រាជធានីភ្នំពេញ ៖ កែប្រែផ្ទៃដីទំហំ ៨,៩ ហិកតាទៅជាមជ្ឈមណ្ឌលជិះសេះបែបខ្មែរសម័យទំនើប គឺជាវិញ្ញាសាប្រកួតប្រជែងក្នុងកម្មវិធី Heritage Through Equestrian Design Architecture Competition ដែលបើកឱកាសឱ្យស្ថាបត្យករខ្មែរ បានបញ្ចេញគំនិតរចនាថ្មីតាមរយៈប្លង់ស្ថាបត្យកម្មរបស់ខ្លួន ។ ក្រោយឆ្លងកាត់ការជ្រើសរើសចេញពីស្នាដៃដាក់ប្រកួតសរុបចំនួន ៤៧ រួចមក ក្រុមបេក្ខភាព Top 30 បានឈានមកដល់វគ្គធ្វើបទបង្ហាញ ដើម្បីប្រជែងដណ្តើមកៅអី Top 10 ។

ក្រុមនីមួយៗមានពេល ១៥ នាទីសម្រាប់ធ្វើបទបង្ហាញ និងឆ្លើយសំណួររបស់គណៈកម្មការ ដោយប្លង់នីមួយៗ បាននាំមកនូវការបកស្រាយអត្តសញ្ញាណស្ថាបត្យកម្មខ្មែរតាមរបៀបខុសៗគ្នា ។ ជាពិសេស គឹភាពស្រស់ស្អាតនៃស្ថាបត្យកម្ម ត្រូវដើរទន្ទឹមគ្នានឹងសុខុមាលភាព សុវត្ថិភាព និងបរិយាកាសកម្សាន្តរបស់ភ្ញៀវទេសចរ និងសេះផងដែរ។ ក្រោយការវាយតម្លៃពីគណកម្មការក្នុងវគ្គនេះ ក្រុមចំនួន ១០ នឹងត្រូវបានជ្រើសរើសឱ្យបន្តទៅវគ្គបន្ទាប់ ។

គួរបញ្ជាក់ផងដែរថា ការប្រកួតរចនា Heritage Through Equestrian Design Architecture Competition ត្រូវបានផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន ជីប ម៉ុង និង LAY GREEN សហការជាមួយសមាគមស្ថាបត្យករខ្មែរ ដើម្បីបើកឱកាសឱ្យកូនខ្មែរបានយកគំនិតរចនាថ្មីៗមកសាកល្បងលើគម្រោងសាងសង់ជាក់ស្តែង អមជាមួយប្រាក់រង្វាន់សរុប ១១,០០០ ដុល្លារ ។ ក្នុងនោះ ជ័យលាភីលេខ ១ នឹងទទួលបាន ៥,០០០ ដុល្លារ, ជ័យលាភីលេខ ២ ទទួលបាន ៣,០០០ ដុល្លារ, ជ័យលាភីលេខ ៣ ចំនួន ២,០០០ ដុល្លារ, និងរង្វាន់ប្រជាប្រិយភាពចំនួន ១,០០០ ដុល្លារ ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ