ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​​គាល់​​ព្រះមហា​ក្សត្រ សហ​គមន៍​​អន្ដរជាតិ​​ស្វាគមន៍​ និង​ជំរុញ​​ការ​កែ​ទម្រ​ង់​​ស្ថាប័​ន​ជាតិ​​មួយ​​ចំនួន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ជាប់​គាំង​នយោ​បាយ​ដែល​អូស​បន្លាយជិត​មួយឆ្នាំ​កន្លង​មក​នេះ​ បាន​បញ្ចប់​ជា​ស្ថាពរ​ ក្រោយ​ពី​ថ្នាក់ដឹក​នាំ​គណ​បក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា​ នៅ​វិមាន​ព្រឹទ្ធ​សភា​ ដោយ​ចំណាយ​ពេល​ជាង​៥​ម៉ោង​រហូត​ដល់​មានការ​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​និង​កក់ក្ដៅ​។

រាជធានីភ្នំពេញ​ ៖ ការ​ជាប់​គាំង​នយោ​បាយ​ដែល​អូស​បន្លាយជិត​មួយឆ្នាំ​កន្លង​មក​នេះ​ បាន​បញ្ចប់​ជា​ស្ថាពរ​ ក្រោយ​ពី​ថ្នាក់ដឹក​នាំ​គណ​បក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា​ នៅ​វិមាន​ព្រឹទ្ធ​សភា​ ដោយ​ចំណាយ​ពេល​ជាង​៥​ម៉ោង​រហូត​ដល់​មានការ​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​និង​កក់ក្ដៅ​។

បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​សាធារណ​មតិ​ជាតិ​មួយ​ចំនួន​នឹក​ស្មាន​មិនដល់​ និង​បាន​សាទរ​ចំពោះ​ដំណោះ​ស្រាយនយោបាយ​ដោយ​សន្ដិវិធី​ ដែល​ជា​ផ្លូវ​បញ្ចៀស​បាន​នូវ​អំពើហិង្សា​ដែល​អាច​កើត​មាន​ជា​យថាហេតុ​តាម​រយៈ​នៃ​ការ​ញុះញង់​នានា​។ តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៤​ កក្កដា​ ថ្នាក់​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​២​នឹង​ចូល​គាល់​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្ដម​ សីហមុនី​ ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នៅវេលា​រសៀល​ ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ដ្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​នៅរសៀល​ថ្ងៃ​ទី​២៣​ កក្កដា​​​ ។

លោក​ អេង​ ឆៃអ៊ាង​ តំណាង​រាស្រ្ដ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ដ​កណ្ដាល​ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​ បាន​ឱ្យ​ដឹង​ថា​ ថ្នាក់​ដឹក​​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​លោក​ សម​ រង្សុី​ ប្រធាន​គណបក្ស​នឹង​ដឹក​នាំ​បេក្ខជន​ចំនួន​២​រូប​ទៀត​មានលោក​ កឹម​ សុខា​ និង​លោក​ ប៉ុល​ ហំម​ ចូលគាល់​ព្រះ​មហាក្សត្រ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៤​ កក្កដា​ ។​ ការ​ចូលគាល់​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ជាប់់​ឆ្នោត​ទាំង​២​បាន​ឯកភាព​គ្នា​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​បាន​ជាប់​គាំង​ជិត​មួយឆ្នាំ​ហើយ​នេះ​ ។​ អ្វី​ដែល​ប្លែក​នោះ​ គឺ​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​ចូលគាល់​ព្រះ​មហាក្សត្រ​រួច​ហើយ​ តំណាង​រាស្រ្ដ​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​ នឹង​ចូល​ធ្វើ​សច្ចា​ប្រណិ​ធាន​ដើម្បីចូល​ប្រជុំសភា​ ។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ ចំពោះ​ថា​រាល់​ការ​ឯក​ភាព​គ្នា​រវាង​គណបក្ស​ប្រជាជនកម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាលពី​ជួប​ពិភាក្សា​គ្នា​នា​ថ្ងៃ​ទី​២២​ កក្កដា​ រហូត​ដល់​មាន​សេចក្ដី​ព្រមព្រៀង​ និង​មានការ​ចុះ​ហត្ថលេខា​ទាំង​ពីរ​ភាគី​នោះ​​ ពិសេស​ក្នុង​សេចក្ដីព្រម​ព្រៀង​បាន​ឱ្យដឹង​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​គណៈ​កម្មការ​ទី​១​ ,៣ ,៧ ,៨​ និង​ទី​១០​ ដែល​ទើប​បង្កើត​នោះ​តើ​មាន​សមាស​ភាព​ណា​ខ្លះ​ដែល​ត្រូវ​បំពេញ​តួ​នាទី​ក្នុង​គណៈ​កម្មការ​សភា​ទាំង​នោះ​ ?​ ជា​ការ​ឆ្លើយ​តប​ តំណាង​រាស្រ្ដ​ជាប់​ឆ្នោត​រូប​នេះ​មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​ទេ​​ ដោយ​​គ្រាន់តែ​ថា​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់គណបក្ស​ នៅពេល​សម្រេច​បែប​ណា​ អ្នក​សារព័ត៌មាន​នឹង​បាន​ដឹង​ ។

ចំពោះលោក​ សម​ រង្សុី​​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ តើ​នឹង​អាច​មាន​តួនាទី​អ្វី​ក្នុង​ស្ថាប័ន​ណា​មួយ​ ពិសេស​នៅ​ពេល​នេះ​គាត់​មិន​ទាន់​ទទួល​បាន​ជា​តំណាង​រាស្រ្ដ​ពេញ​សិទ្ធិ​នោះ​ តើ​គណបក្ស​កំពុង​តែ​ធ្វើ​យ៉ាង​ណា​ ?​ ក៏​ដូច​ជា​សំណួរ​មុន​ដែរ​ត្រូវ​បាន​លោក​ អេង​ ឆៃ​អ៊ាង​ ឆ្លើយ​ថា​ ជា​កិច្ច​ការ​ផ្ទៃក្នុង​របស់​គណបក្ស​មិនអាច​ប្រាប់​បានទេ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ មន្ដ្រី​រូប​នេះ​បាន​ប្រាប់​កោះ​សន្ដិភាព​ថា​ ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀង​នយោ​បាយ​ផ្លូវ​ការ​យ៉ាង​ណា​ក្ដី​ ចំពោះ​ការ​ធ្វើសមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៧​ កក្កដា​ ខាង​មុខ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ធ្វើ​ជា​ធម្មតា​ គឺ​ដូច​អ្វី​ដែល​គណបក្ស​បាន​ប្រកាស​ជូន​ដំណឹង​រួច​ជា​មុន​ ។​

ទាក់ទិន​នឹង​សមាជ​នេះ​ ពេល​មាន​ការ​តាន​តឹង​ផ្នែក​នយោបាយ​នោះ​ ក្រសួង​មហា​ផ្ទៃ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ធ្វើ​សមាជ​ទេ​ ។​ ឯ​ចំណែក​រឿង​រ៉ាវ​តុលាការ​កោះអញ្ជើញ​លោក​ កឹម​ សុខា​​ អនុប្រធានគណបក្ស​សង្គ្រោះជាតិ​ ឱ្យ​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃ​ទី​២៥​ កក្កដា​ ខាង​មុខ​នេះ​ ត្រូវ​បាន​លោក​ អេង​ ឆៃ​អ៊ាង​ ឱ្យ​ដឹង​ថា​ លោក​ កឹម​ សុខា​ នឹង​ចូល​តាម​អ្វី​ដែល​តុលាការ​កោះ​អញ្ជើញ​។​ រាល់​សំណួរ​មួយ​ចំនួន​ដែល​លោក​ អេង​ ឆៃ​អ៊ាង​ មិន​អាច​ឆ្លើយ​ប្រាប់​បាន​នោះ​ ត្រូវ​បាន​គេហ​ទំព័រ​ក្នុង​ស្រុក​មួយ​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ លោក យឹម​ សុវណ្ណ​ ថា​ ក្រុម​ការងារ​គណបក្ស​សង្គ្រោះជាតិ​ និង​គណ បក្ស​ប្រជា​ជន​កម្ពុជា​ កំពុង​តែ​ដំណើរ​ការ​អនុវត្ដ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ដំណោះ​ស្រាយ​នយោ​បាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ ដែលបាន​ចុះ​ហត្ថលេខា​ឯក​ភាព​គ្នា​ កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា​ ។​

កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​មាន​៦ចំណុច​រួម​មាន​ ដូច​ជា​ការ​កែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​​ (គ.ជ.ប​)​ សមាស​ភាព​ គ.ជ.ប​ ៩រូប​ តាម​រូប​មន្ដ​៤-៤-១​ ហើយ​ត្រូវ​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​កំណែ​ទម្រង់​ក្បាលម៉ាស៊ីន​រដ្ឋ​សភា​តាម​រូប​មន្ដ​៧និង​៦ជា​ដើម​ ។​ លោក​ យឹម​ សុវណ្ណ​ ក៏ត្រូវ​បាន​គេហទំព័រ​នោះ​ដក​ស្រង់​សម្ដី​ទៀត​ថា​ នៅពេល​រៀប​ចំ​កំណែ​ទម្រង់​តាម​កិច្ចព្រមព្រៀង​នោះ​រួច​រាល់​ពេល​ណា​ បេក្ខជនជាប់​ឆ្នោត​តំណាង​រាស្រ្ដ​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​ទៅ​ទទួលអាសនៈ​នៅរដ្ឋ​សភា​ពេល​នោះភ្លាម​​ ។​ ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ និង​ការ​សម្រេច​ចូលរដ្ឋ​សភា​របស់​គណ​បក្ស​សង្គ្រោះជាតិ​នៅ​ពេល​នេះ​ ត្រូវ​បាន​លោក​ យឹម​ សុវណ្ណ​ គូស​បញ្ជាក់​ថា​ មិន​មែន​ជា​ការ​បែង​ចែកអំណាច​ជា​មួយ​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ទេ​ តែ​ជា​ការ​ទៅ​ទទួលអំណាច​ដែល​ប្រជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​បានប្រគល់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ កក្កដា​ ២០១៣​ ។​

បើ​តាម​សម្ដី​មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជា​ជន​កម្ពុជា​វិញ​ថា​ ក្នុង​ពេល​មេ​ដឹក​នាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សង្គ្រោះ​ជាតិ​ ចូលគាល់​ព្រះ​មហាក្សត្រ​ គឺ​មេដឹក​នាំ​ទាំង​ពីរ​នឹង​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ ស្នើ​សុំ​យាង​ព្រះអង្គ​ ធ្វើជា​ព្រះ​រាជា​​ធិបតី​ភាព​សម្រាប់​បេក្ខជន​ជាប់ឆ្នោត​តំណាង​រាស្រ្ដ​គណបក្ស​សង្គ្រោះជាតិ​ ដែលអាច​នឹង​ចូល​ស្បថ​ចំពោះព្រះភ័ក្ដ្រ​ព្រះ​មហាក្សត្រ​ នៅ​ថ្ងៃ​សុក្រ​ ទី​២៥​ កក្កដា​ ។​ ចំពោះ​ដំណោះស្រាយ​បញ្ហា​នយោ​បាយ​នៅ​កម្ពុជា​ ដែល​ចាត់​ទុក​ថា បាន​បញ្ចប់​វិបត្តិ​របស់​ខ្លួន​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​ សហ​គមន៍​អន្តរ​ជាតិ​ ក៏បាន​អបអរ​សាទរ​ផង​ដែរ ។​ បុ៉ន្តែ​យ៉ា​ង​ណា​ក៏​ដោយ​ សហ​គមន៍​អន្តរ​ជាតិ​នៅតែ​អំពាវ​នាវ​ឱ្យ​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​បន្ត​កំណែ​ទម្រង់​ស្ថាប័ន​​ជាតិ​មួយ​ចំនួន និង​ធានា​បាន​នូវ​វឌ្ឍន​ភាព​សង្គម​។​

ពី​ទីក្រុង​ហ្សឺណែវ​ លោក​ សូរិយា ប្រាសាទ ស៊ូប៊ែឌី​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ លើក​ឡើង​ថា​ លោក​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​កិច្ចព្រម​ព្រៀង​នយោ​បាយ​ដែល​គណបក្ស​ទាំង​ពីរ​បាន​រក​ឃើញ​នូវ​ចំណុច​រួម​ ដែល​ជា​អត្ថ​ប្រយោជន៍​សំខាន់​បំផុត​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូល ។​ មិន​ខុស​ពី​អង្គការសហ​ប្រជាជាតិ​បុ៉ន្មាន​នោះ​ទេ​ សហរដ្ឋ​អាមេរិក​​តាម​រយៈ​ស្ថានទូត​អាមេរិក ក៏បាន​បង្ហាញ​ជំហរ​ស្វាគមន៍​ចំពោះ​កិច្ច​ព្រម​ព្រៀង​នយោបាយ​​នេះ​ដែរ ។​ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ John Simmons លើក​ឡើង​តាម​រយៈ​សារអេឡិច​ត្រូនិក​នៅ​ថ្ងៃ​ទី​២៣ កក្កដា​ និងបាន​ដក​ស្រង់​ដោយ​វិទ្យុ RFI ថា ក្រៅ​ពី​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​ ​អាមេរិក​ ក៏​ស្វាគមន៍​ចំពោះ​ការដោះ​លែង​អ្ន​ក​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​៧​រូប​ និង​សកម្ម​ជន​គណ​បក្ស​នេះ​មួយ​រូប​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅថ្ងៃ​ទន្ទឹម​គ្នា​នោះ​ផងដែរ ។​

សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ជបុ៉ន​ ចុះ​ថ្ងៃទី​២២​ កក្កដា ​បាន​ប្រកាស​ស្វា​គមន៍​ជា​ផ្លូវការ​លើ​កិច្ចព្រម​ព្រៀង​រវាង​គណ​បក្ស​ជាប់​ឆ្នោត​ទាំងពីរ​ បន្ទាប់​ពី​ការ​ជួប​ពិភាក្សា​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និងគណ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​បញ្ចប់​​វិបត្តិ​នយោ​បាយ​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត​១​ឆ្នាំមក​ហើយ​ ។​ សេចក្តី​ថ្លែង​ការណ៍​មាន​៣​ចំណុច​គឺ​ ៖ ១-រដ្ឋាភិបាល​ជបុ៉ន​ សូម​ស្វាគមន៍​ចំពោះ​ការ​ឈាន​ដល់​ការព្រម​ព្រៀង​គ្នា​រវាង​​គណបក្ស​កាន់​អំណាច​ និងគណបក្ស​ប្រឆាំង​របស់​កម្ពុជា​ ដើម្បី​រក​ឃើញ​ដំណោះស្រាយ​ក្នុង​ការ​ចរចា​នយោ​បាយ​នៅថ្ងៃទី​២២ កក្កដា ។​ ប្រទេស​ជបុ៉ន​ បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវការ​វិវត្ត​នៃ​ស្ថាន​ការណ៍​ក្រោយ​ពី​អំពើ​ហិង្សា​ដ៏​គួរ​ឱ្យ​សោក​ស្តាយ​កើត​ឡើង​នៅ​ជុំវិញ​ទីលានប្រជាធិប​តេយ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១៥​ កក្កដា ។

២-រដ្ឋាភិបាល​ជបុ៉ន​ បាន​លើក​ទឹក​ចិត្ត​ភាគី​ពាក់​ព័ន្ធ​នានា​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​ឱ្យ​​មាន​កិច្ចព្រម​ព្រៀងគ្នា​រវាង​គណបក្ស​កាន់​អំណាច​​ និង​គណបក្សប្រឆាំង​នៅ​ក្នុង​​ពេល​ឆាប់​ៗ​ ដូច​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​​ផ្ទាល់​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ច​​នៅប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ ។​ ប្រទេស​ជប៉ុន​សង្ឃឹម​យ៉ាងមុត​មាំ​ថា​ ការ​បង្រួប​បង្រួម​ និងការ​ផ្សះ​ផ្សា​ជាតិ​នឹង​ឈាន​ទៅ​មុខ​ ហើយ​រដ្ឋសភា​កម្ពុជា​នឹង​ដំណើរការ​ជា​ប្រក្រតី​ឡើង​វិញ​នាពេល​ដ៏ឆាប់​ខាង​មុខ​នេះ​ យោង​ទៅ​តាម​ការ​ព្រម​ព្រៀង​គ្នា​លើក​នេះ​ ហើយ​​កិច្ច​ពិភាក្សា​គ្នា​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​សំដៅ​ទៅ​រក​កំណែ​ទម្រង់​ផ្សេងៗ​​ ការ​រីក​ចម្រើន​លទ​្ធិ​ប្រជា​ធិបតេយ្យ​ និងការ​កសាង​ប្រទេស​ជាតិ​តាម​រយៈ​ការជជែក​គ្នា​ប្រកប​ដោយ​ស្មារតី​ស្ថាបនា​នៅ​ក្នុង​រដ្ឋ​សភា​នឹងត្រូវ​បាន​ជំរុញ​បន្ថែម​ទៀត​ ។​

៣-រដ្ឋាភិបាល​ជបុ៉ន​ នឹង​យកចិត្តទុកដាក់​តាម​ដាន​សភាព​ការណ៍​នៅ​កម្ពុជា​ជាបន្ត​ទៅ​ទៀត​ ហើយ​នឹង​បន្តគាំទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ និង​កសាង​ប្រទេស​ជាតិ ។​ ការបញ្ចប់​ជម្លោះ​នយោបាយ​ដែល​ខ្វែងគំនិត​គ្នា​នេះ​ បា​ន​ធ្វើ​ឱ្យ​សាធារណរដ្ឋ​បារាំង​សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ។​ នេះ​​បើ​តាម​ការ​លើក​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​​រវាង​ឯកអគ្គ​រដ្ឋ​ទូត​សាធា​រណ​រដ្ឋ​បារាំង​ប្រចាំនៅ​កម្ពុជា​​ លោក Jean-Claude POIMBOEUF ជាមួយ​លោក​អង្គ​ វង្ស​វឌ្ឍា​នា​ កាល​ពី​ព្រឹក​ថ្ងៃទី​២៣ កក្កដា នៅ​ទីស្តី​ការ​ក្រសួង​យុត្តិ​ធម៌ ។​ លោក​ ផូវ​ សំភី​ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​វិស័យ​យុត្តិ​ធម៌​ក្រសួង​យុត្តិ​ធម៌​ បាន​ឱ្យ​ដឹង​ក្រោយ​ចប់​ជំនួប​ថា​ ក្នុង​ជំនួប​ពិភាក្សា​នោះ​ លោក​អគ្គ​រដ្ឋទូត​​បារាំង​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​កម្ពុជា ដែល​បាន​ដោះ​ស្រាយ​បញ្ចប់​វិវាទ​នយោ​បាយ​ជាប់គាំង​អស់​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​ ។​

លោក​ ផូវ​ សំភី​ ឱ្យដឹង​ទៀត​ថា​ ក្នុង​កិច្ច​ពិភាក្សា​លោក​ឯក​អគ្គ​រដ្ឋទូត​បាន​លើក​ឡើង​ពី​ដំណោះ​ស្រាយ​នយោ​បាយ​ដែល​ទើប​បញ្ចប់​នេះ​តើ​អាច​ប៉ះ​ពាល់​ដល់​ការងារ​នីតិ​កម្ម​របស់​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​ដែរ​ឬ​ទេ ?​ លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​លើក​ឡើង​ថា​ ដំណោះស្រាយ​នយោបាយ​មិនប៉ះ​ពាល់​ដល់​អត្ថ​បទ​ច្បាប់​ទាំង​ឡាយ​ដែល​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​អនុ​ម័ត​មុន​កិច្ចព្រម​ព្រៀង​នយោ​បាយ​នោះ​ទេ​ ដោយ​​សារ​តែ​អត្ថ​បទ​ទាំង​នោះ​បាន​ចង​ក្រង​ឡើង​តាម​នីតិ​វិធីត្រឹម​ត្រូវ​​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​នីតិវិធី​ផ្ទៃ​ក្នុង​របស់​​រដ្ឋ​សភា​ និង​ព្រឹទ​្ធ​សភា​ ដូច្នេះ​ពុំ​មាន​បញ្ហា​គតិ​យុត្ត​ទៅ​លើ​អត្ថ​បទ​​ដែល​បាន​​អនុម័ត​កន្លង​មក​នោះ​ទេ ៕