ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា ផ្សព្វផ្សាយ​ ​បញ្ជ្រាប​ការ​យល់​ដឹងពី​វិស័យនេះ ដើម្បី​រួមចំណែក​ការពារ​ផលប្រយោជន៍ សិទ្ធិ និង​កាតព្វកិច្ច ​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​ ១២ ខែវិច្ឆិកា ឆ្នាំ ​២០២៦ និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា (​ន​.​ធ​.​ក​.) បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី «ការ​ធានា​រ៉ាប់រង​ជា​កាតព្វកិច្ច​» ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការ​យល់​ដឹង អំពី​ការ​ធានា​រ៉ាប់រង​ឱ្យ​បាន កាន់តែ​ទូលំទូលាយ​ជូន​សាធារណជន ក្រសួង​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ជា​ពិសេស​រួមចំណែក ការពារ​ផលប្រយោជន៍ សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង តាម​រយៈ​ការ​គូស​បង្ហាញ​ពី មូលដ្ឋាន​គ្រឹះ ប្រភេទ និង​អត្ថប្រយោជន៍​នៃ​ការ​ធានា​រ៉ាប់រង និង​ការ​ធានា​រ៉ាប់រង​ជា​កាតព្វកិច្ច ព្រមទាំង​តួនាទី​និង ភារកិច្ច​របស់ ន​.​ធ​.​ក​. ។

យោង​តាម​លោកស្រី​បណ្ឌិត ហោ សុ​វ​ឌ្ឍ​នា អគ្គនាយករង នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា បានឱ្យ​ដឹង​ថា ​៖ «​សេដ្ឋកិច្ច​សកលលោក​បន្ត​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា អាច​រក្សា​បាន​នូវ​កំណើន​វិជ្ជមាន ក្នុង​អត្រា​ប្រមាណ ៥.៣% ក្នុង​ឆ្នាំ ​២០២៥ ។ ស្រប​តាម «​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១» និង «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០២៥-២០៣០» របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា វិស័យ​ធានា​រ៉ាប់រង​នៅ កម្ពុជា បាន​និង​កំពុង​ដើរតួ​នាទី ជាស​មាស​ភាគ​មួយ​ដ៏​សំខាន់ ក្នុង​ការ​រួមចំណែក​គាំទ្រ​ដល់ កំណើន​សេដ្ឋកិច្ចជាតិ ពិសេស​ទ្រទ្រង់​ប្រព័ន្ធ​សន្តិសុខ​សង្គម តាម​រយៈ​ការ​បង្កើត​ជា​សំណាញ់ សុវត្ថិភាព និង​ការ​បង្កើន​ភាព​ធន់​ផ្នែក​ហិរញ្ញវត្ថុ ប្រឈម​នឹង​ហានិភ័យ​ដែល​ត្រូវ​បាន​ធានា​ជូន បណ្តា​ប្រជាពលរដ្ឋ គ្រួសារ និង​ម្ចាស់​អាជីវកម្ម​នានា​» ។

លោកស្រី ហោ សុ​វ​ឌ្ឍ​នា បន្ត​ថា ជាក់ស្តែង យោង​តាម​ច្បាប់​ស្តី​ពី​ការ​ធានា​រ៉ាប់រង ដែល​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់ តាំងពី​ឆ្នាំ​២០០០ និង​បាន​ធ្វើ​វិសោធនកម្ម​ជំនួស ដោយ​ច្បាប់​ស្តី​ពី​ការ​ធានា​រ៉ាប់រង នា​ឆ្នាំ ​២០១៤ បាន​កំណត់​ការ​ធានា​រ៉ាប់រង​ចំនួន​បី ជា​កាតព្វកិច្ច​ដែល​រួម​មាន ​៖

១). ការ​ធានា​រ៉ាប់រង​ភារៈ​ទទួលខុសត្រូវ​យានយន្ត ដែល​កំណត់​ថា ម្ចាស់​យានយន្ត ដែល​ប្រកប​អាជីវកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​មានការ​ធានា​រ៉ាប់រង​យានយន្ត​របស់​ខ្លួន ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ណាមួយ លើ​ភារៈ​ទទួលខុសត្រូវ​ចំពោះ​រាល់​ការ​ខូចខាត​បង្ក​ឡើង ដល់​តតិយជន ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​យានយន្ត​របស់​ខ្លួន ​។

២). ការ​ធានា​រ៉ាប់រង​ភារៈ​ទទួលខុស​ត្រូវការ​ដឹក​ជញ្ជូន​អ្នកដំណើរ ដែល​កំណត់​ថា ប្រតិបត្តិ​ករ​អាជីវកម្ម​ដឹក​ជញ្ជូន អ្នកដំណើរ​រួម​ទាំង​ភ្ញៀវ​ទេសចរ តាម​មធ្យោបាយ​ដឹក​ជញ្ជូន​នានា ត្រូវ​មានការ​ធានា​រ៉ាប់រង​ភារៈ ទទួលខុសត្រូវ​ចំពោះ​អ្នកដំណើរ ដែល​ជិះ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន របស់​ខ្លួន ទោះបី​មធ្យោបាយ​នោះ​ចរាចរ​តាម​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ឬ​ផ្លូវដែក​ក៏​ដោយ ។

៣). ការ​ធានា​រ៉ាប់រង​ភារៈ​ទទួលខុសត្រូវ​ការដ្ឋាន ដែល​កំណត់​ថា រូបវន្តបុគ្គល ឬ​នីតិបុគ្គល ទាំងឡាយ​ដែល​ជា​ម្ចាស់​ការដ្ឋាន ត្រូវ​មាន​ភស្តុ​តាង​បញ្ជាក់​ថា ខ្លួន​មាន​កិច្ចសន្យាធានា​រ៉ាប់រង លើ​ភារៈ​ទទួលខុសត្រូវ​ការដ្ឋាន ដែល​ធានា​សំណង​ជូន​ជន​រង​គ្រោះ ដែល​រង​ផល​ប៉ះពាល់ ទាំង​រូបរាង​កាយ និង​ទ្រព្យសម្បត្តិ ដែល​បង្ក​ដោយ​សកម្មភាព​របស់​ការដ្ឋាន ។

ជា​រួម ច្បាប់​បាន​កំណត់​ជា​កាតព្វកិច្ច ដល់​ម្ចាស់​យានយន្ត​ប្រកប​អាជីវកម្ម ម្ចាស់​អាជីវកម្ម ដឹក​ជញ្ជូន​អ្នកដំណើរ និង​ម្ចាស់​ការដ្ឋាន​សាងសង់ ត្រូវ​ទិញ​ធានា​រ៉ាប់រង​ភារៈ​ទទួលខុសត្រូវ ចំពោះ​រាល់​ការ​ខូចខាត​បង្ក​ឡើង ដល់​តតិយជន​ដែល​បណ្តាល​មក​ពី​សកម្មភាព​របស់​ខ្លួន ជាមួយ នោះ​ផង​ដែរ ច្បាប់​ក៏​បាន​កំណត់​ទោសទណ្ឌ ចំពោះ​បុគ្គល​ដែល​ល្មើស​ មិន​អនុវត្ត​តាម​កាតព្វកិច្ច ទាំងនេះ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា សិក្ខាសាលា​នេះ​ក៏​មានការ​ចូលរួម​ពី លោកស្រី តិ​មា វិច្ឆិកា​ល អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​តំណាង​សមាជិក ក្រុមការងារ​អន្តរក្រសួង តំណាង​មន្ទីរ អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រឹះស្ថាន​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ធុរកិច្ច ៕ អត្ថបទ​សហការ