ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ ​! ក្រុម​បាល់ទះ​វិសាខា គ្រង​ជើងឯក WURKZ Special Volleyball Cup U20 2026 អម​ជាមួយ​ប្រាក់​រង្វាន់​ ៥០​លាន​រៀល​ ពី ​វើក

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រោយ​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​របស់​ក្រុម​បាល់ទះ​យុវជន​ទាំង ១៣ ក្រុម ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពានរង្វាន់ «WURKZ Special Volleyball Cup U20 2026» បាន​បញ្ចប់​ដោយ​ជោគជ័យ និង​រក​ឃើញ​ម្ចាស់​ជើងឯក​ប្រចាំឆ្នាំ​២០២៦ ដោយ​សមាគម​កីឡាបាល់ទះ​វិសាខា បាន​លើក​ពាន​ជើងឯក មេដាយមាស ព្រមទាំង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៥០​លាន​រៀល​ពី​វើក​ ។

ពិធី​បិទ​ការ​ប្រកួត និង​ប្រគល់​ពានរង្វាន់​វគ្គ​ផ្ដាច់ព្រ័ត្រ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ ។

សម្រាប់​លទ្ធផល​ចំណាត់ថ្នាក់​បន្ទាប់ ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ ​២ រួម​ទាំង​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ២០​លាន​រៀល ខណៈ​ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ រួម​ទាំង​មេដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់ ១២​លាន​រៀល​ ។ ចំណែកឯ​ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤​ជាមួយ​ប្រាក់​រង្វាន់​៨​លាន​រៀល​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វើក បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ផ្ដាច់មុខ ចាប់តាំងពី​ឆ្នាំ​២០២៤ មក ដោយ​បន្ត​គាំទ្រ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទះ និង​បង្កើត​ឱកាស​ឱ្យ​កីឡាករ​យុវជន​កម្ពុជា​បាន​ចូលរួម​ប្រកួតប្រជែង បង្ហាញ​សមត្ថភាព និង​ពង្រឹង​បទ​ពិសោធន៍ សម្រាប់​ការ​ប្រកួត​ជា​បន្តបន្ទាប់​។ ការ​គាំទ្រ​នេះ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់ វើក ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​ធនធាន​កីឡាករ​ជំនាន់​ថ្មី និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​វិស័យ​បាល់ទះ​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ ដើម្បី​សម្រេច​បាន​សមិទ្ធផល​ថ្មី​ៗ​ទាំង​ក្នុង​កម្រិត​ជាតិ​និង​អន្តរជាតិ ​។ វើក ជំរុញ បង្កើន យុវជន​បន្តវេន​កីឡាបាល់ទះ សុះសាយ​គ្រប់ ខេត្ត​ក្រុង​! ៕ អត្ថបទសហការ