រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ នេះ បានអំពាវនាវសាជាថ្មីម្តងទៀតឱ្យបងប្អូនពលករដែលទើបត្រលប់មកពីថៃសូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា ។
បើតាមអ្នកនាំពាក្យដដែល កម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង ខណៈដែលជារៀងរាល់សប្តាហ៍កម្ពុជាមានលទ្ធភាពបង្កើតឱកាសការងារប្រមាណជាង ១ម៉ឺនកន្លែងសម្រាប់ពលរដ្ឋក្នុងស្រុករបស់ខ្លួនតាមរយៈកំណើនសេដ្ឋកិច្ច និងកំណើននៃការវិនិយោគ ។
លោក ស៊ុន មេសា បានឱ្យដឹងថា បើបូកសរុបទាំងឱកាសការងារដែលកំពុងមានស្រាប់នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារដែលនឹងបន្តមានជាបន្តបន្ទាប់តាមរយៈការវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជាមានឱកាសការងារសរុបជាង ៥៥ម៉ឺនកន្លែង ។
ដូចនេះ លោកអំពាវនាវឱ្យបងប្អូនពលករខ្មែរដែលទើបមកពីថៃ សូមស្វែងរកការងារនៅគ្រប់ខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ តាកែវ និងព្រះសីហនុជាដើម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ