ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Canadia Impact Fund វិនិយោគលើ DOCONCHAIN ដើម្បីគាំទ្រដល់ប្រតិបត្តិការឌីជីថលដែលមានសុវត្ថិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

1 អាទិត្យ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ៖ កាណាឌីយ៉ា អ៉ីមផេក ហ្វាន់ ឫក៏ «Canadia Impact Fund Co.» (CIFC) ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលគ្រប់គ្រងក្រុមហ៊ុនធុរកិច្ចថ្មីសកម្មច្រើនជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយ DOCONCHAIN ។ DOCONCHAIN ​​គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីន ដោយផ្តល់សេវាកម្មជួយដល់ធុរកិច្ច និងស្ថាប័នសាធារណៈ ក្នុងការចុះហត្ថលេខា ធ្វើសាក្សីបញ្ជាក់ឯកសារ (notarization) ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងបញ្ជាក់សុពលភាពនៃឯកសារឌីជីថល ។ ការវិនិយោគនេះនឹងជួយគាំទ្រដល់ការពង្រីកខ្លួនរបស់ DOCONCHAIN ​​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបើកឱកាសឱ្យក្រុមហ៊ុននេះស្វែងរកលទ្ធភាពអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) ដែលរៀបចំឡើងនៅកោះពេជ្រ អមជាមួយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Francophonie) លើកទី ២០ ។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាលនៃ Canadia Impact Fund និងលោក Olivier Bariou នាយកប្រតិបត្តិនៃ DOCONCHAIN ​​ព្រមទាំងមានវត្តមានរបស់លោកស្រី Julie Huguet នាយិកានៃ Mission French Tech ផងដែរ ។

ការធ្វើឱ្យឯកសារឌីជីថលកាន់តែងាយស្រួលផ្ទៀងផ្ទាត់ ៖ DOCONCHAIN ​​អនុញ្ញាតឱ្យស្ថាប័ននានាធ្វើការចុះហត្ថលេខាលើឯកសារឌីជីថល ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារទាំងនោះ និងរកឃើញរាល់ការកែប្រែផ្សេងៗ ។ បច្ចេកវិទ្យារបស់ខ្លួនកត់ត្រារាល់សកម្មភាពទាំងអស់នៅលើបណ្តាញប្លុកឆេនឯកជន (private blockchain) ហើយអាចប្រើប្រាស់បានតាមរយៈវេទិកាផ្ទាល់របស់ DOCONCHAIN ​​ឬអាចដាក់បញ្ចូលទៅក្នុងប្រព័ន្ធអាជីវកម្ម និងប្រព័ន្ធរដ្ឋាភិបាលដែលមានស្រាប់ ។ នៅក្នុងប្រទេសហ្វីលីពីន ប្រព័ន្ធនេះគាំទ្រដល់ប្រព័ន្ធផ្តល់លិខិតអនុញ្ញាតអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ទីក្រុង San Juan ដែលបានដាក់ឱ្យដំណើរការនៅក្នុងខែមករា ឆ្នាំ ២០២៦ ។ លើសពីនេះ DOCONCHAIN ​​បានសហការជាមួយក្រុមហ៊ុន Sprout Solutions ដែលជាអ្នកផ្តល់បច្ចេកវិទ្យាផ្នែកធនធានមនុស្ស (HR) ដើម្បីដាក់បញ្ចូលមុខងារចុះហត្ថលេខាឌីជីថល និងការផ្ទៀងផ្ទាត់ឯកសារទៅក្នុងប្រព័ន្ធរបស់ Sprout ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមហ៊ុន Sprout បានរាយការណ៍ថាខ្លួនកំពុងផ្តល់សេវាកម្មដល់អតិថិជនជាក្រុមហ៊ុនជាង ២០០០ និងអ្នកប្រើប្រាស់សកម្មចំនួន ១៨០០០០ នាក់ ។

លោក Olivier Bariou ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃ DOCONCHAIN ​​បានមានប្រសាសន៍ថា ៖ «យើងបានឃើញថា អាជីវកម្ម និងស្ថាប័នសាធារណៈនានាត្រូវចំណាយពេលវេលាច្រើនប៉ុណ្ណាទៅលើការគ្រប់គ្រងឯកសារ ។ យើងចង់ស្វែងយល់ថាតើបច្ចេកវិទ្យារបស់យើងអាចផ្តល់ប្រយោជន៍អ្វីខ្លះនៅក្នុងប្រទេសកម្ពុជា និងមើលថាតើយើងអាចបង្កើតអ្វីខ្លះរួមគ្នាជាមួយដៃគូក្នុងស្រុក» ។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាល Canadia Impact Fund បានមានប្រសាសន៍ថា ៖ «អ្វីដែលធ្វើឱ្យយើងចាប់អារម្មណ៍លើ DOCONCHAIN ​​នោះគឺបច្ចេកវិទ្យារបស់ខ្លួនត្រូវបានគេប្រើប្រាស់រួចហើយ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង ។ យើងជឿជាក់ថា ដំណោះស្រាយប្រភេទនេះមានលទ្ធភាពសម្រាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលដែលអាជីវកម្ម និងសេវាសាធារណៈកាន់តែច្រើនកំពុងផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល» ។​​

តាមរយៈការវិនិយោគលើ DOCONCHAIN ​​ក្រុមហ៊ុន CIFC មានគោលបំណងគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ឯកសារឌីជីថលដែលមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ដោយជួយឱ្យអាជីវកម្ម និងស្ថាប័នសាធារណៈអាចបង្កើនប្រសិទ្ធភាព កាត់បន្ថយបន្ទុកផ្នែករដ្ឋបាល និងពង្រឹងទំនុកចិត្តលើប្រតិបត្តិការឌីជីថល ។ ការវិនិយោគនេះក៏ឆ្លុះបញ្ចាំងផងដែរអំពីការបន្តគាំទ្ររបស់ CIFC ចំពោះក្រុមហ៊ុនបច្ចេកវិទ្យា ដែលកំពុងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងក្នុងវិស័យអាជីវកម្ម ៕ អត្ថបទសហការ