រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៦ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង Newwave ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) របស់កម្ពុជាដែលមានកំណើនយ៉ាងឆាប់រហ័ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូកាលពីថ្ងៃចន្ទ ទី៥ ខែតុលា។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងស្របពេលជាមួយនឹងកម្មវិធីពិភាក្សាអំពីបច្ចេកវិទ្យា (Tech Talk) ដែលដឹកនាំដោយលោកស្រី Kim Chan Amrithvatey នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Newwave ។
ការចុះហត្ថលេខានេះគឺជាការចាប់ផ្តើមដំណើរការបឋម (soft launch) នៃមន្ទីរពិសោធន៍នវានុវត្តន៍ថ្មី Innovation Lab Connexion កោះពេជ្រ ។

OCIC និង Newwave សហការគ្នាដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល
តាមរយៈភាពជាដៃគូនេះ Newwave នឹងធ្វើការដោយផ្ទាល់ជាមួយ OCIC ដើម្បីនាំយកជំនាញផ្នែក AI និងកម្មវិធីកុំព្យូទ័រ (software) របស់ខ្លួនមកអនុវត្តនៅក្នុងអាជីវកម្មនានារបស់ក្រុមហ៊ុន OCIC ។
កិច្ចសហប្រតិបត្តិការនេះនឹងជួយឱ្យ OCIC សម្រួលដល់ដំណើរការការងារ ឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងតម្រូវការដែលមានការផ្លាស់ប្តូរពីអតិថិជន និងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការធ្វើការងារ ។
ក្រុមហ៊ុន Newwave ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ ផ្តល់ជូននូវសេវាកម្ម AI និងកម្មវិធីកុំព្យូទ័រដល់អាជីវកម្មនានាទាំងក្នុង និងក្រៅប្រទេសកម្ពុជា។ Canadia Impact Fund (CIFC) ដែលជាមូលនិធិវិនិយោគរបស់ កាណាឌីយ៉ា គ្រុប (Canadia Group) បានវិនិយោគលើ Newwave ក្នុងដំណាក់កាលចាប់ផ្តើមដំបូង (seed round) កាលពីខែកញ្ញា ឆ្នាំ ២០២៦ ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងនេះបានពង្រីកទៅជាភាពជាដៃគូ ផ្នែកប្រតិបត្តិការជាមួយ OCIC ។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយក្រុមហ៊ុន Newwave នេះនឹងអនុញ្ញាតឱ្យក្រុមការងាររបស់យើង ស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យា AI អាចជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងរបៀបដែលយើងអាចផ្តល់សេវាកម្ម កាន់តែប្រសើរដល់អតិថិជន ។ នៅពេលដែលអាជីវកម្មរបស់យើងរីកចម្រើន ហើយការរំពឹងទុករបស់អតិថិជនមានការផ្លាស់ប្តូរឥតឈប់ឈរ យើងត្រូវការដៃគូដែលអាចជួយយើងឱ្យឆ្លើយតបបានលឿន និងសម្របខ្លួនទៅនឹងតម្រូវការ របស់ប្រជាជនវ័យក្មេងឫយុវវ័យជំនាន់ក្រោយ ។ Newwave ផ្តល់ឱ្យយើងនូវវិធីសាស្ត្រជាក់ស្តែងក្នុងការនាំយក AI និងឧបករណ៍បច្ចេកវិទ្យាមកប្រើប្រាស់ ដើម្បីឱ្យក្រុមការងាររបស់យើង អាចផ្តោតការយកចិត្តទុកដាក់លើ តម្រូវការរបស់អតិថិជន» ។
សម្រាប់ក្រុមហ៊ុន OCIC កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរ ទៅរកប្រព័ន្ធឌីជីថល (digital transformation) ។ ចំណែកឯក្រុមហ៊ុន Newwave នេះគឺជាឱកាសមួយដើម្បីអនុវត្តឧបករណ៍ AI របស់ខ្លួននៅក្នុងក្រុមហ៊ុនពហុវិស័យដ៏ធំបំផុតមួយរបស់កម្ពុជា និងជាការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើករណីប្រើប្រាស់ជាក់ស្តែង និងគម្រោងធំៗ ។

មន្ទីរពិសោធន៍នវានុវត្តន៍ (Innovation Lab) ថ្មីមួយនៅ Connexion
ទន្ទឹមនឹងនេះ OCIC បានបើកដំណើរការ Innovation Lab ថ្មីមួយ ដែលគាំទ្រដោយ Newwave ដើម្បីអនុញ្ញាតឱ្យមានការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ី ។ Innovation Lab របស់ Connexion Hub ជាមជ្ឈមណ្ឌលជាក់ស្តែងសម្រាប់ជំរុញនវានុវត្តន៍ ការសាកល្បង និងកិច្ចសហការរវាងសាជីវកម្ម និងក្រុមហ៊ុន ធុរកិច្ចថ្មី (Startup) ។
Innovation Lab របស់ OCIC ដែលគាំទ្រដោយ Newwave នឹងផ្តល់នូវការជំរុញ AI សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម ទីតាំងសម្រាប់ក្រុមហ៊ុន Startup អន្តរជាតិដែលមានបំណងចូលមកប្រកបអាជីវកម្មនៅកម្ពុជា កម្មវិធីនវានុវត្តន៍សម្រាប់សាជីវកម្ម ការបង្ហាញ និងសាកល្បងបច្ចេកវិទ្យា ការពិសោធន៍ AI និងការបច្ចេកវិទ្យាថ្មីៗ កិច្ចប្រជុំវិនិយោគិន និងក្រុមហ៊ុនធុរកិច្ចថ្មី ។

វិស័យអាទិភាពដែលនឹងត្រូវសិក្សា និងសាកល្បងជាដំបូង រួមមាន បញ្ញាសិប្បនិម្មិត (AI), បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech), សន្តិសុខសាយប័រ (Cybersecurity), ទីក្រុងឆ្លាតវៃ (Smart City), ប្រព័ន្ធដឹកជញ្ជូន និងការចល័ត (Mobility) ព្រមទាំងបច្ចេកវិទ្យា សម្រាប់វិស័យអចលនទ្រព្យ និងសំណង់ ។
ដោយផ្តោតសំខាន់លើក្រុមហ៊ុនធុរកិច្ចថ្មី (Startups) ស្ថាបនិក សិស្ស-និស្សិត និងសហគ្រិន កម្មវិធីនេះមានគោលបំណងគាំទ្រគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបង្កើតការផ្លាស់ប្តូរយូរអង្វែងសម្រាប់កម្ពុជា ។

កន្លែងដែលបច្ចេកវិទ្យារបស់កម្ពុជា សម្រាប់ថ្ងៃអនាគត នឹងត្រូវបានសាងសង់
សព្វថ្ងៃនេះ Innovation Lab ចាប់ផ្តើមជាកន្លែងសម្រាប់មនុស្សជួបជុំ ចែករំលែកក្តីស្រមៃ និងការតភ្ជាប់។ នៅថ្ងៃអនាគត ទីកន្លែងនេះនឹងក្លាយជាកន្លែងមួយដែលអនាគតបច្ចេកវិទ្យារបស់កម្ពុជាត្រូវបានអភិវឌ្ឍ សាកល្បង និងពង្រីក ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ