ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ​ ផ្សព្វផ្សាយ​ប្រាក់​រៀល ប្រព័ន្ធ​បាគង និង KHQR ដើម្បី​លើកកម្ពស់​ហិរញ្ញវត្ថុ​ដោយ​បរិ​យា​បន្ន

2 អាទិត្យ មុន

​ខេត្តកំពត ៖ ធនាគារជាតិ​នៃ​កម្ពុជា ​ផ្សព្វផ្សាយ​ប្រាក់​រៀល ប្រព័ន្ធ​បាគង និង​ខេ​អេ​ច​ហ្សូ​អរ ដល់​អាជ្ញាធរ កងកំលាំង​មាន​សមត្ថកិច្ច លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ដើម្បី​ជំរុញ​បង្កើន​ការ​ទូទាត់​តាម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការ​ប្រើប្រាស់​ប្រាក់​រៀល នៅ​លើ​ទីផ្សារ​ឱ្យ​កាន់តែ​ទូលាយ ក្នុង​គោលដៅ​លើកកម្ពស់​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​បន្ន ។

ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី “​ប្រាក់​រៀល ប្រព័ន្ធ​បាគង និង​ខេ​អេ​ច​យ្យ​អរ​” នៅ​ខេត្តកំពត ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ នេះ​ថា ជុំវិញ​ការងារ​លើកកម្ពស់​ប្រាក់​រៀល​នេះ​  រាជរ​ដ្ឋា​ភិ​- បាល និង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន ដោយ​ក្នុង​នោះ​ការ​លើកកម្ពស់​ប្រាក់​រៀល បាន​ចាត់ទុកជា ការងារ​អាទិភាព​មួយ ហើយ​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០​មក ស្រប​ពេល​ដែល​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​លំនឹង​ល្អ​ប្រសើរ ក្រោយ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​នៅ​ចុងឆ្នាំ​១៩៩៨ ជា​លទ្ធផល​, និន្នាការ​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល ក៏​មានការ​កើន ឡើងជា​លំដាប់​ផង​ដែរ​ ។

​ឯកឧត្តម បន្ត​ថា ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល មិនមែន​ជា​កិច្ចការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​តែ​មួយ​នោះ​ទេ ប៉ុន្តែ ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សហគ្រាស អាជីវករ គ្រឹះស្ថាន​អប់រំ និង ប្រជាពលរដ្ឋ​គ្រប់​រូប ​។ ជាក់ស្តែង​យើង​ទាំងអស់​គ្នា​អាច​ចាប់ផ្តើម​ពី​សកម្មភាព​ងាយ​ៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​ជា​៖ អាជីវករ​និង​សហគ្រាស បង្ហាញ​តម្លៃ​ទំនិញ និង​សេវា​ជា​ប្រាក់​រៀល និង​ប្រើប្រាស់​គណនី​ទទួល​ការ​ទូទាត់​ជា​ប្រាក់​រៀល​, ក្រុមហ៊ុន​និង​និយោជក ពង្រីក​ការ​បើក ប្រាក់បៀវត្ស​ជា​ប្រាក់​រៀល​ជូន​បុគ្គលិក​, ប្រជាពលរដ្ឋ​បើក​គណនី​សន្សំ និង​ទូទាត់​ជា​ប្រាក់​រៀល​តាម​លទ្ធភាព ជា​ពិសេស​តាម​រយៈ KHQR និង​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល និង​សិស្សានុសិស្ស​និង​យុវជន ចាប់ផ្តើម​ស្គាល់​តម្លៃ​ប្រាក់​រៀល និង​បង្កើត​ទម្លាប់​ប្រើ ប្រាស់​ប្រាក់​រៀល ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ។

ឯកឧត្តម យឹ​ម លាត បន្ត​ថា ក្រៅពី​ការ​ប្រើប្រាស់​ក្រដាសប្រាក់​រៀល​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ បច្ចុប្បន្ន​ធនាគារ​ក៏​អាច​ទូទាត់​ជា​ប្រាក់ រៀល បាន​យ៉ាង​ងាយស្រួល​តាម​ទូរស័ព្ទ​ដៃ ដោយ​គ្រាន់តែ​ស្កេ​ន QR Code​។ ភាព​ងាយស្រួល​នេះ​ត្រូវ​បាន​គាំទ្រ ដោយ​ការ​អភិវឌ្ឍ​ប្រព័ន្ធ ទូទាត់​ឌី​ជី​ថ​ល ជា​ពិសេស​ប្រព័ន្ធ​បាគង និង​ស្តង់ដា KHQR ។ ប្រព័ន្ធ​បាគង និង​ស្តង់ដា KHQR ដែល​ត្រូវ​បាន​ធនាគារជាតិ​នៃ​កម្ពុជា ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២២ បាន​រួមចំណែក​ធ្វើ​ឱ្យ​ការ​ផ្ទេរ​ប្រាក់ និង​ការ​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ កាន់តែ​ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច ព្រមទាំង​ពង្រីក​លទ្ធភាព​ទូទាត់​ឆ្លង​ដែន​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​។

លើស​ពី​នេះ ស្តង់ដា KHQR ក៏​ត្រូវ​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ឆ្លង​ធនាគារ​ ។ កន្លង​មក​អ្នកលក់​មួយ ចំនួន​ត្រូវ​ដាក់​ស្លាក KHQR ច្រើន សម្រាប់​គណនី​ធនាគារ​ផ្សេង​ៗ​គ្នា និង​សម្រាប់​ការ​ទូទាត់​ជា​ប្រាក់​រៀល ឬ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ​។ ប៉ុន្តែ​បច្ចុប្បន្ន អ្នកលក់​អាច​ប្រើ​ស្លាក KHQR តែ​មួយ ដើម្បី​ទទួល​ការ​ទូទាត់​ពី​ធនាគារ​ផ្សេង​ៗ ទាំង​ជា​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ អា​មេ​រិ​ក​។ ការ​អភិវឌ្ឍ​នេះ​ជួយ​សម្រួល​ដល់​អ្នកទិញ និង​អ្នកលក់ ព្រមទាំង​រួមចំណែក​លើកកម្ពស់​ការ​ទូទាត់​ជា​ប្រាក់​រៀល​តាម​ប្រព័ន្ធ ឌី​ជី​ថ​ល ។ បញ្ហា​នេះ សូម​ឱ្យ​អាជ្ញាធរ កងកំលាំង​មាន​សមត្ថកិច្ច លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ទាំងអស់ បង្កើន​ការ​ទូទាត់​តាម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​ឱ្យ​កាន់តែ​ទូលាយ ដើម្បី​រួម​គ្នា​លើកកម្ពស់ ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​បន្ន​ ៕ អត្ថបទសហការ