ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា ចាត់​ទុក​ស្ត្រី​ដើរតួ​នាទី​ស្នូល​ក្នុង​សេដ្ឋកិច្ច​​សង្គមនៅ​កម្ពុជា

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃ​កម្ពុជា បាន​ចាត់​ទុក​ស្ត្រី​ដើរតួ​នាទី​ស្នូល​ក្នុង​សេដ្ឋកិច្ច​នៅ​ក្នុង​សង្គម​កម្ពុជា​ដោយ​រាប់​បញ្ចូល​តាំងពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ រហូត​ដល់​ការ​ប្រកប​អាជីវកម្ម និង ការ​ចូលរួម​ក្នុង​វិស័យ​កសិកម្ម និង ពាណិជ្ជកម្ម ផង​ដែរ​ ។​ ថ្លែង​ក្នុង «​សិក្ខាសាលា និងកិច្ច​ពិភាក្សាស្តី​ពី បរិ​យា​បន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​នៅ​កម្ពុជា​» នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ ២០២៦ លោកជំទាវ​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា «​ដើម្បី​រក្សា និងពង្រឹង​ការ​ចូលរួម​ចំណែក​ទាំងនេះ ស្ត្រី​ចាំបាច់​ត្រូវ​មាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដែល​សម​ស្រប​ទៅ​នឹង​តម្រូវការ និង គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ពួក​គាត់ ​។ ទោះជា​យ៉ាងណា ការ​ទទួល​បាន​សេវា​តែ​មួយ​មុខ​គឺ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ​។ បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ដែល​មាន​អត្ថន័យ​គ្រប់គ្រាន់ ទាមទារ​ឱ្យ​ស្ត្រី​អាច​ប្រើប្រាស់​សេវា​ទាំងនេះ ដោយ​មាន​ប្រសិទ្ធភាព មាន​លទ្ធភាព​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ផ្អែក​លើ​ព័ត៌មាន​ច្បាស់លាស់ ចេះ​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ និង បង្កើត​នូវ​សុខុមាលភាព​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​រឹង​មាំ​សម្រាប់​ខ្លួនឯង និងគ្រួសារ​»​ ។

លោក​ជំទាវ​បណ្ឌិត បាន​បន្ត​ថា តម្រូវការ​ហិរញ្ញវត្ថុ​របស់​ស្ត្រី​មាន​ភាព​ខុស​ៗគ្នា ទៅ​តាម​កម្រិត​ប្រាក់​ចំណូល មុខរបរ ទីតាំង ភូមិសាស្ត្រ និង ស្ថានភាព​រស់នៅ​ ។ ស្ត្រី​ជា​សហគ្រិន​អាច​នឹង​ត្រូវការ​ប្រភព​ទុន និងការ​គាំទ្រ​អាជីវកម្ម​ដែល​សម​ស្រប ខណៈ​ដែល​ស្ត្រី​ជា​កសិករ អាច​នឹង​ត្រូវការ​ឥណទាន​តាម​រដូវ​កាល សេវា​សន្សំ និង សេវា​ធានា​រ៉ាប់រង​លើ​ការ​ធ្វើ​កសិកម្ម ​។ ចំណែក​ស្ត្រី​នៅ​តំបន់​ជនបទ ស្ត្រី​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង ស្ត្រី​មាន​ពិការ​ភាព អាច​ជួប​ប្រទះ​នូវ​ឧបសគ្គ​បន្ថែម​ផ្សេង​ៗ ដូចនេះ គោលនយោបាយ និង សេវា​ហិរញ្ញវត្ថុ​ចាំបាច់ ត្រូវ​តែ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចម្រុះ​របស់​ស្ត្រី​ ។

លោក​ជំទាវ​បណ្ឌិត បាន​បន្ថែម​ថា លើស​ពី​នេះ ការ​លើកកម្ពស់​សុខុមាលភាព​ហិរញ្ញវត្ថុ​របស់​ស្ត្រី គឺជា​កត្តាចាំបាច់​ក្នុង​ការ​ជួយ​ឱ្យ​ពួក​គាត់​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព ទប់ទល់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​អាច​កើត​មាន​ដោយ​មិន​បាន​រំពឹង​ទុក ចាប់​យក​ឱកាស​សេដ្ឋកិច្ច និង សម្រេច​បាន​នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​សម្រាប់​ខ្លួនឯង និង គ្រួសារ​ ។ លោក​ជំទាវ បាន​បញ្ជាក់​ថា ការ​សម្រេច​បាន​នូវ​គោលដៅ​នេះ មិន​ត្រឹមតែ​តម្រូវ​ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​តម្រូវ​ឱ្យ​មានចំណេះ​ដឹង ទំនុកចិត្ត និង សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​សេវា​ទាំងនោះ​ប្រកបដោយ​ប្រសិទ្ធភាព និង ការ​ទទួលខុសត្រូវ​ផង​ដែរ​ ។

លោក​ជំទាវ​បណ្ឌិត ជា សិរី បានឱ្យ​ដឹង​ទៀត​ថា លើស​ពី​នេះ បរិ​យា​បន្ន​ហិរញ្ញវត្ថុ​របស់​ស្ត្រី​មិន​ត្រឹមតែ​ជា​បញ្ហា នៃ​ឱកាស​ដែល​ទទួល​បាន​ស្មើគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​វិនិយោគ​លើ​ភាព​ធន់ នៃ​សេដ្ឋកិច្ច និង ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ផង​ដែរ ​។ នៅ​ពេល​ដែល​ស្ត្រី​អាច​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដែល​សម​ស្រប និង អាច​ចាប់​យក​ឱកាស​សេដ្ឋកិច្ច​បាន ពួក​គាត់​នឹង​មាន​លទ្ធភាព និង សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ពង្រីក​អាជីវកម្ម គាំទ្រ​គ្រួសារ និង ពង្រឹងសមត្ថភាព​ក្នុង​ការ​ទប់ទល់​នឹង​វិបត្តិ និង ហានិភ័យ​ហិរញ្ញវត្ថុ​ដែល​អាច​កើត​មាន​ដោយ​មិន​បាន​រំពឹង​ទុក​ ។

លោក​ជំទាវ​កិ​តិ្ត​បណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី មាន​ប្រសាសន៍​ថា បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ជា​អាទិភាព​ស្នូល​មួយ​ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី ៦​។ សម្រាប់​ក្រសួង​កិច្ចការ​នារី បរិ​យា​បន្ន​ហិរញ្ញវត្ថុ មាន​អត្ថន័យ​លើស​ពី​ការ​ដែល​ស្ត្រី​គ្រាន់តែ​អាច​បើក​គណនី​ធនាគារ , ការ​ទទួល​បាន​ឥណទាន ឬ ការ​ប្រើប្រាស់​សេវា​ទូទាត់​ឌី​ជី​ថ​ល ​។ លោកជំទាវ​កិ​តិ្ត​បណ្ឌិត បាន​បន្ត​ថា «​អ្វី​ដែល​សំខាន់​ជាង​នេះ តើ​ស្ត្រី មានចំណេះ​ដឹង ឱកាស ផលិតផល និង សេវា​ហិរញ្ញវត្ថុ​សម​ស្រប ព្រមទាំង​មាន​សិទ្ធិ និង ភាព​អង់អាច​ក្នុង​ការ​សម្រេចចិត្ត ដើម្បី​ប្រើ ប្រាស់​ហិរញ្ញវត្ថុ​ក្នុង​ការ​លើកកម្ពស់​ជីវភាព, ការ​ពង្រីក​អាជីវកម្ម, ការ​បង្កើត​ទ្រព្យសម្បត្តិ, ការ​បង្កើន​ភាព​ធន់​របស់​គ្រួសារ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច និង រៀបចំ​ផែនការ​អនាគត​របស់​ខ្លួន​ដោយ​មាន​ទំនុកចិត្ត​ដែរ​ ឬទេ ?»​។

លោក​ជំទាវ​កិ​តិ្ត​បណ្ឌិត បាន​បញ្ជាក់​ថា គោលដៅ​របស់​ក្រសួង មិន​ត្រឹមតែ​នាំ​ស្ត្រី​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវធ្វើ​ឱ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាច​ឆ្លើយ​តប និងបម្រើ​ស្ត្រី​ឱ្យ​បាន​កាន់តែ​ប្រសើរ​» មាន​ន័យ​ថា គឺ​ត្រូវ​បន្តដំណើរ ពី​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ឆ្ពោះទៅ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​អត្ថន័យ និង ឈាន​ទៅ​រក​ការ​ពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី និងក្រុម​គ្រួសារ​របស់​ពួក​គេ ​។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ នៃ​កម្ពុជា (២០២៥) នៅ​ក្នុង​វិស័យ​ធនាគារ ចំនួន​ស្ត្រី​ដែល​បាន​ប្រើប្រាស់​សេវា​ឥណទាន​មាន​ប្រមាណ ៥៣% និង ចំនួន​ស្ត្រី​ដែល​មាន​ប្រាក់​បញ្ញើ​មាន​ប្រមាណ ៥១%​ ។ ចំណែក​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ចំនួន​ស្ត្រី​ដែល​បាន​ប្រើប្រាស់​សេវា​ឥណទាន​មាន​ប្រមាណ ៦៧% និងចំនួន​ស្ត្រី​ដែល​មាន​ប្រាក់​បញ្ញើ​មាន​ប្រមាណ ៦៤%​ ។ ទោះបីជា​តួលេខ​ទាំងនេះ បង្ហាញ​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ស្ត្រី​យ៉ាងណា​ក៏​ដោយ យើង​ក៏​ត្រូវ​ធានា​ផង​ដែរ​ថា ពួក​គាត់​អាច​ទទួល​បាន​ផលិតផល​ដែល​សម​ស្រប​សម្រាប់​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​សុវត្ថិភាព និង សម្រេច​បាន​លទ្ធផល​ហិរញ្ញវត្ថុ​វិជ្ជមាន​ផង​ដែរ​ ។ បច្ចុប្បន្ន ធនាគារជាតិ នៃ​កម្ពុជា និងក្រសួង​-​ស្ថាប័នពាក់ព័ន្ធកំពុង​រៀបចំ «​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ២០២៦-២០៣០» ដោយ​ចាត់​ទុក​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​ជា​អាទិភាព​សំខាន់​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ហិរញ្ញវត្ថុ​ចម្រុះ​របស់​ស្ត្រី ​៕ អត្ថបទសហការ