ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជនជាតិខ្មែរ ក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន

2 ថ្ងៃ មុន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរ នៅក្នុងប្រទេសវៀតណាម ជាពិសេសនៅតំបន់ដីសណ្ដទន្លេមេគង្គ មានការការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ។ កាលពីមុន តំបន់ជាច្រើននៅតែប្រឈមនឹងការលំបាកផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជីវភាពរស់នៅ និងការទទួលបានសេវាសង្គម ។ ប៉ុន្តែបច្ចុប្បន្ននេះ នៅតាមភូមិ និងសហគមន៍ជាច្រើន ទទួលបានការកែលម្អហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ការផលិតកំពុងផ្លាស់ប្តូរទៅរកការផលិត សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារ ហើយជីវភាពរស់នៅទាំងផ្នែកសម្ភារ និងស្មារតីរបស់ប្រជាពលរដ្ឋក៏មានភាពប្រសើរឡើងផងដែរ ។ ការផ្លាស់ប្តូរទាំងនេះបង្ហាញពីប្រសិទ្ធភាព នៃគោលនយោបាយអភិវឌ្ឍន៍តំបន់ ដែលមានជនជាតិខ្មែររស់នៅ របស់រដ្ឋាភិបាលវៀតណាម ។

ការផ្លាស់ប្តូរផ្នែកហេដ្ឋារចនាសម្ព័ន្ធ
នៅតាមមូលដ្ឋាន ដែលមានជនជាតិខ្មែររស់នៅច្រើន ផ្លូវថ្នល់តភ្ជាប់រវាងឃុំនិងឃុំ រវាងភូមិនិងភូមិ ព្រមទាំងផ្លូវចូលទៅកាន់សហគមន៍ជនជាតិខ្មែរ ជាច្រើនខ្សែត្រូវបានវិនិយោគ សាងសង់ និងកែលម្អ ។ ប្រព័ន្ធអគ្គិសនី ទឹកស្អាតសម្រាប់ប្រើប្រាស់ សាលារៀន មណ្ឌលសុខភាព និងប្រព័ន្ធទំនាក់ទំនងក៏កាន់តែប្រសើរឡើង ។ ការធ្វើដំណើរកាន់តែមានភាពងាយស្រួល មិនត្រឹមតែធ្វើឱ្យមុខមាត់នៅតំបន់ជនបទ មានការផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រជាពលរដ្ឋដឹកជញ្ជូន ផលិតផលកសិកម្មទៅកាន់ទីផ្សារបានលឿនជាងមុន កាត់បន្ថយថ្លៃដើមផលិតកម្ម និងពង្រីកឱកាសធ្វើពាណិជ្ជកម្ម ព្រមទាំងការងារផងដែរ ។

ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់ជនជាតិខ្មែរនៅវៀតណាម

ជាក់ស្តែង ខេត្តវិញឡុង (Vĩnh Long) បច្ចុប្បន្នមានប្រជាជន ដែលជាជនជាតិខ្មែរចំនួន ៤១៥ ៩៧០ នាក់ ស្មើនឹង ១០.៤% នៃប្រជាជនសរុបរបស់ខេត្ត ដែលរស់នៅប្រមូលផ្តុំក្នុងឃុំ និងសង្កាត់ចំនួន ៣០ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ភូមិឋាន និងសហគមន៍ជនជាតិខ្មែរ នៅក្នុងខេត្តបានបង្ហាញពីការប្រែប្រួល គួរឱ្យកត់សម្គាល់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរស់នៅ និងស្ថានភាពសេដ្ឋកិច្ចគ្រួសារ ។ ជាពិសេស ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ ការរីកចម្រើននៅតាមភូមិ និងគ្រួសារនីមួយៗ បានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃជីវភាពប្រជាពលរដ្ឋ ព្រមទាំងបង្កើតបរិយាកាសសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់សហគមន៍ជនជាតិខ្មែរកាន់តែច្រើនឡើង ។

លោកស្រី ថាច់ ធី ធូហា (Thach Thi Thu Ha) ប្រធានមន្ទីរជនជាតិ និងសាសនាខេត្តវិញឡុង បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តគោលនយោបាយជនជាតិ ប្រកបដោយភាពស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាព ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អលំនៅឋាន និងជីវភាពរស់នៅ ការលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតឱកាសការងារ ព្រមទាំងការថែរក្សា និងលើកស្ទួយជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជននៅតំបន់ជនជាតិភាគតិច ។

ទន្ទឹមនឹងនេះ ការអនុវត្តកម្មវិធីគោលដៅជាតិ ប្រកបដោយភាពស៊ីសង្វាក់គ្នា រួមជាមួយនឹងការដាក់ចេញវិធានការគោលនយោបាយជាក់លាក់របស់អាជ្ញាធរមូលដ្ឋាន បានរួមចំណែកប្រមូលផ្តុំធនធាន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតលក្ខខណ្ឌអំណោយផល ដល់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងកសាងជីវភាពរស់នៅដោយពឹងផ្អែកលើសមត្ថភាពរបស់ខ្លួន ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែជួយដោះស្រាយ តម្រូវការចាំបាច់របស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ ឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ ។

គំរូគាំទ្រជីវភាពជាច្រើន ដែលត្រូវបានអនុវត្តនៅក្នុងតំបន់ជនជាតិខ្មែរ រស់នៅក្នុងប្រទេសវៀតណាម កំពុងបង្ហាញឱ្យឃើញថាមានប្រសិទ្ធភាព ។

ជីវភាពរស់នៅរបស់ប្រជាជនខ្មែរកំពុងមានការផ្លាស់ប្តូរជាបណ្តើរៗ
កាលពីមុន ប្រាក់ចំណូលរបស់គ្រួសារជាច្រើន ពឹងផ្អែកជាចម្បងលើការធ្វើកសិកម្មខ្នាតតូច បច្ចុប្បន្ន រចនាសម្ព័ន្ធសេដ្ឋកិច្ចនៅតាមមូលដ្ឋានជាច្រើនមានភាពចម្រុះកាន់តែខ្លាំង ។ ប្រជាពលរដ្ឋទទួលបានការគាំទ្រក្នុងការទទួលបាន ឥណទានតាមគោលនយោបាយ គ្រាប់ពូជ ដំណាំ និងពូជសត្វ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកទេសវិទ្យាសាស្ត្រ ។ គ្រួសារជាច្រើនបានផ្លាស់ប្តូរ ទៅដាំស្រូវដែលមានគុណភាពខ្ពស់ ដាំដំណាំហូបផ្លែ និងបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមជលផល ឬចូលរួមក្នុងវិស័យសិប្បកម្ម សេវាកម្ម និងធ្វើការនៅតាមសហគ្រាសនានា ។

លោក ថាច់ សុកខា (Thach Soc Kha) រស់នៅក្នុងឃុំញីទ្រឿង (Nhi Truong) ខេត្តវិញឡុង បានឱ្យដឹងថា នៅឆ្នាំ២០២៣ បន្ទាប់ពីកូនប្រុសរបស់លោកឈ្មោះ ថាច់ ចាញ់ដា (Thach Chanh Da) បានបញ្ចប់ការសិក្សាថ្នាក់ទី១២ និងមានបំណងទៅធ្វើការនៅប្រទេសជប៉ុន គ្រួសាររបស់លោកបានទទួលការណែនាំ យ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន អំពីនីតិវិធីចាំបាច់ ព្រមទាំងទទួលបានលក្ខខណ្ឌអនុគ្រោះ ក្នុងការខ្ចីប្រាក់ចំនួន ៥ ០០០ ដុល្លារអាម៉េរិក ពីធនាគារគោលនយោបាយសង្គម ដើម្បីចំណាយលើការទៅធ្វើការនៅក្រៅប្រទេស ។

រហូតមកដល់បច្ចុប្បន្ន កូនប្រុសរបស់គាត់មានប្រាក់ចំណូលជាមធ្យមជិត ១ ៥០០ ដុល្លារអាម៉េរិកក្នុងមួយខែ ហើយបានផ្ញើប្រាក់ត្រឡប់មកគ្រួសារវិញពី ៤០០ ទៅ ៥០០ ដុល្លារអាម៉េរិក ក្នុងមួយខែ ដើម្បីជួយឪពុកម្តាយក្នុងការចំណាយប្រចាំថ្ងៃ និងសងបំណុលធនាគារ ។

វត្តភូឡី ខេត្តវិញឡុង

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺប្រជាពលរដ្ឋខ្មែរបានផ្លាស់ប្តូរផ្នត់គំនិត ក្នុងការផលិតជាបណ្តើរៗ ដោយងាកចេញពីការផលិតក្នុងគោលបំណងត្រឹមតែ «ធ្វើស្រែចម្ការឱ្យមានអាហារគ្រប់គ្រាន់ សម្រាប់បរិភោគ» ទៅជា «ផលិតដើម្បីផ្គត់ផ្គង់ផ្សារ» ។

គំរូសហការផលិត សហករណ៍ ការតភ្ជាប់រវាងការផលិត និងការប្រមូលទិញផលិតផលកសិកម្ម ព្រមទាំងកម្មវិធី OCOP (កម្មវិធីឃុំមួយ ផលិតផលមួយ) បានបើកឱកាសថ្មីៗបន្ថែមទៀត ដើម្បីឱ្យផលិតផលរបស់ប្រជាពលរដ្ឋខ្មែរ អាចចូលទៅកាន់ទីផ្សារដែលមានវិសាលភាពធំទូលាយជាងមុន ។ ការប្រើប្រាស់គ្រឿងយន្ត បច្ចេកទេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ក្នុងការផលិត ការផ្សព្វផ្សាយ និងការលក់ផលិតផល ក៏កំពុងលេចឡើងកាន់តែច្រើន នៅតាមតំបន់ជនបទផងដែរ ។

ទន្ទឹមនឹងការអភិវឌ្ឍផលិតកម្ម ការងារកាត់បន្ថយភាពក្រីក្រ និងធានាសុខុមាលភាពសង្គមក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ។ កម្មវិធីគាំទ្រលំនៅឋាន ដីសម្រាប់សាងសង់លំនៅឋាន ទឹកស្អាតសម្រាប់ប្រើប្រាស់ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតការងារ និងឥណទានអនុគ្រោះ បានជួយឱ្យគ្រួសារខ្មែរជាច្រើន មានលក្ខខណ្ឌកាន់តែប្រសើរឡើង ក្នុងការធ្វើឱ្យជីវភាពរស់នៅកាន់តែមានស្ថិរភាព ។

ពិធីបុណ្យសែនដុលតា (Sene Dolta) របស់ជនជាតិខ្មែរនៅប្រទេសវៀតណាម

ជាពិសេស កម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ សម្រាប់ដំណាក់កាលឆ្នាំ២០២១–២០៣០ បានផ្តល់ធនធានបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់លាក់ នៅតាមតំបន់ដែលមានប្រជាជនខ្មែររស់នៅ ។

គ្រួសាររបស់លោកស្រី ថាច់ ធី ចាម (Thach Thi Cham) រស់នៅក្នុងឃុំញីទ្រឿង ខេត្តវិញឡុង ធ្លាប់ស្ថិតក្នុងចំណោមក្រុមគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែបន្ទាប់ពីទទួលបានប្រាក់កម្ចីឥណទានចំនួន ២ ៥០០ ដុល្លារអាម៉េរិក ដើម្បីចិញ្ចឹមគោបង្កាត់ពូជ ក្រោមកម្មវិធីអភិវឌ្ឍជីវភាពរស់នៅ គ្រួសាររបស់លោកស្រីបានមានមធ្យោបាយផលិតកម្ម និងអាចកសាងជីវភាពរស់នៅឱ្យកាន់តែមានស្ថិរភាពជាងមុន ។

ការអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ
ការផ្លាស់ប្តូរដ៏មានអត្ថន័យយូរអង្វែងមួយទៀត គឺការយកចិត្តទុកដាក់កាន់តែខ្លាំងលើ គុណភាពធនធានមនុស្ស។ កូនចៅរបស់ប្រជាជនខ្មែរមានឱកាសទទួលបានការអប់រំប្រសើរជាងមុន ចាប់ពីកម្រិតមធ្យមសិក្សា រហូតដល់ការអប់រំវិជ្ជាជីវៈ និងឧត្តមសិក្សា ។

ការបង្រៀន និងរៀនភាសាខ្មែរ ការថែរក្សាប្រព័ន្ធសាលារៀនអន្តេវាសិកដ្ឋានជនជាតិភាគតិច និងការផ្តល់ជំនួយដល់សិស្សដែលមានស្ថានភាពលំបាក មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតចំណេះដឹងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការអភិរក្សភាសានិយាយ អក្សរសាស្ត្រ និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរផងដែរ ។

កុមារមកពីជនជាតិខ្មែររៀនលេងតន្ត្រី «ងូអាំ» នៅវត្តព្រះធាតុ ឃុំអូឡាំ ខេត្តអានយ៉ាង ប្រទេសវៀតណាម។

យុវជនខ្មែរកាន់តែច្រើនឡើង កំពុងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលធ្វើការនៅតាមសហគ្រាស ស្ថាប័នរដ្ឋ ឬបង្កើតសកម្មភាពផលិតកម្ម និងអាជីវកម្មផ្ទាល់ខ្លួន ។

ការអភិវឌ្ឍសេដ្ឋកិច្ចក៏បានបង្កើតលក្ខខណ្ឌ ឱ្យជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជនខ្មែរកាន់តែប្រសើរឡើងផងដែរ ។ ពិធីបុណ្យប្រពៃណីដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សែនដូនតា និងអកអំបុក ព្រមទាំងភាសានិយាយ អក្សរសាស្ត្រ សិល្បៈ និងព្រះពុទ្ធសាសនាថេរវាទរបស់ជនជាតិខ្មែរ នៅតែត្រូវបានថែរក្សា និងអភិរក្សជាបន្តបន្ទាប់ ។

នៅតាមមូលដ្ឋានមួយចំនួន វប្បធម៌ខ្មែរត្រូវបានផ្សារភ្ជាប់ ជាមួយនឹងទេសចរណ៍សហគមន៍ ផលិតផលសិប្បកម្ម និងផលិតផលពិសេសប្រចាំមូលដ្ឋាន ។ វិធីសាស្ត្រនេះមិនត្រឹមតែជួយថែរក្សាអត្តសញ្ញាណវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រភពចំណូល និងជីវភាពរស់នៅបន្ថែម សម្រាប់ប្រជាពលរដ្ឋផងដែរ ។

នៅទីក្រុងកឹនធើ (Can Tho) ការងារថែរក្សា និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជនជនជាតិភាគតិច តែងតែទទួលបានការយកចិត្តទុកដាក់។ ទីក្រុងនេះមានប្រជាជន ដែលជាជនជាតិខ្មែរជាង ៥៤៣ ០០០ នាក់ ស្មើនឹងប្រមាណ ១៤,១១% នៃប្រជាជនសរុបរបស់ទីក្រុង ។ នៅទូទាំងទីក្រុងមានវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ១២០ វត្ត ។

ប្រព័ន្ធវត្តខ្មែរមានតួនាទីសំខាន់ក្នុងជីវិតសហគមន៍ ។ វត្តមិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពជំនឿ និងសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាកន្លែងអភិរក្ស និងបង្រៀនភាសានិយាយ អក្សរសាស្ត្រ រក្សាទុកសំណេរ និងឯកសារបុរាណ សិល្បៈប្រជាប្រិយ អប់រំសីលធម៌ និងបន្តបណ្តុះតម្លៃវប្បធម៌ប្រពៃណី ដល់កូនចៅជំនាន់ក្រោយរបស់ជនជាតិខ្មែរផងដែរ ។

លោកស្រី ទ្រិញ ធី ធ្វី (Trinh Thi Thuy) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានមានប្រសាសន៍ថា៖ «តម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជនជនជាតិខ្មែរ ចាប់ពីប្រព័ន្ធវត្តព្រះពុទ្ធសាសនាថេរវាទ ពិធីបុណ្យប្រពៃណី សិល្បៈប្រជាប្រិយ រហូតដល់ភាសានិយាយ អក្សរសាស្ត្រ និងចំណេះដឹងប្រជាប្រិយ គឺជាមរតកដ៏មានតម្លៃមហាសាល ដែលចាំបាច់ត្រូវថែរក្សា អភិរក្ស និងលើកស្ទួយក្នុងបរិបទនៃការអភិវឌ្ឍ និងសមាហរណកម្មនាពេលបច្ចុប្បន្ន» ។

ជាសរុបមក ការផ្លាស់ប្តូរនៅតំបន់ដែលមានប្រជាជនជាជនជាតិខ្មែររស់នៅ មិនត្រឹមតែបង្ហាញតាមរយៈផ្លូវថ្នល់ថ្មីៗ ផ្ទះសម្បែងសមរម្យ ឬប្រាក់ចំណូលដែលកើនឡើងប៉ុណ្ណោះទេ ។ អ្វីដែលសំខាន់ជាងនេះ គឺការផ្លាស់ប្តូររបៀបផលិតកម្ម និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ក្នុងការបង្កើនជីវភាពរស់នៅដោយខ្លួនឯង ។

សិស្សខ្មែរឆ្នាំ២០២៦-២០២៧

ចេញដំណើរពីការគាំទ្រ ដើម្បីដោះស្រាយតម្រូវការចាំបាច់ជាមូលដ្ឋាន គោលនយោបាយរបស់ប្រទេសវៀតណាម កំពុងឆ្ពោះទៅរកការបង្កើតលក្ខខណ្ឌឱ្យប្រជាជនខ្មែរ អាចចូលរួមក្នុងទីផ្សារដោយសកម្ម ទទួលបានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងប្រើប្រាស់សក្តានុពល និងប្រៀបខ្លាំងរបស់មូលដ្ឋាន ។

ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់គុណភាពធនធានមនុស្ស ការគាំទ្រការផលិតសម្រាប់ទីផ្សារ ការអភិវឌ្ឍសហគ្រាស និងសហករណ៍ ការបង្កើតការងារដែលមានស្ថិរភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយជាកត្តាសំខាន់បំផុត ក្នុងការធ្វើឱ្យការផ្លាស់ប្តូរទាំងនេះ កាន់តែមានខ្លឹមសារ និងនិរន្តរភាព ។

តាមរយៈដំណើរការនេះ ប្រជាជនខ្មែរមិនត្រឹមតែទទួលបានផលប្រយោជន៍ ពីសមិទ្ធផលនៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាតួអង្គសកម្ម ដែលចូលរួមចំណែកដោយផ្ទាល់ ក្នុងការអភិវឌ្ឍតំបន់ដីសណ្ដទន្លេមេគង្គ និងប្រទេសជាតិទាំងមូលផងដែរ ៕ អត្ថបទដោយ៖ So Vanna