ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប៉េង ហួត គ្រុប រួមចំណែក​ជាមួយ​សប្បុរសជន​ក្នុង​ការ​បញ្ចប់​ការ​សាងសង់​អគារ​ស្នាក់​នៅ ១៨ បន្ទប់ សម្រាប់​កុមារា នៅ​មណ្ឌល​មែកឈើ​កំ​បូល

1 ខែ មុន

រាជធានីភ្នំពេញ ៖ ជាមួយនឹង​ការ​ចូលរួម​ពី​សប្បុរសជន និង​ដៃគូ​គាំទ្រ​ជា​ច្រើន ប៉េង ហួត គ្រុប បាន​រួមចំណែក​ឧបត្ថម្ភ​សម្ភារ​សំណង់​រួម​មាន ៖ ក្បឿង​ដំបូល ដែក ឥដ្ឋការ៉ូ និង​ស៊ីម៉ង់ត៍​ចំនួន ១០ តោន ដើម្បី​ជួយ​បង្ហើយការ​សាងសង់​អគារ​ស្នាក់​នៅ​សម្រាប់​កុមារ​ប្រុស នៅ​មណ្ឌល​មែកឈើ​កំ​បូល នៅ​ថ្ងៃ​ទី​ ០៥ ខែតុលា ឆ្នាំ​ ២០២៦ ​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​មណ្ឌល​មែកឈើ​កំ​បូល និង​តាម​រយៈ​ការ​អំពាវនាវ​របស់​លោក ផ​ន ផល្លា ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប៉េង ហួត គ្រុប បាន​ចូលរួម​ជាមួយ​សប្បុរសជន និង​ដៃគូ​គាំទ្រ​ជា​ច្រើន ក្នុង​ការ​គាំទ្រ​គម្រោង​សាងសង់​អគារ​ស្នាក់​នៅ​សម្រាប់​កុមារ​ប្រុស ដោយ​បាន​ឧបត្ថម្ភ​សម្ភារ​សំណង់​សំខាន់​ៗ ដើម្បី​ជួយ​បំពេញ និង​បង្ហើយការ​សាងសង់​ឱ្យ​បាន​រួចរាល់ ​។ អគារ​ស្នាក់​នៅ​កម្ពស់ ២ ជាន់​នេះ មាន​ទទឹង ៩ ម៉ែត្រ បណ្តោយ ៤៥ ម៉ែត្រ និង​មាន​ចំនួន​សរុប ១៨ បន្ទប់ ដែល​ត្រូវ​បាន​សាងសង់​ឡើង​តាម​រយៈ​ការ​ចូលរួម​ពី​សប្បុរសជន និង​អ្នកគាំទ្រ​ជា​ច្រើន ដើម្បី​ផ្តល់​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​សុវត្ថិភាព ផាសុកភាព និង​សមរម្យ​សម្រាប់​កុមារ​ប្រុស​ដែល​កំពុង​ស្នាក់​នៅ និង​ទទួល​ការ​ថែទាំ​ពី​មណ្ឌល ​។

ការ​ចូលរួម​លើក​នេះ ស្រប​តាម​ទិស​ដៅ​ទំនួល​ខុស​ត្រូវ​សង្គម (CSR) របស់ ប៉េង ហួត គ្រុប ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សង្គម និង​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ​កម្ពុជា ដោយ​ផ្តោត​លើ​វិស័យ​អប់រំ ការ​អភិវឌ្ឍ​សង្គម និង​ការ​លើកកម្ពស់​គុណភាព​ជីវិត​របស់​សហគមន៍ ​។

គួរ​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​៣​ហើយ ដែល ប៉េង ហួត គ្រុប បាន​គាំទ្រ​មណ្ឌល​មែកឈើ​កំ​បូល ​។ កាលពី​ពេល​កន្លង​មក ក្រុមហ៊ុន​បាន​ឧបត្ថម្ភ​អំណោយ និង​សម្ភារ​ចាំបាច់​ជា​ច្រើន ដើម្បី​រួមចំណែក​លើកកម្ពស់​សុខុមាលភាព និង​គាំទ្រ​ការ​រស់នៅ និង​ការ​សិក្សា​របស់​កុមារ​ ។ ការ​គាំទ្រ​ជា​បន្តបន្ទាប់​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ ប៉េង ហួត គ្រុប ក្នុង​ការ​រួមចំណែក​កសាង​អនាគត​ដ៏​ប្រសើរ​សម្រាប់​កុមារ និង​សហគមន៍​កម្ពុជា ស្រប​តាម​ទស្សនវិស័យ «​ធ្វើ​ឱ្យ​ជីវិត​លោក​អ្នក​កាន់តែ​មាន​ន័យ​» ​។

អំពី ប៉េង ហួត គ្រុប
ប៉េង ហួត គ្រុប គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​ប្តេជ្ញា​បង្កើត​គុណ​តម្លៃ​ជូន​អតិថិជន សហគមន៍ និង​សង្គម តាម​រយៈ​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​ប្រកបដោយ​គុណភាព និង​ការ​អនុវត្ត​ទំនួល​ខុស​ត្រូវ​សង្គម​ប្រកបដោយ​និរន្តរភាព ​៕ អត្ថបទសហការ