ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ទី​ ៥ ខែសីហា​នេះ ក្រសួង​ការងារ​ ផ្សាយ​ពី​ឱកាស​ការងារ​ដល់​ពលរដ្ឋ​និង​ពលករ​ជាង ១ ម៉ឺន​នាក់ ខណៈ​អ្នក​ទទួល​បានការ​ងារ​ភ្លាម​ជាង ២ ពាន់​នាក់

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃ​ទី ​៥ ខែសីហា ឆ្នាំ​ ២០២៥ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ស្តី​ពី​ឱកាស​ការងារ…

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃ​ទី ​៥ ខែសីហា ឆ្នាំ​ ២០២៥ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ស្តី​ពី​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ និង​ពលករ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ​បាន​ចំនួន​ជាង ១ ម៉ឺន​នាក់ ខណៈ​ដែល​អ្នកចូលរួម​ប្រមាណ​ជាង ២​ពាន់​នាក់​ទទួល​បានការ​ងារ​បឋម ​។ នេះ​គឺជា​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា ដែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី ​៥ ខែសីហា ឆ្នាំ ​២០២៥ ​នេះ ​។

លោក ស៊ុន មេ​សា បញ្ជាក់ ​៖ “​ក្នុង​ថ្ងៃ​ទី ​៥ ខែសីហា ឆ្នាំ​ ២០២៥ ដែល​ជា​ថ្ងៃ​ទី ​៤ នៃ​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​ស្តី​ពី​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជា​ពិសេស​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ថៃ​បាន​ទទួល​ដំណឹង​ពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ រួម​ទាំង​អត្ថប្រយោជន៍​ប​.​ស​.​ស​. ​។ ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​សូម​អបអរសាទរ​ដល់​បងប្អូន​ដែល​ទទួល​បាន​ឱ​ការ​ការងារ​ភ្លាម​ៗ​ជាង ២ ពាន់​នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី ​៥ ខែសីហា ឆ្នាំ ​២០២៥​ នេះ ទទួល​បាន​ឱកាស​ការងារ​ភ្លាម​តាម​រយៈ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ជំហាន​ទី​២​របស់​ក្រសួង​” ​។

បើ​តាម​អ្នកនាំពាក្យ​ដដែល ក្នុង​យុទ្ធនាការ​ថ្ងៃ​ទី ​៤​ នេះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ឃុំ​សង្កាត់​ចំនួន ៣៦ ក្នុង​ខេត្ត​នានា​នៅ​ទូ​ទាំង​ប្រទេស​ដោយ​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន ៣០ បាន​ចូលរួម ​។

សូម​រម្លឹក​ថា ក្នុង​គោលបំណង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ភ្លាម​ៗ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​យុទ្ធនា​ចុះ​ផ្សព្វផ្សាយ​ការ​ជំហាន​ទី ​២ ចាប់ពី​ថ្ងៃ​ទី​ ២ ដល់​ថ្ងៃ​ទី​ ១១ ខែសីហា ឆ្នាំ​ ២០២៥​ នៅ​តាម​ឃុំ​-​សង្កាត់​គោលដៅ​ចំនួន ៣០០ ក្នុង​ខេត្ត​ចំនួន ១៣ នៅ​ទូ​ទាំង​ប្រទេស ខណៈ​ដែល​ក្រសួង ក៏​គ្រោង​នឹង​រៀបចំ​ផែនការ​ជំហាន​ទី​៣ និង​ទី​ ៤ បន្ថែម​ទៀត ​៕ អត្ថបទសហការ