ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

១២​ឆ្នាំ​នៃ​កំណែ​ទម្រង់ការ​ប្រឡង​បាក់​ឌុ​ប ​! ជីប ម៉ុង នៅ​តែ​បន្ត​រួមចំណែក​ឧបត្ថម្ភ​ថេ​ប្លេ​ត​ចំនួន ២,០៤៤​គ្រឿង ដល់​សិស្ស​និទ្ទេស A ឆ្នាំ ​២០២៦

11 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​ឱកាស​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A សម្រាប់​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ការ​ប្រលង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ នា​ព្រឹក​ថ្ងៃ​ទី​ ២៨ ខែតុលា ឆ្នាំ​ ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ថេ​ប្លេ​ត​ចំនួន ២,០៤៤​គ្រឿង តាម​រយៈ​សម្តេច​បវរ​ធិ​បតី ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ទូ​ទាំង​ប្រទេស ​។

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ OCIC ដោយ​ក្នុង​នោះ សិស្ស​និទ្ទេស A នៃ​ការ​ប្រឡង​បាក់​ឌុ​ប​មាន​ចំនួន ២,០២២​នាក់ និង សិស្ស​និទ្ទេស A សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ចំនួន ២២​នាក់ ​។

ចាប់តាំងពី​កំណែ​ទម្រង់ការ​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ ​២០១៤ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​យកចិត្តទុកដាក់​លើ​ការ​ពង្រឹង​វិស័យ​អប់រំ ព្រមទាំង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ជា​រៀង​រាល់​ឆ្នាំ ​។ ក្នុង​រយៈពេល ​១២​ឆ្នាំ​មកនេះ ជីប ម៉ុង បាន​បន្ត​ឧបត្ថម្ភ​ថេ​ប្លេ​ត តាម​រយៈ​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​សិស្ស​និទ្ទេស A គ្រប់​ៗ​រូប លើកលែង​ឆ្នាំ​២០២០ ដែល​មិន​មានការ​ប្រឡង​កំណត់​និទ្ទេស ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។ គិត​បញ្ចូល​តាំងពី​ឆ្នាំ​២០១៤ រហូត​ដល់​ឆ្នាំ​២០២៦​នេះ ថេ​ប្លេ​ត​ដែល ជីប ម៉ុង បាន​ចូលរួម​ឧបត្ថម្ភ​មាន​សរុប​ចំនួន ១៣,៥៩០​គ្រឿង ​។

ជីប ម៉ុង សង្ឃឹមថា ថេ​ប្លេ​ត​ដែល​សិស្ស​ទទួល​បាន​នៅ​ថ្ងៃនេះ នឹង​បន្ត​ជា​ប្រយោជន៍​ក្នុង​ការ​សិក្សា ស្រាវជ្រាវ និង​ស្វែង​យល់​អ្វី​ថ្មី​ៗ​នៅ​ថ្ងៃ​ខាង​មុខ​។ នេះ​ក៏​ជា​ហេតុផល​ដែល​ក្រុមហ៊ុន​នៅ​តែ​បន្ត​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកទឹកចិត្ត​យុវជន​ខ្មែរ​ឱ្យ​ខិតខំ​រៀនសូត្រ និង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ​៕ អត្ថបទសហការ