រាជធានីភ្នំពេញ ៖ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី១០ នៅ វត្តឧណ្ណាលោម ដើម្បីទំនុកបម្រុង ចាត់ចែងចង្ហាន់ និងបច្ច័យច៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសកុសលជូនបុព្វការីជន សាច់ សារលោហិត និងដួងវិញ្ញាណក្ខ័នវីរយុទ្ធជនកម្ពុជា ដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។

លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា ទទួលកាន់ បិណ្ឌវេនទី១០ ត្រូវនិងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ចែងចង្ហាន់ ប្រគេនព្រះសង្ឃគង់នៅវត្តឧណ្ណាលោម ។ ពិធីបុណ្យកាន់ បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់និងបច្ច័យ ៤ ប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាល កិត្តិយស ធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយ មានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ ។

ក្រៅពីការឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត អ្វីដែលថ្នាក់នាំ មន្ត្រីរាជការ-បុគ្គលិក និងប្រជាពលរដ្ឋមិនអាច បំភ្លេចបាន គឺគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនកម្ពុជាយើង ។ តាមរយៈនៃបុណ្យកុសលដែលបាន ធ្វើឡើងបិណ្ឌ ទី១០នេះ លោកជំទាវក៏បានឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់ សម័យកាល ជាពិសេសវីរយុទ្ធជនដែលពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិចពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗកន្លង មក សូមឲ្យមនុញ្ញផលជូនដល់វិញ្ញាណក្ខន្ធអស់លោកទាំងនោះ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាត ។

ក្នុងពិធីនេះដែរ, លោកជំទាវក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ ព្រមទាំងបារមីដូនតាខ្មែរ និងអតីតមេទ័ពខ្មែរគ្រប់ជំនាន់ ជួយតាមថែរក្សា ការពារវីរកងទ័ព និងវីរនគបាលជាតិ ដែលកំពុងលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ឈរជើងការពារបូរណភាព ទឹកដី និងសន្តិសុខនៅតាមបន្ទាត់ព្រំដែន ឱ្យទទួលបានជ័យជម្នះ និងសុខសុវត្ថិភាពក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី១០នេះ លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា បច្ច័យដែលប្រមូល បានពីពុទ្ធបរិស័ទទាំងអស់ប្រមាណ៨០លានរៀល បានវេប្រគេនដល់ព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងឧណ្ណាលោម ដើម្បីចូលរួមដល់ការរីកចម្រើននៅក្នុងវិស័យពុទ្ធចក្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ២៤០ អង្គ ដោយក្នុងមួយអង្គៗទទួលបានបច្ច័យ ៥ ម៉ឺនរៀលផងដែរ ៕ អត្ថបទសហការ








ចែករំលែកព័តមាននេះ