នៃគ្រោះ​អគ្គិភ័យ​នេះ​ មិនត្រូវ​បាន​ដឹង​ភ្លាមៗ​ទេ ដោយ​ក្រុម​មន្ដ្រី​ឱ្យ​ដឹង​ថា​ រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​សិន​ ដើម្បី​រក​មូល​ហេតុ​ដែល​បង្ក​ពិត​ប្រាកដ​ ៕