ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ នាំ​យក​ឱកាស​ការងារ​ជាង ៧​ ពាន់​កន្លែង សម្រាប់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ក្នុង​ខេត្តសៀមរាប

2 ថ្ងៃ មុន

ខេត្តសៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​…

ខេត្តសៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​ ២០២៥ ​នេះ បាន​នាំ​យក​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​ទៅ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស បងប្អូន​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យ​ទទួល​បានការ​ងារ​ភ្លាម​ៗ​ពី​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ៤ ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជាង ៧​ពាន់​កន្លែង ​។

ការ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឡើង​ក្នុង​ពេល ឯកឧត្តម ហេង សួរ អម​ដោយ​ឯកឧត្តម ឌី រ៉ា​ដូ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​បើក​កម្មវិធី «​វេទិកា​ការងារ​» របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ឃុំ​ព្រៃ​ជ្រូក និង​ឃុំ​មុខ​ប៉ែន ក្នុងស្រុក​ពួក ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥​នេះ​ ។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា វេទិកា​នេះ មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​មក​ពី​បណ្តាល​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះ​មក​ផ្ទាល់​ដើម្បី​ធ្វើការ​សម្ភាស​ជ្រើសរើស​បុគ្គលិក​កម្មករ​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​ភា្ល​ម​ៗ ក្នុង​នោះ​មាន​រោងចក្រ​ផលិត​សម្លៀក​បំពាក់ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ជា​ច្រើន​ទៀត ​។

ជាមួយ​គ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បងប្អូន​ពលករ​ខ្មែរ ដែល​ទទួល​បានការ​ងារ​ធ្វើ​នៅ​ស្រុក​យើង នឹង​អាច​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី ២៥០​ដុល្លារ​ទៅ ៣០០​ដុល្លារ ហើយ​ប្រសិនបើ​បូក​រួម​ទាំង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​អាច​លើស​ពី ៣០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ លើស​ពី​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​បានការ​ងារ​ធ្វើ​នៅ​ស្រុក​ខ្មែរ នឹង​ទទួល​បានការ​គាំពារ​ចំពោះ​សុខុមាលភាព ទាំង​ពេល​ឈឺ និង​ពេល​គ្រោះថ្នាក់ ហើយ​ពេល​ចាស់​ទៅ​ក៏​នឹង​ទទួល​បាន​ប្រាក់​សោធន (​ប្រាក់​រ៉ឺ​ត្រែ​ត​) ពី ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថែម​ទៀត​ផង ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ នឹង​ទទួល​បាន​សេវា​ពិនិត្យ​ផ្ទៃពោះ មុន និង​ក្រោយ​សម្រាល​ដោយ​ឥត​គិតថ្លៃ​នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. ជាមួយនឹង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ចំនួន ១៤​លើក ដែល​ក្នុង​មួយ​លើក​ទទួល​បាន​ប្រាក់​ចំនួន ៨​ម៉ឺន​រៀល ពិសេស​ពេល​សម្រាលកូន​នឹង​ទទួល​បាន​សេវា​សម្រាល​ដោយ​ឥត​គិតថ្លៃ រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល​ចំនួន ៨០​ម៉ឺន​រៀល​សម្រាល​បានកូន​ម្នាក់ សម្រាល​បានកូន​ភ្លោះ​ពីរ​នាក់​ទទួល​បាន ១​លាន ២០​ម៉ឺន​រៀល និង​សម្រាល​បានកូន​ភ្លោះ​បី​នាក់​ទទួល​បាន​ចំនួន ១​លាន ៦០​ម៉ឺន​រៀល រួម​ទាំង​ប្រាក់​បំណាច់​មាតុភាព​ចំនួន ៩០​ថ្ងៃ ពី ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថែម​ទៀត​ផង​ ។

ក្នុង​វេទិកា​នោះ​ផង​ដែរ ឯកឧត្តម ហេង សួរ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​ពិ​សេ​សេ​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ ដែល​ចង់រក​ការងារ​ធ្វើ កុំ​ភ្លេច​ទាក់ទង​មក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​មាន​ដាក់​លេខ​ទូរស័ព្ទ​នៅ​ក្នុង​ខិត្តប័ណ្ណ​ដែល​ក្រុមការងារ​ក្រសួង​បាន​ចែក​ជូន ដើម្បី​ទទួល​បានការ​ងារ​ភ្លាម​ៗ និង​ធ្វើ​ឱ្យ​បងប្អូន​មាន​ប្រាក់​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព ​៕ អត្ថបទសហការ